វិធីសាស្រ្ត ៣ យ៉ាងជួយសហគ្រិនសម្រេចការងារបានរួចរាល់មិនខ្ជះខ្ជាយពេលវេលាច្រើន​



ក្នុងនាមជាសហគ្រិនម្នាក់ ការគ្រប់គ្រងអាជីវកម្មជារឿងមួយដែលស្មុគស្មាញនិងហត់នឿយណាស់ អ្នកត្រូវចំណាយពេលវេលា ចំណាយទាំងកំលាំងកាយចិត្ត។

លើសពីនេះបើអ្នកចង់បានការងារមួយដែលដើរតាមការចង់បានរបសអ្នក ទាល់តែអ្នកធ្វើការងារនោះផ្ទាល់ដៃ តែសួរថាអ្នកត្រូវចំណាយពេលប៉ុន្មាន ហើយយលំហូរការងារអ្នកនឹងយឺតយ៉ាវយ៉ាងណាទៅ? ដើម្បីទទួលបានអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុនរបស់អ្នកត្រូវការ អ្នកត្រូវតែផ្ទេរចំណេះដឹង មាននីតិវិធីក្នុងការណែនាំដើម្បីធ្វើសេចក្តីសម្រេចចិត្ត និងកាលវិភាគពីអ្នកទៅបុគ្គលិករបស់អ្នក។ ហើយខាងក្រោមនេះជាអ្វីដែលអ្នកត្រូវធ្វើ៖

១) កត់ត្រាដំណើរការការងារ 

នីតិវិធីសម្រាប់ការដំណើរការអាជីវកម្មនីមួយៗគឺខុសគ្នាតាមប្រភេទ។ បច្ចុប្បន្ន ដំណើរការអាជីវកម្មមួយដែលអាចតភ្ជាប់អ្នកទៅនឹងអតិថិជនបានល្អប្រសើរជាងគេគឺ ការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនតាមទូរស័ព្ទ និងបណ្តាញសង្គម។ ពេលខ្លះបុគ្គលិកអ្នកអាចនឹងខ្វះចំណេះដឹងដូចនេះអ្នកជាម្ចាស់អាជីវកម្មគួរធ្វើការងារមួយចំនួនដូចខាងក្រោមនេះ៖

ក) សរសេរពីការងារប្រចាំខែ ព៌ណនាពីការបំពេញការងារតាមភារកិច្ចឲ្យបានត្រឹមត្រូវ

ខ) បង្កើតបញ្ជីត្រួតពិនិត្យតាមលំដាប់ និងជំហាន ហើយសន្មត់ថាបុគ្គលិករបស់អ្នកពិតជាមានជំនាញតាមការងារនីមួយៗ តែអ្នកមិនត្រូវភ្លេចតាមដានការងាររបស់ពួកគាត់ឡើយ

គ) បង្កើតវីឌីអូបង្រៀនបុគ្គលិកតាមទូរស័ព្ទដៃពីការងារដែលត្រូវធ្វើ ពន្យល់ឲ្យបានច្បាស់លាស់ពីការងារនីមួយៗថាត្រូវធ្វើអ្វីខ្លះ ហើយហេតុអ្វីបានជាត្រូវធ្វើវា

នៅពេលក្រោយអ្នកត្រូវប្រគល់ការងារនោះឲ្យបុគ្គលិកធ្វើសាកល្បងពីអ្វីដែលអ្នកបានបង្រៀន ដើម្បីឲ្យគាត់ដើរតួជាអ្នកហើយបង្រៀនអ្នកថ្នាក់ក្រោមបន្ទាប់ពីគាត់។ ឲ្យគាត់ធ្វើវាជាការងារប្រចាំខែ ហើយរាយការណ៍ដល់អ្នកវិញ ពេលមានកំហុសអ្នកកែតម្រូវ និងបណ្តុះបណ្តាលគាត់បន្ថែម។

 

២) ឯកសារណែនាំពីការសម្រេចចិត្ត

ក្នុងនាមជាសហគ្រិនគ្រប់គ្រងអាជីវកម្មខ្នាតតូចអ្នកត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯងគ្រប់រឿង មិនថាតូចឬធំ ហើយបុគ្គលិកអ្នកនឹងសួរថា “តើខ្ញុំត្រូវធ្វើអ្វី ឬតើ Boss ចង់ឲ្យខ្ញុំធ្វើការងារអ្វី?”។ ពេលអ្នកត្រូវឆ្លើយសំណួរបែបនេះដដែលៗរាល់ថ្ងៃ ដោយមិនបានបញ្ជាក់ពីការងារជាក់លាក់ដល់បុគ្គលិក ធានាថាមិនយូរមិនឆាប់អ្នកអាចមានបញ្ហាសតិអារម្មណ៍ដោយសារគិតច្រើន មានសម្ពាធ និងធុញថប់មិនខាន។ ផ្ទុយទៅវិញអ្នកនឹងធ្វើឲ្យអាជីវកម្មរីកចម្រើន ក៏ដូចជាផ្តល់ឱកាសឲ្យបុគ្គលិករៀនសូត្រពីការងារបានកាន់តែច្រើនពេលអ្នកផ្តល់មួយផ្នែកនៃការសម្រេចចិត្តលើការងារប្រចាំថ្ងៃដល់បុគ្គលិក ឧទាហរណ៍អ្នកអនុញ្ញាតឲ្យពួកគេធ្វើការសម្រេចចិត្ត តែស្ថិតក្នុងការកំណត់មួយរបស់អង្គភាពដូចជា បុគ្គលិកត្រូវដឹងថា៖

ក) ការសម្រេចចិត្តនោះវាការពារដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ឬអង្គភាពយើងដែរឬទេ?

ខ) ការសម្រេចចិត្តនោះវាបានផ្តល់អត្ថប្រយោជន៍ដល់អតិថិជនដែរឬទេ?

គ) ការសម្រេចចិត្តវានឹងត្រូវចំណាយក្រោម ៥០០ ដុល្លារដែរឬទេ?

បើការសម្រេចចិត្តនោះស្ថិតក្នុងរង្វង់នៃនីតិវិធីដែលបានចង់ទុកអ្នកអាចសម្រេចចិត្តបាន តែបើវាលើសដែនកំណត់នេះអ្នកត្រូវសុំការអនុញ្ញាតឆ្លងជាមុនសិន។

 

៣) បង្កើតកាលវិភាគ

ដើម្បីឲ្យការងារអាចសម្រេចទៅបានល្អ ត្រូវតាមអ្វីដែលអ្នកចង់បាន អ្នកត្រូវធ្វើតាមជំហានចុងក្រោយនេះដោយការបង្កើតកាលវិភាគច្បាស់លាស់លើការងារ។ អ្នកមានបញ្ជីសម្រាប់ការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំជាដើមដើម្បីឲ្យតួនាទីការងារក្នុងក្រុមហ៊ុនដំណើរការបានដោយរលូនល្អ ពិសេសមិនសូវជាមានបញ្ហារាំងស្ទះការងារដោយសារភាពបន្ទាន់តក់ក្រហល់ជ្រុលពេក។ នៅពេលដែលមានការងារបន្ទាន់ ស្មុគស្មាញខ្លាំង ត្រូវមានការប្រជុំបន្ទាន់ដើម្បីដោះស្រាយ ឬពួកគេអាចទៅមើល checking list ឬវីឌីអូបង្រៀនការងារ។ 

 

នៅពេលដែលអ្នកដើរតាម ៣ ជំហាននេះរួចការងារអាជីវកម្ម និងការងាររបស់បុគ្គលិកនឹងបំពេញបានយ៉ាងល្អ ដោយឡែកការសម្រេចចិត្តក៏នឹងធ្វើឡើងបានត្រឹមត្រូវទាន់ពេលវេលា ហើយអ្នកជាសហគ្រិននឹងចូលរួមតិចតួចបំផុតក្នុងការសម្រេចចិត្តតូចៗនៃការងារប្រចាំថ្ងៃ ហើយអ្នកជាក្បាលម៉ាស៊ីនដែលចាំចេញប្រតិបត្តិការ ចេញយុទ្ធសាស្រ្តធំដើម្បីភាពជោគជ័យដ៏ធំមួយរបស់អ្នក៕

ដោយ៖ យ៉ាយ៉ា

 

X
5s