Oppo បង្អួតបច្ចេកវិទ្យាសាកថ្មលឿនដូចផ្លេកបន្ទោរ ៨៥% ប្រើពេលតែ ៧នាទីនៅ MWC 2016
អ្នកប្រហែលមិនធ្លាប់ឮច្រើនទាក់ទងនឹងក្រុមហ៊ុនផលិតទូរស័ព្ទចិន Oppo ប៉ុន្តែនៅអំឡុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុននេះបានសន្យាចំពោះមុខសាធារណជនថា នឹងនាំយកបច្ចេកវិទ្យាទំនើបអស្ចារ្យចំនួនពីរក្នុងឆ្នាំ២០១៦ នេះ។ នោះជាបច្ចេកវិទ្យាសាកថ្មរហ័សនៅលើទូរស័ព្ទស្មាតហ្វូន ដែលOppo អះអាងថា ប្រើរយៈពេលត្រឹមតែ ១៥នាទី នឹងអាចសាកថ្មកម្រិត 2500mAh ពេញ។
ចំណែកបច្ចេកវិទ្យាមួយទៀត គឺពាក់ព័ន្ធនឹងបច្ចេកវិទ្យាថតរូប ដែលក្រុមហ៊ុនអះអាងថា កំពុងស្រាវជ្រាវ និងអភិវឌ្ឍ។ វានឹងជួយដល់មុខងារ sensor សម្រាប់ទប់លំញ័រនៅពេលថតរូប ធ្វើការគុណភាពរូបថតច្បាស់ មិនងាយព្រាលដោយការញ័រដៃ។
នៅក្នុងព្រឹត្តិការណ៍ MWC 2016 នេះ ក្រុមហ៊ុនទូរស័ព្ទ Oppo បានបង្ហាញជូនសាធារណជននូវបច្ចេកវិទ្យាសាកថ្មល្បឿនលឿន ដោយធ្វើតេស្តនៅលើឧបករណ៍ដែលមានថាមពលថ្ម 2500mAh អាចសាកថ្មបាន ៨៥% ដោយប្រើពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។ ទម្រង់នេះត្រូវបានគេឱ្យឈ្មោះថា Super VOOC ដែលបច្ចុប្បន្នស្ថិតនៅជាគំរូបឋម (Prototype) កំពុងត្រូវបានស្រាវជ្រាវ និងអភិវឌ្ឍ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Qualcomm ក៏កំពុងស្រាវជ្រាវបច្ចេកវិទ្យាសាកថ្មចូលលឿន Quick Charge 3.0 ដើម្បីបំពាក់លើស្មាតហ្វូនស៊េរីក្រោយៗផងដែរ។ បច្ចេកវិទ្យាសាកថ្មនោះនឹង អាចសាកទូរស័ព្ទឡើងបាន ៨០% ដោយប្រើពេល ៣៥នាទី។ យ៉ាងណារយៈពេលនេះ គឺនៅតែយូរជាងបច្ចេកវិទ្យារបស់ Oppo ដែលបានអះអាងនៅឡើយ។
Oppo បាននិយាយថា ក្រុមហ៊ុននឹងប្រើ algorithm កម្លាំងតង់ស្យុងទាបសម្រាប់សាកថ្ម ដែលជាបច្ចេកវិទ្យា VOOC ហើយអាចថែទាំមិនឱ្យឆាប់ខូចថ្ម និងរក្សាសមត្ថភាពថ្មបានយូរអង្វែងថែមទៀត៕