​iPhone ​អេក្រង់ ៤អ៊ីញ​ថ្មី​របស់ Apple ​ទំនង​នឹង​ដក​ចោល​លេខ 5 ​គឺ​ប្រើ​ត្រឹម iPhone SE​​



តាម​ព័ត៌មាន​ខ្ចរខ្ចាយ​កន្លង​មក​ថា Apple ​នឹង​ប្រកាស​ចេញ iPhone ​អេក្រង់​តូច​ ៤អ៊ីញ​នៅ​ដើម​ខែ​មីនា​ក្រោយ​នេះ។ ចំណែក​សេចក្ដី​រាយការណ៍​ចុងក្រោយ​នេះ​ឱ្យ​ដឹង​ថា iPhone 5se ​ដែល​សាធារណជន​រំពឹង​នឹង​ជា​ឈ្មោះ​របស់ iPhone ​អេក្រង់ ៤អ៊ីញ​នេះ នឹង​ត្រូវ​ដក​លេខ៥ ចេញ ដោយ​ហៅ​ត្រឹម iPhone SE។ ​ប្រភព​ក្បែរ​គម្រោង​ផលិត iPhone ​បាន​ប្រាប់​លោក Mark Gurman ​នៅ​គេហទំព័រ 9to5Mac ​ថា Apple ​បាន​សម្រេច​ចិត្ត​ដក​លេខ៥ ពី​ឈ្មោះ iPhone ​ដោយ​បន្សល់​ទុក​ត្រឹម​ឈ្មោះ iPhone SE ​ប៉ុណ្ណោះ។ ជា​ការ​ពិត វា​អាច​ជា iPhone ​ដំបូង​ហើយ​ដែល​មិន​ប្រើ​លេខ​សម្គាល់​ឈ្មោះ បន្ទាប់​ពី iPhone ​ជំនាន់​ដំបូង​ប្រើ​លេខ​រៀង​រហូត​មក។ ​iPhone SE ​ត្រូវ​គេ​រំពឹង​ថា ​នឹង​ជំនួស iPhone 5S ​របស់ Apple។ ​ទូរស័ព្ទ​អេក្រង់ ៤អ៊ីញ​នេះ នឹង​បំពាក់​ដោយ​ឈីប A9 SoC ​អម​ដោយ​ឈីប M9 ​ហើយ​បំពាក់​កាមេរ៉ា​ក្រោយ 8MP, NFC ​សម្រាប់​មុខងារ Apple Pay, មុខងារ Live Photo ​ហើយ​បំពាក់ hardware ​ជំនាន់​ចុងក្រោយ​ដូច​ជា Wi-Fi, Bluetooth និង Cellular៕ ប្រែ​សម្រួល៖ រឹទ្ធិរាជ ប្រភព៖ techspot
X
5s