មិននឹកស្មានទូរស័ព្ទ Meizu Pro 5 នេះភ្ជាប់លក្ខណៈសម្បត្តិល្អស្ទើរគ្រប់ដប់ ហ៊ានប្រៀបជាមួយ iPhone 6S តែទាស់ ១ចំណុចប៉ុណ្ណោះ តើជាអ្វី?
ទូរស័ព្ទចិនបន្តចេញច្រើនស៊េរី វាយលុកទីផ្សារស្មាតហ្វូនខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយ។ រូបមន្តសំខាន់មួយដែលធ្វើឲ្យស្មាតហ្វូនចិនមានការគាំទ្រច្រើនមិនចាញ់ស្មាតហ្វូនអាមេរិក និងកូរ៉េនោះ គឺ ដោយសារវាត្រូវបានផលិតមានលក្ខណៈ សម្បត្តិខ្ពស់ និងល្មមប្រើ អមដោយតម្លៃសមរម្យ និងតម្លៃថោកៗ។ ងាកមកមើលស្មាតហ្វូនរបស់ក្រុមហ៊ុនចិន Meizu ម៉ូដេល Pro 5 នេះ គឺត្រូវបានឌីហ្សាញស្អាតទាន់សម័យ មិនចាញ់បណ្ដាស្មាតហ្វូនល្បីៗលើទីផ្សារបច្ចុប្បន្ននោះឡើយ ពិសេសវាមានរចនាបថស្រដៀង iPhone ដែរ។
បើទោះបីក្រុមហ៊ុនស្មាតហ្វូនដែលមានអាយុ ១៣ឆ្នាំនេះ ក្ដាប់ចំណែកទីផ្សារនៅតូចទាបជាង Xiaomi ក៏ពិតមែន ប៉ុន្តែ Meizu ហាក់មិនបង្អង់យូរ ក្នុងការអភិវឌ្ឍម៉ូដែលស្មាតហ្វូនថ្មីៗរបស់ខ្លួននោះទេ។ ហើយការរចនាទៀតសោត ក៏ស្រស់ស្អាត ប៉ុន្តែត្រូវសាធារណជនលើកឡើងថា ជាការចម្លងម៉ូតតាមiPhone ទៅវិញ។ ជាក់ស្ដែងម៉ូដែល Meizu Pro 5 នេះតែម្ដង។ Meizu Pro 5 មានតម្លៃ ៥០០ដុល្លារ (ទំហំ 64GB) និង ៤៥០ដុល្លារ (ទំហំ 32GB)។
គេបានប្រៀបធៀបរូបរាង និងលក្ខណៈ សម្បត្តិ Meizu Pro 5 នេះទៅនឹងទូរស័ព្ទ iPhone 6S របស់ Apple ឃើញថា ពិតជាអាចស៊ីគ្នាបាន ខុសទាស់តែចំណុចមួយប៉ុណ្ណោះ។ ចំណុចល្អនៅលើ Meizu Pro 5 គឺត្រូវបានឌីហ្សាញដោយផលិតពីលោហធាតស្អាត ផ្ដល់អារម្មណ៍ស្រួលកាន់ក្នុងដៃ អេក្រង់ភ្លឺច្បាស់ មុខងារស្កេនក្រយៅដៃ fingerprint ដំណើរការរហ័ស កម្រិតថាមពលថ្មខ្ពស់ និងមានសមត្ថភាពកាមេរ៉ាអស្ចារ្យ។
បើនិយាយពីចំណុចខ្សោយរបស់ Meizu Pro 5 វិញគឺវាដំណើរការដោយប្រព័ន្ធសូហ្វ៊ែរ Flyme OS ដែលមិនសូវជាមានលក្ខណៈទាក់ទាញ ដូចប្រព័ន្ធប្រតិបត្តិការ iOS 9 របស់ Apple ទេ។ សូហ្វ៊ែរនៅលើ Pro 5 គឺដោយមានការច្របាច់បញ្ចូលផ្អែកតាមប្រព័ន្ធរបស់ Google។
Meizu Pro 5 គឺជាស្មាតហ្វូនកំពូលដែលត្រូវបានបំពាក់មុខងារពិសេសៗ ប៉ុន្តែ Flyme OS ដែលបង្កើតដោយក្រុមហ៊ុន Meizu ផ្ទាល់ ហាក់នៅមានភាពទន់ខ្សោយនៅឡើយ។ សូមបញ្ជាក់ថា គេបានប្រៀបធៀបលក្ខណៈសម្បត្តិមួយចំនួនរវាង Meizu Pro 5 និង iPhone 6S គឺទៅលើសមត្ថភាពកាមេរ៉ា មុខងារស្កេនក្រយៅដៃ។ ជាលទ្ធផលឃើញថា Pro 5 មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹង iPhone 6S។ ប្រែសម្រួល៖ រឹទ្ធិរាជ ប្រភព៖ mashable