មានដំណឹងពី Windows 10 Mobile សម្រាប់ដំណើរការលើស្មាតហ្វូន នឹងចេញនៅចន្លោះថ្ងៃទី៧-១៣ ខែមីនានេះហើយ
ខណៈ ដែលកាលបរិច្ឆេទចេញប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile នៅជាអាថ៌កំបាំងនៅឡើយនោះ ចំណែកប្រភពព័ត៌មានពី softpedia ឱ្យដឹងមកថា ក្រុមហ៊ុន Microsoft នឹងធ្វើការប្រកាសចេញ Windows 10 សម្រាប់ដំណើរការលើស្មាតហ្វូន ជាផ្លូវការនៅចន្លោះថ្ងៃទី៧-១៣ ក្នុងខែមីនានេះ។
យោងតាមរបាយការណ៍ចុងក្រោយពីក្រុមហ៊ុន Vodafont នៅអ៊ីតាលីឱ្យដឹងថា Windows 10 Mobile ទំនងនឹងមានបំពាក់លើឧបករណ៍អេឡិចត្រូនិកចល័តចាប់ពីសប្ដាហ៍ក្រោយនេះហើយ។ Vadafone និយាយថា ដំណាក់កាលដំបូងមានតែ ផលិតផលប៉ុន្មានមុខប៉ុណ្ណោះដែលដើរដោយ Windows 10 Mobile ដែលក្នុងនោះរួមមាន៖ Lumia 1520 និង 930 ហើយក៏មានប្រើនៅលើ Lumia 830, 735, 635 និង 535 ដែរ។ ចំណែក Lumia 640 និង 640XL វិញត្រូវក្រុមហ៊ុន Microsoft បញ្ជាក់ថា នឹងអាចធ្វើបច្ចុប្បន្នភាពឡើងទៅ Windows 10 Mobile បានផងដែរ។
បន្ទាប់ពី Windows 10 Mobile ចេញឱ្យប្រើជាផ្លូវការហើយ ស្មាតហ្វូនស៊េរីមុនៗដែលប្រើ Windows Phone មួយចំនួន នឹងអាចអាប់ដេតឡើងទៅ Windows 10 Mobile បាន។ សូមបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការសម្រាប់ដំណើរការលើឧបករណ៍ចល័ត របស់ Microsoft ពោលគឺ Windows Phone បានក្ដាប់ចំណែកទីផ្សារច្រើនលំដាប់ទី៣ បន្ទាប់ពី Android និង iOS។ យ៉ាងណា សន្ទុះកើនឡើងនៃ Mobile OS នេះហាក់នៅមានកម្រិត ហើយអតិថិជនចាស់ខ្លះ បានផ្លាស់ប្ដូរទៅប្រើ Android និង iOS វិញ។ មូលហេតុគឺដោយសារ Windows Phone ពុំទាន់សំបូរកម្មវិធីច្រើនដូច Android និង iOS នៅឡើយ៕
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ softpedia