ទម្លាយការសម្ងាត់លើ Galaxy S7 គឺត្រូវ Samsung ផលិតដោយបំពាក់ sensor កាមេរ៉ាផ្សេងគ្នា
Galaxy S7 និង S7 edge ត្រូវបានប្រកាសចេញ សាធារណជនមានការសរសើរលើរូបរាង និងលក្ខណៈ សម្បត្តិពិសេសនៅលើទូរស័ព្ទទំនើបនេះ។ ពេលនេះ ក្រុមហ៊ុន Samsung បានដាក់ឱ្យបញ្ជាទិញហើយ។ យ៉ាងណា ថ្មីៗនេះ មានសេចក្ដីរាយការណ៍ថា ស្មាតហ្វូនទំនើបរបស់ Samsung នេះ ត្រូវបានផលិតដោយបំពាក់សមត្ថភាព hardware ខុសគ្នា ក្នុងនោះក៏មាន sensor កាមេរ៉ាខុសគ្នាដែរ ក្រៅពីខុសគ្នាលើឈីបអង្គប្រតិបត្តិហើយនោះ។
របាយការណ៍ពីគេហទំព័រ Android Authority ឱ្យដឹងថា ស្មាតហ្វូន Galaxy S7 ត្រូវបានក្រុមហ៊ុន Samsung ផលិតដោយបំពាក់ Sensor កាមេរ៉ាពីរផ្សេងគ្នា ក្នុងនោះដោយប្រើបច្ចេកវិទ្យា ISOCELL របស់ក្រុមហ៊ុន Samsung ផ្ទាល់ និងមួយទៀតប្រើបច្ចេកវិទ្យា IMX260 របស់ក្រុមហ៊ុន Sony។ យ៉ាងណា នៅពេលប្រកាសចេញស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Samsung មិនបានបញ្ជាក់នោះឡើយ ដោយគ្រាន់តែលើកឡើងថា ជា S7 ទាំងពីរ បំពាក់លក្ខណសម្បត្តិកាមេរ៉ាខ្ពស់ជាងមុន ទាំង resolution, pixel, sensor និង ទំហំ aperture។
យ៉ាងណា គេពុំមានអ្វីអាចកត់សម្គាល់ដឹងថា មួយណាបំពាក់ ISOCELL ឬ IMX260 បានឡើយ នៅពេលទៅទិញតាមហាងទូរស័ព្ទ លុះត្រាតែហាងលក់ទូរស័ព្ទព្រមឱ្យអតិថិជនធ្វើតេស្តដោយដំណើរការ AIDA64។
ជាទូទៅគេជឿថា សម្រាប់ S7 និង S7 edge ដែលលក់នៅទីផ្សារអាមេរិក នឹងបំពាក់ដោយអង្គប្រតិបត្តិ Snapdragon 820 SoC ហើយក៏អាចបំពាក់ស៊ែនស័រមិនមែនរបស់ Samsung គឺរបស់ Sony IMX260។ ចំណែកទីផ្សារក្រៅពីនេះ នឹងលក់ S7/S7 edge ប្រើឈីប Exynos និង ISOCELL sensor ដែលសុទ្ធតែជាសមិទ្ធផលរបស់ Samsung ផ្ទាល់។
ចុះតើរវាង sensor ទាំងពីរតើមួយណាល្អជាង? តាមគេហទំព័រ phonearena លើកឡើងថា ISOCELL របស់ Samsung អាចមានគុណភាពល្អដូចគ្នានឹង IMX260។ យ៉ាងណា វាអាចមានភាពខុសគ្នាបន្តិចបន្តួចដែរ៕