តិច​ទៀត​នឹង​មាន​ស្មាតហ្វូន​កោង​ទី៣ លើ​លោក បន្ទាប់​ពី S7 edge និង Vivo Xplay 5 គឺ Mi Note 2 របស់​ Xiaomi ទៀត!​



ស្មាតហ្វូន​អេក្រង់​កោង​បញ្ឆិត​នៅ​ចំហៀង​សងខាង​របស់ Samsung និង Vivo ​បាន​ចេញ​ជា​បន្តបន្ទាប់ ​និង​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់អារម្មណ៍​លើ​រូបរាង​ឌីហ្សាញ ក្រៅពី​បង្កប់​លក្ខណៈ សម្បត្តិ​ខ្ពស់ៗ​ហើយ​នោះ។ ម៉ូដែល Vivo Xplay 5 Elite គឺ​ជា​ស្មាតហ្វូន​បន្ទាប់​ដែល​ត្រូវ​បាន​ប្រកាស​អម​ដោយ​លក្ខណៈ​សម្បត្តិ​ខ្ពស់​មិន​ធម្មតា ក្នុង​នោះ​វា​មាន​ RAM ដល់​ទៅ 6GB។ ចំណែក​ពេល​នេះ​ទៀតសោត មាន​របាយការណ៍​មក​ថា ក្រុមហ៊ុន Xiaomi ក៏​មាន​បំណង​ផលិត​ស្មាតហ្វូន​អេក្រង់​កោង​ដូច​គ្នា​ដែរ គឺ​នៅ​លើ Mi Note 2។

Galaxy S7 edge

ក្រុមហ៊ុន​ទូរស័ព្ទ​ចិន Xiaomi នេះ បាន​បញ្ចេញ​លក់ Mi Note រយៈពេល​ប្រហែល ២ខែ​មក​ហើយ ហើយ​តាម​ទម្លាប់​ក្រុមហ៊ុន​អាច​នឹង​ផលិត​ស្មាតហ្វូន​ជំនាន់​ថ្មី​បន្ត​វេន​ពី Mi Note ទៀត គឺ Mi Note 2 នេះ​តែ​ម្ដង។ ស្មាតហ្វូន​មុន​រូបរាង​សាមញ្ញ ប៉ុន្តែ​ចំពោះ Mi Note 2 ត្រូវ​គេ​រាយការណ៍​ថា នឹង​ត្រូវ​ក្រុមហ៊ុន​ឌីហ្សាញ​ឱ្យ​មាន​អេក្រង់​កោង​តាម​គន្លង​របស់ S7 edge និង Xplay។

Vivo Xplay 5 Elite

ចំណែក​ក្រុមហ៊ុន​មួយ​ទៀត​ គេ​រំពឹង​ថា នឹង​ប្រឡូក​ចូល​ទីផ្សារ​ទូរស័ព្ទ​កោង​ដែរ​នោះ គឺ​ក្រុមហ៊ុន Huawei។ ស្មាតហ្វូន​របស់ Huawei ដែល​គេ​រំពឹង​នឹង​អាច​ត្រូវ​ផលិត​ក្រោម​រូបរាង​កោង​ដែរ​នោះ គឺ​ជំនាន់​ក្រោយ​នៃ​ស្មាតហ្វូន Mate S។ ម្យ៉ាងវិញទៀត ក៏​អាច​ជា Huawei P9 ដែល​ទើប​តែ​បែក​ធ្លាយ​ព័ត៌មាន​ចចាមអារ៉ាម​ថា នឹង​បង្ហាញ​ខ្លួន​នៅ​មិន​ដល់ ១ខែ​ទៀត​ទេ។ P9 ទើប​បែក​រូប​ ដោយ​ឃើញ​មាន​ភ្ជាប់​កាមេរ៉ា​ក្រោយ​ពីរ dual-camera៕ រង់ចាំ​មើល​ទាំងអស់​គ្នា​ថា តើ​ស្មាតហ្វូន​កោង​របស់​ក្រុមហ៊ុន​ដទៃ នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថីជន​កម្រិត​ណា? តើ​អាច​ដណ្ដើម​ប្រជាប្រិយភាព​ពី Galaxy កោង​របស់ Samsung ដែរ​ឬ​ទេ?
X
5s