ជិតដល់ថ្ងៃ Apple ប្រកាស iPhone SE តើមានផលិតផលប៉ុន្មានមុខទៀតនឹងបង្ហាញខ្លួនព្រមគ្នា?
ក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់ជាសាធារណៈហើយថា ក្រុមហ៊ុននឹងមានព្រឹត្តិការណ៍បង្ហាញសមិទ្ធផលថ្មីៗ ដែលក្នុងនោះគេរំពឹងថា នឹងមានវត្តមាន iPhone អេក្រង់ ៤អ៊ីញថ្មីគឺ iPhone SE។ យ៉ាងណា ក្រៅពីទូរស័ព្ទ iPhone ថ្មីនេះហើយ គេជឿថា Apple អាចនៅមានក្រុមផលិតផលថ្មីៗជាច្រើនទៀត ប្រហែល ៤ ទៅ ៥មុខ។
១) iPhone SE អេក្រង់ ៤អ៊ីញ
ព្រឹត្តិការណ៍ Apple នៅសប្ដាហ៍ក្រោយ នឹងមិនមែនជាវេទិកាទូរស័ព្ទអេក្រង់ធំនោះឡើយ ពោលជា iPhone ថ្មីអេក្រង់ ៤អ៊ីញដែលមានរបាយការណ៍ជាច្រើនកន្លងមក។ iPhone ថ្មីនឹងមានឈ្មោះ iPhone SE ជាជំនាន់ថ្មីទទួលបានការអភិវឌ្ឍបន្តពី iPhone 5S ហើយលក្ខណៈ សម្បត្តិរបស់វា ស្ទើរដូចទាំងស្រុងនឹង iPhone 6S គ្រាន់តែមានទំហំ RAM និងអេក្រង់តូចជាប៉ុណ្ណោះ។
iPhone SE នឹងបំពាក់ឈីប A9, មានកាមេរ៉ាមុខ 1.2MP, កាមេរ៉ាក្រោយ 8MP, មុខងារស្កេនក្រយៅដៃ Touch ID, បច្ចេកវិទ្យា NFC អាចប្រើជាមួយមុខងារ Apple Pay។ បើតាមគេហទំព័រ 9to5Mac ជឿថា iPhone អេក្រង់ ៤អ៊ីញថ្មីនេះ អាចមានតម្លៃប្រហែល ៤៥០ដុល្លារប៉ុណ្ណោះ។
២) iPad Pro ថ្មី អេក្រង់ ៩,៧អ៊ីញ
Apple បានចេញលក់ iPhone Pro អេក្រង់ ១២,៩អ៊ីញកាលពីឆ្នាំមុន អមដោយលក្ខណៈ សម្បត្តិខ្ពស់ និងមុខងារពិសេស ដែលអាចប្រើជាមួយប៊ិច Apple Pen និង Smart Keyboard។ ផ្អែកតាមគេហទំព័រ 9to5Mac ឱ្យដឹងថា iPad Pro គឺជាថេប្លេតស៊េរីក្រោយបន្តពីស៊េរី Air។ iPad Pro ក្រោយនេះ នឹងមានអេក្រង់តូចជាងមុនពោលគឺ ដូចទៅនឹងទំហំស៊េរី iPad Air ៩,៧អ៊ីញដែរ ប៉ុន្តែគ្រាន់តែវាគាំទ្រប៊ិច Apple Pen និង Smart Keyboard ដូចនៅលើ iPad Pro ១២,៩អ៊ីញ។
៣) ខ្សែដៃ Apple Watch ថ្មី
តាមសេចក្ដីរាយការណ៍របស់គេហទំព័រ TechCrunch ឱ្យដឹងថា ក្រុមហ៊ុននឹងមិនទាន់សម្ពោធនាឡិកា Apple Watch ថ្មីនៅឡើយទេ គឺគ្រាន់តែបញ្ចេញលក់ខ្សែនាឡិកាស៊េរីថ្មីប៉ុណ្ណោះ។ ខ្សែនាឡិកា នឹងមានជម្រើសពណ៌ថ្មីស្រស់ស្អាត។ ស្របគ្នានោះដែរ Apple ក៏អាចនឹងបញ្ចេញប្រព័ន្ធ WatchOS ថ្មី version 2.2 នៅក្នុងព្រឹត្តិការណ៍នោះផងដែរ។
ចំណែកនាឡិកា Apple Watch ជំនាន់ទី២ អាចនឹងត្រូវក្រុមហ៊ុនប្រកាសនៅអំឡុងខែកញ្ញា។ Apple Watch 2 នឹងនៅរក្សាមុខមូលដដែល គ្រាន់តែមានការអាប់ដេតថ្មីបន្ថែមលក្ខណៈសម្បត្តិដូចជា នឹងមានកាមេរ៉ា FaceTime ជាដើម។
៤) ប្រហែលមានកំណែបច្ចុប្បន្នភាពថ្មីលើ iOS
Apple ក៏នឹងត្រៀមកំណែបច្ចុប្បន្នភាពសូហ្វ៊ែរ iOS ជំនាន់ iOS 9.3 ពេញលក្ខណៈ ផងដែរ ប៉ុន្តែពុំមានមុខងារជាដុំកំភួនអ្វីឡើយ គ្រាន់តែអាប់ដេតលើមុខងារ TouchID។
៥) ហើយក៏អាចមានការនិយាយពាក់ព័ន្ធនឹងវិធីសាស្ត្រ encryption
អ្នកប្រហែលជាបានឮព័ត៌មានជុំវិញ រឿង Apple កំពុងប្រឈមមុខជាមួយរដ្ឋាភិបាលអាមេរិក ជុំវិញករណីតើគួរតែបំបែកចូលទូរស័ព្ទ encrypted iPhone គោលបំណងលាតត្រដាងទិន្នន័យ ដើម្បីបើក កកាយក្រុមភេរវករ។ ដូច្នេះព្រឹត្តិការណ៍របស់ Apple ខាងមុខ អាចនឹងត្រូវក្រុមហ៊ុនធ្វើការបកស្រាយជុំវិញវិធីសាស្ត្រ encryption ទិន្នន័យនេះ៕