Samsung ចំណាយថ្លៃដើមផលិត Galaxy S7 អត់តែ ២៥៥ដុល្លារ ដូច្នេះចំណេញមួយគ្រឿងជាង ៤០០ដុល្លារ
យោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវអាមេរិក IHS បានអះអាងថា ស្មាតហ្វូន Galaxy S7 របស់ Samsung ត្រូវក្រុមហ៊ុនចំណាយថ្លៃដើមអស់ត្រឹមតែ ២៥៥ដុល្លារប៉ុណ្ណោះដើម្បីផលិត ហើយនៅពេលដាក់លក់លើទីផ្សារតម្លៃប្រហែល ៦៧០ដុល្លារ។ នេះគឺមានន័យថា ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូងនេះ ចំណេញពី Galaxy S7 មួយគ្រឿងរហូតដល់ ៤១៥ដុល្លារអាមេរិក។
ក្រុមហ៊ុន IHS ឱ្យដឹងទៀតថា សមាសធាតុដែលមានតម្លៃជាងគេនៅលើ Galaxy S7 គឺជាបន្ទះឈីប Snapdragon 820 របស់ Qualcomm គឺ ៦២ដុល្លារ ហើយថ្លៃបន្ទាប់គឺជាកាមេរ៉ា 12MP តម្លៃ ១៣,៨ដុល្លារ។ ចំណែកផ្នែកដទៃរួមផ្សំគ្នាសរុបមានតម្លៃ ១៧៤,៣ដុល្លារ រួមមានដូចជា ស៊ុមអាលុយមីញ៉ូម, បន្ទះកញ្ចក់ដែលក្រាលនៅខាងខ្នង, អេក្រង់ Super AMOLED និងអង្គផ្ទុកទិន្នន័យ SSD៕