ធ្លាយចេញឯកសារ Spec របស់ iPhone SE អេក្រង់ ៤អ៊ីញ មុនថ្ងៃប្រកាសផ្លូវការដើមសប្ដាហ៍ក្រោយ
សល់តែ ២ថ្ងៃទៀតទេ ព្រឹត្តិការណ៍ប្រកាសចេញ iPhone ជំនាន់ថ្មីទំហំ ៤អ៊ីញនឹងត្រូវប្រារព្ធធ្វើឡើងដោយក្រុមហ៊ុន Apple។ ផ្អែកតាមគេហទំព័រចិន Weibo ឱ្យទម្លាយរូបមួយសន្លឹក ដែលជាឯកសារបញ្ជាក់លក្ខណសម្បត្តិរបស់ iPhone SE។ អ្វីដែលគេឃើញច្បាស់ជាងគេគឺ ទំហំ 16GB និងឈ្មោះរបស់ iPhone អេក្រង់ ៤អ៊ីញនេះ គឺ iPhone SE។
បើតាមរបាយការណ៍ជាច្រើនលើកឡើងជុំវិញលក្ខណសម្បត្តិ iPhone ទំហំតូចនេះថា នឹងមានអេក្រង់ ៤អ៊ីញ ដូច iPhone 5 និង 5S ដែរ ប៉ុន្តែត្រូវបានអភិវឌ្ឍឱ្យទំនើបជាង ដោយភ្ជាប់មុខងារមួយចំនួនដូចនៅលើ iPhone 6S។ iPhone SE ក៏នឹងមានមុខងារស្កេនក្រយៅដៃដូច iPhone 6S។ iPhone SE ក៏នឹងមានឈីប NFC គាំទ្រមុខងារបង់ប្រាក់ទិញទំនិញតាមទូរស័ព្ទដៃ Apple Pay ដែរ។ ប្រភពដដែលអះអាងថា iPhone SE នឹងមានតម្លៃថោកជាង iPhone អេក្រង់ធំ (៤,៧អ៊ីញ និង ៥,៥អ៊ីញ) បច្ចុប្បន្ន ប៉ុន្តែសមត្ថភាពមិនចាញ់គ្នាប៉ុន្មានទេ។
កន្លងទៅមានការបែកធ្លាយរូបពាក់ព័ន្ធ iPhone SE មួយសំណុំ មានទាំងប្រអប់ថែមទៀត ចេញពីគេហទំព័របណ្ដាទំនាក់ទំនងសង្គមចិន Weibo។ ក្រុមហ៊ុន Apple នឹងប្រកាសចេញ iPhone SE ក៏ដូចជាបណ្ដាផលិតផលផ្សេងទៀត នៅក្នុងព្រឹត្តិការណ៍ថ្ងៃទី២១ មីនាខាងស្អែកនេះហើយ។ iPad Pro អេក្រង់ ៩,៧អ៊ីញថ្មី ក៏ត្រូវគេអះអាងថា នឹងវែកមុខនៅទីនោះដែរ៕