​Microsoft បង្ហាញ​វីដេអូ​ស្ដីពី​របៀប​អាប់ដេត Version ​ពី Windows Phone 8.1 ឡើង​ទៅ Windows 10 Mobile​



ទើបតែ​ម្សិលមិញ​នេះ ក្រុមហ៊ុន Microsoft បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ថា នឹង​ចាប់ផ្ដើម​ដាក់​ចេញ​កំណែប្រែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី Windows 10 Mobile ដើម្បី​ឱ្យ​អតិថិជន​អាច​អាប់ដេត​ដោយ​ខ្លួន​ឯង​បាន។ ចំណែក​ពេល​នេះ ក្រុមហ៊ុន​សូហ្វ៊ែរ​ខ្នាត​យក្ស​នេះ បាន​បញ្ចេញ​វីដេអូ​អំពី​របៀប​ធ្វើ​បច្ចុប្បន្នភាព​លើ​ទូរស័ព្ទ Windows Phone 8.1 ឡើង​ទៅ Windows 10 Mobile យ៉ាង​ងាយស្រួល​តាម Settings ​ក្នុង​ទូរស័ព្ទ​ផ្ទាល់។ https://youtu.be/_OTW9qZR46E បណ្ដា​ទូរស័ព្ទ​ប្រើ Windows Phone OS ​សេរី​ចាស់ៗ ចាប់ពី​ពេល​នេះ នឹង​ទទួល​បាន​កញ្ចប់​បច្ចុប្បន្នភាព​សូហ្វ៊ែរ Windows 10 Mobile ជា​បណ្ដើរៗ នៅ​លើ Settings របស់​ទូរស័ព្ទ​ពួក​គេ​ផ្ទាល់។ ចំពោះ​អ្នក​មាន​ទូរស័ព្ទ Windows Phone 8.1 នឹង​អាច​ទាញ​យក (download) កញ្ចប់​អាប់ដេត Windows 10 ពី Windows Store បាន ប្រសិន​ទូរស័ព្ទ​របស់​អ្នក​អាច​ទទួល​យក​កំណែប្រែ​ថ្មី​នេះ។ ទោះជា​យ៉ាងណា កំណែ​ប្រែ​សូហ្វ៊ែរ​ថ្មី​នេះ មិន​មែន​សុទ្ធតែ​អាច​ដំណើរការ​បាន​ជាមួយ​គ្រប់​ម៉ូដែល​ស្មាតហ្វូន Windows 8.1 ឡើយ។ ក្រុមហ៊ុន Microsoft ឱ្យ​ដឹង​ថា ស្មាតហ្វូន​ដែល​អាច​អាប់ដេត​បាន​រួម​មាន៖ Lumia 1520, Lumia 1520, Lumia 930, Lumia 640, Lumia 640 XL, Lumia 730, Lumia 735, Lumia 830, Lumia 532, Lumia 535, Lumia 540, Lumia 635 1GB, Lumia 636 1GB, Lumia 638 1GB, Lumia 430, Lumia 435, BLU Win HD w510u, BLU Win HD LTE x150q, និង MCJ Madosma Q501។ ចំណែក Lumia 1020, Lumia 925 ឬ Lumia 630 គឺ​មិន​អាច​ធ្វើ​បច្ចុប្បន្នភាព​បាន​ឡើយ។ យ៉ាងណា គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ Apple នឹង​បន្ត​ផ្ដល់​កញ្ចប់​សូហ្វ៊ែរ​អាប់ដេត​ដល់​ម៉ូដែល​ផ្សេងៗ​ទៀត ឬ​យ៉ាងណា​នោះ​ទេ។ បញ្ជាក់៖ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ពី Windows Phone 8.1 ទៅ Windows 10 Mobile ​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​មាន​អ៊ីនធឺណិត​លឿន ដោយ​ភ្ជាប់​តាម Wi-Fi៕
X
5s