iPad Pro អេក្រង់ ៩,៧អ៊ីញថ្មីចេញផ្លូវការអមដោយប៊ិច Apple Pencil ក្ដារចុច Smart Keyboard និងគុណភាពអេក្រង់ល្អជាងមុន!
នៅអំឡុងព្រឹត្តិការណ៍យប់មិញនេះ Apple បានប្រកាសឱ្យដឹងជាសាធារណៈ ថា ខ្លួនជោគជ័យលើការលក់ថេប្លេត iPad អេក្រង់ ៩,៧អ៊ីញកន្លងមក ជាក់ស្ដែងក្រុមហ៊ុនអាចលក់ iPad តាំងពីជំនាន់ដំបូងមកទល់ពេលនេះ ដាច់បានជាង ២០០លានគ្រឿង និងមាន app សម្រាប់ប្រើនៅលើថេប្លេតនេះរហូតជាង ១លានកម្មវិធីហើយ។ ខណៈនោះ ក្រុមហ៊ុនក៏បានប្រកាសចេញ iPad Pro អេក្រង់ ៩,៧អ៊ីញថ្មីជាងផ្លូវការ ដែលភ្ជាប់មកជាមួយលក្ខណសម្បត្តិខ្ពស់ ពិសេសគឺមានប៊ិច Apple Pencil និង Smart Keyboard សម្រួលដល់ការប្រើប្រាស់របស់អតិថិជនផងដែរ។
iPad ជំនាន់ចុងក្រោយនេះ មានអេក្រង់ទំហំ ៩,៧អ៊ីញប្រភេទ retina display ដែលមានសមត្ថភាពជួយបន្ថយចំណាំងផ្លាតពន្លឺល្អជាងមុន ៤០% ហើយភ្លឺជាងមុន ២៥% បើប្រៀបធៀបនឹង iPad Air 2។ iPad Pro ថែមទាំងបំពាក់ដោយបច្ចេកវិទ្យាមួយចំនួនដែលមាននៅលើ iPad Pro អេក្រង់ ១២,៩អ៊ីញកាលពីឆ្នាំទៅ។ ជាក់ស្ដែង ថេប្លេតនេះអាចឱ្យអតិថិជនភ្ជាប់ប្រើជាមួយ Keyboard ឆ្លាតវៃ ងាយស្រួលវាយអក្សរ ម្យ៉ាងទៀតក៏មានប៊ិច Apple Pencil ងាយស្រួលសរសេរផងដែរ។
iPad Pro ៩,៧អ៊ីញនេះ ក៏គាំទ្រជាមួយមុខងារថ្មី Nightshift និងបច្ចេកវិទ្យា TrueTone ហើយក៏ត្រូវបានបំពាក់ ambient light sensor កាន់តែផ្ដល់ផាសុកភាពដល់ការសម្លឹងផ្ទៃអេក្រង់ដោយភ្នែករបស់អ្នកប្រើថែមទៀត។
កាមេរ៉ា iShight ទំហំ 12MP នៅលើ iPad Pro មានសមត្ថភាពអាចថតវីដេអូកម្រិត 4K ultra HD រីឯកាមេរ៉ាមុខវិញប្រភេទ FaceTime ទំហំ 5MP។ វាមានជម្រើសមេម៉ូរី ៣ទំហំផ្សេងគ្នាគឺ 64GB, 128GB និង 256GB។ វាថែមទាំងត្រូវបានបំពាក់ឧបករណ៍បំពងសម្លេងចំនួន៤ (quad speaker) ផ្ដល់សំឡេងឮច្បាស់ ហើយបំពាក់ដោយឈីប A9X សមត្ថភាពខ្ពស់ អមដោយក្រាហ្វិក 12 core បញ្ចូលជាមួយ M9 processor និងគាំទ្រមុខងារ “Hey Siri”។
iPad Pro មានតម្លៃខុសគ្នាទៅតាមទំហំមេម៉ូរីពោលគឺ iPad Pro ទំហំ 32GB តម្លៃ ៥៩៩ដុល្លារ/ ទំហំ 128GB ទំហំ ៧៤៩ដុល្លារ / ទំហំ 256GB តម្លៃ ៨៩៩ដុល្លារ៕