អតីតនាយកប្រតិបត្តិ និងជាអ្នកមានគុណធំរបស់ក្រុមហ៊ុន Intel លោក Andy Grove បានទទួលអនិច្ចកម្មនៅអាយុ ៧៩ឆ្នាំ
លោក Andy Grove ដែលជាអតីតនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intel Corp ពេលនេះ បានអនិច្ចកម្មនៅអាយុ ៧៩ឆ្នាំ ដោយសារជំងឺប៉ាគីនសុន ឬជំងឺញ័រ បណ្ដាលពីខូចកោសិកាប្រសាទ (Parkinson's Disease)។ លោក Andy Grove ធ្លាប់ជាបុគ្គលដឹកនាំនិងបានស្ដារស្ថានការណ៍ហិរញ្ញវត្ថុរបស់ ក្រុមហ៊ុនផលិតឈីប Intel ឱ្យបានប្រសើរឡើងវិញ អំឡុងទសវត្សរ៍ឆ្នាំ១៩៨០។
លោក Grove គឺជាបុគ្គលសំខាន់មួយ បានដឹកនាំការផលិតឈីបនៅ Intel ធ្វើឲ្យក្រុមហ៊ុនជោគជ័យខ្លាំងរហូតក្លាយជាក្រុមហ៊ុនផលិតឈីបខ្នាតធំបំផុតលើលោក អំឡុងលោកនៅមានអាយុ ៣៧ឆ្នាំ។ លោកទទួលមរណភាពដោយសាររោគាពាធ គឺជំងឺប៉ាគីនសុន។ លោកក៏មានជំងឺប្រចាំកាយមួយទៀតនោះគឺ ជំងឺមហារីកក្រពេញប្រូស្តាត ដែលបានពិនិត្យឃើញតាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៩០។
គាត់ជាអ្នកដឹកនាំដ៏ឆ្លាតវៃ និងមានសមត្ថភាពខ្ពស់មួយ ដោយមានទស្សនវិស័យវែងឆ្ងាយ បានធ្វើឲ្យ Intel ឈរឈ្មោះជាក្រុមហ៊ុនផលិតឈីបដឹកមុខគេលើពិភពលោក ពិសេសគឺបច្ចេកវិទ្យាជាមជ្ឈមណ្ឌលសំខាន់ នៅកុំព្យូទ័រ (personal computer) តែម្ដង។ លោកបានប្រែក្លាយ Intel ពីក្រុមហ៊ុនផលិតត្រឹមតែបន្ទះឈីបមេម៉ូរី ទៅជាក្រុមហ៊ុនផលិតអង្គប្រតិបត្តិ microprocessor នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីអភិវឌ្ឍវិទ្យាសាស្ត្រកុំព្យូទ័រ។
លោកថែមទាំងបានគុណលើ Intel ដោយជួយស្រាយវិបត្តិហិរញ្ញវត្ថុ និងបានប្រែក្លាយ Intel ជាក្រុមហ៊ុនអាចរកប្រាក់ចំណេញច្រើនបំផុតមួយ និងជាក្រុមហ៊ុនដើរតួនាទីសំខាន់ក្នុងវិស័យបច្ចេកវិទ្យាមួយ ក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត។
សូមបញ្ជាក់ថា ក្នុងនោះលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ក៏បានផ្ញើសារក្រៀមក្រំរបស់លោកចំពោះការលាចាកមិនត្រលប់វិញរបស់ Andy Grove ផងដែរ។ លោកលើកឡើងថា៖ «Andy Grove គឺ ជាផ្នែកសំខាន់មួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស លំដាប់ពិភពលោក។ គាត់ស្រលាញ់ប្រទេសយើង និងបានរួមចំណែកលើកស្ទួយអាមេរិក»៕