Apple ត្រូវ​គេ​រាយការណ៍​ថា កំពុង​សំងំ​អភិវឌ្ឍ​សេវាកម្ម​បង់​ប្រាក់​តាម​វែបសាយ​ ប្រកួត​ប្រជែង​នឹង PayPal!​



សេវាកម្ម​ទូទាត់​ប្រាក់ Apple Pay របស់​ក្រុមហ៊ុន Apple ​កំពុង​ត្រូវ​បាន​អភិវឌ្ឍ​សន្សឹមៗ ដោយ​ពង្រីក​ដែន​ប្រើប្រាស់​នៅ​លើ​កម្មវិធី iOS។ ចំណែក​ពេល​ថ្មីៗ​នេះ មាន​សេចក្ដី​រាយការណ៍​ថា ក្រុមហ៊ុន​នឹង​បន្ត​បំបែក​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ខ្លួន​នេះ ទៅ​ជា​សេវាកម្ម​ទូទាត់ប្រាក់​តាម​បណ្ដាញ​វែបសាយ​ (mobile web payment) ថែមទៀត ដើម្បី​ប្រកួតប្រជែង​ជាមួយ​សេវាកម្ម​របស់ PayPal។ យោង​តាម​គេហទំព័រ Re/code ​ឱ្យ​ដឹង​ថា សេវាកម្ម​បង់​ប្រាក់​របស់ Apple នឹង​ត្រូវ​ពង្រីក​ដែន​ប្រើប្រាស់​តាម​វែបសាយ​នៅ​ចុង​ឆ្នាំ ២០១៦ នេះ។ តាមរយៈ សេវាកម្ម​ថ្មី​នេះ នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើ ក្នុង​ការ​ទិញ​ផលិតផល ​និង​សេវាកម្ម តាម​វិធី​ដ៏​សាមញ្ញ​គ្រាន់តែ​ចុច​លើ TouchID ​តែ​ប៉ុណ្ណោះ ងាយស្រួល​ជាង​ការ​បញ្ចូល​ព័ត៌មាន​របស់​កាត​ឥណទាន។ ក្រុមហ៊ុន Apple ​កំពុង​ធ្វើការ​សម្រេច​ចិត្ត​ពង្រីក​សេវាកម្ម​ទូទាត់​ប្រាក់​ថ្មី​នេះ ដើម្បី​ប្រើប្រាស់​បាន​នៅ​លើ​កុំព្យូទ័រ MacBook និង iMac ​របស់​ខ្លួន​ទោះបី ឧបករណ៍​ទាំង​នេះ ពុំ​មាន​មុខងារ TouchID ក៏​ដោយ ក្រៅពី​អាច​ប្រើ​ជាមួយ iPhone និង iPad ហើយ​នោះ។ ​ ប្រសិន Apple Pay អាច​ឱ្យ​ម្ចាស់ iPhone ធ្វើការ​បង់ប្រាក់​ទិញ​ទំនិញ​ដោយ​ប្រើ TouchID ​បាន​មែន​នោះ​សេវាកម្ម​នេះ នឹង​អាច​ប្រកួតប្រជែង​ជាមួយ PayPal ទៅ​ថ្ងៃ​មុខ ដែល​ជា​សេវាកម្ម​ទូទាត់​ថ្លៃ​ទំនិញ​ទិញ​លក់​នៅ​តាម​ហាង​អនឡាញ។ ជា​ការ​ពិត​ណាស់ បើ​តាម​របាយការណ៍​ខាង​លើ​បញ្ជាក់​ថា បើទោះបី Apple អាច​អភិវឌ្ឍ​សេវាកម្ម​ទូទាត់​ប្រាក់​តាម​វែបសាយ​មែន ក៏​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​ក្នុង​ការ​ប្រើប្រាស់​ដូច PayPal នៅ​ឡើយ ព្រោះ​អាច​ប្រើ​បាន​តែ​ជាមួយ​ឧបករណ៍ iDevice ឬ​ផលិតផល​របស់ Apple ប៉ុណ្ណោះ៕
X
5s