CEO របស់ LG ចំអកដល់ iPhone SE ថាជាទូរស័ព្ទប្រើ «បច្ចេកវិទ្យា និងមុខងារចាស់ដដែលៗ»
ដើមសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានប្រកាសចេញទូរស័ព្ទ iPhone SE ដែលជាទាយាទថ្មីបន្តពី iPhone 5s ដោយមានល្បឿនលឿនជាងមុន កាមេរ៉ាច្បាស់ជាងមុន និងមានតម្លៃធូរថ្លៃ ប្រៀបធៀបនឹង iPhone 6S/6S Plus។ នេះជាយុទ្ធសាស្ត្រថ្មីរបស់ Apple សម្រាប់ទាក់ទាញអតិថិជនដែលចង់ប្រើ iPhone ត្រឹមតម្លៃថោក ដែលតម្លៃចាប់ពី ៤០០ដុល្លារប៉ុណ្ណោះ។ ចំណែកពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន LG លោក Cho Ju-No បានមានមតិទៅលើ iPhone អេក្រង់ ៤អ៊ីញថ្មីនេះ ហាក់ដូចជាចំអកឱ្យ Apple ដែលចេញទូរស័ព្ទគ្មានបច្ចេកវិទ្យា និងមុខងារអ្វីថ្មីសោះ គឺដដែលៗ។
លោក Cho Ju-No នាយកប្រតិបត្តិរបស់ LG បានបញ្ចេញមតិជុំវិញទូរស័ព្ទ iPhone ថ្មីអេក្រង់ ៤អ៊ីញនេះថា៖ «គ្រាន់តែជាការបង្ហាញផលិតផលដដែលៗ បច្ចេកវិទ្យា និងមុខងារចាស់ប៉ុណ្ណោះ ពុំមែនជាយុទ្ធសាស្ត្ររបស់ LG នោះទេ»។
សូមបញ្ជាក់ថា ក្រុមហ៊ុន LG ក៏ទើបបានសម្ពោធស្មាតហ្វូនថ្មីម៉ូដែល LG G5 បង្កប់ដោយបច្ចេកវិទ្យា និងមុខងារថ្មីៗ។ G5 អាចចាត់ចូលជាកំពូលស្មាតហ្វូនថ្មី ត្រូវបានផលិតយ៉ាងពិសេស ប្រកបដោយភាពច្នៃប្រឌិតបំផុត។ វាត្រូវបានឌីហ្សាញជាប្រភេទស្មាតហ្វូនដែលអាចដកដាច់ និងផ្គុំជាមួយឧបករណ៍បន្សំផ្សេងៗដូចជា LG Cam Plus និង LG Hi-Fi Plus ជាមួយ B&O Play ជាដើម។
បើមើលលើទីផ្សារស្មាតហ្វូនសព្វថ្ងៃ ទូរស័ព្ទទំនើបដែលបង្កប់ដោយភាពច្នៃប្រឌិតខ្ពស់ សមត្ថភាពខ្ពស់ និងមានប្រជាប្រិយភាពខ្លាំងគឺមានតែប៉ុន្មានម៉ូដែលប៉ុណ្ណោះដូចជា ស៊េរី Galaxy S7/S7 edge, LG G5 ក៏ដូចជា iPhone 6S/6S Plus៕