​​អាមេរិក​​កំពុង​បារម្ភ​​ថា​សាច់ប្រាក់​ជនជាតិ​អាមេរិក​កំពុង​​ហូរចូល​​ហោប៉ៅ​ ISIS ​និង​អ៊ីរ៉ង់​​



ធនាគារ​កណ្ដាល​អាមេរិក​​កំពុង​បារម្ភ​ថា​ ​រូបិយប័ណ្ណ​អាមេរិក​កំពុង​ធ្លាក់​ក្នុង​​ដៃ​​របស់​ក្រុម​ឥស្លាម​ជ្រុលនិយម ISIS ​​និង​​ទីក្រុង​​តេហេរ៉ង់។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ The Wall Street Journal។ ​​ការ​ដឹក​សាច់​ប្រាក់​ដុល្លារ​​ទៅ​កាន់​ប្រទេស​អ៊ីរ៉ាក់​​ បាន​​កើន​​ឡើង​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បើ​ទោះ​បី​​ជា​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​​ថមថយ​ក៏​ដោយ​ ខណៈ​មន្ត្រី​អាមេរិក​​បាន​បារម្ភ​ថា​​ ​កន្លែង​ប្ដូរ​ប្រាក់​​មួយ​ចំនួន​បាន​ទិញ​​ប្រាក់​ដុល្លារ​​យក​ទៅ​ផ្គត់ផ្គង់​ឱ្យ​ក្រុម​ ISIS និង​រដ្ឋាភិបាល​ដែល​​ត្រូវ​បាន​​ដាក់​​ទណ្ឌកម្ម​គឺ​​អ៊ីរ៉ង់។ ​​អ្នក​ជំនាញ​សេដ្ឋកិច្ច​បី​នាក់​គឺ​លោក​ Emily Glazer, Nour Malas និង​ Jon Hilsenrath ​បាន​ពិពណ៌នា ​និង​ពន្យល់​​​ថា ៖«​ធនាគារ​កណ្ដាល​​បរទេស​​​មាន​លុយ​ដុល្លារ​ក្នុង​ដៃ​​ ​ ហើយ​ពួក​គេ​​អាច​​​សុំ​ឱ្យ​ធនាគារ​កណ្ដាល​អាមេរិក​​ចែក​ចាយ​​រូបិយប័ណ្ណ​នោះ»។ ​អ្នក​ទាំង​បី​បាន​សរសេរ​បន្ថែម​ទៀត​ថា​ ៖«ក្រដាស​ប្រាក់​ ១០០​ដុល្លារ​ថ្មី​ៗ​ជា​ច្រើន​​បាន​ហូរ​ចូល​ទីក្រុង​​បាក់ដាដ​​ បន្ទាប់​ពី​ចេញ​ពី​​កន្លែង​បោះពុម្ព​នៅ​ East Rutherford​ របស់​ធនាគារ​កណ្ដាល​អាមេរិក។ នៅ​ទីក្រុង​បាក់ដាដ​​ ​ ​ក្រដាស​ប្រាក់​​ទាំង​នោះ​ត្រូវ​បាន​​បញ្ជូន​​ទៅ​កាន់​ធនាគារ​កណ្ដាល​​របស់​អ៊ីរ៉ាក់​ ជា​ទីកន្លែង​ដែល​​ក្រុមហ៊ុន​​របស់​អ៊ីរ៉ាក់​ដូរ​​លុយ​​ដុល្លារ​យក​រូបិយប័ណ្ណ​ក្នុង​ស្រុក​គឺ​​ប្រាក់​ Dinars»។ ​​​​​​​​​​ ​​​​ ​​យោង​តាម​ប្រភព​ដដែល​ ​ការ​ដឹក​សាច់​ប្រាក់​ដុល្លារ​មាន​ទំហំ​ប្រមាណ​ ៣,៨៥​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​២០១២​ ​កើន​ដល់​ ១៣,៦៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៤។ ​ ​កាល​ពី​ឆ្នាំ ២០១៤​ ​ក្រុម​ ISIS ​បាន​លួច​លុយ​​ប្រមាណ​ ១០០​លាន​ដុល្លារ​ពី​ហឹប​​របស់​ធនាគារ​កណ្ដាល​អ៊ីរ៉ាក់​ នៅ​ Mosul ​ជា​​ទី​ក្រុង​មួយ​ដែល​ ISIS កំពុង​​កាន់កាប់​សព្វថ្ងៃ៕ ដោយ៖ រតនៈ​វិភូ​ ប្រភព៖ Business Insider