ការនាំចេញដំឡូងមីរបស់កម្ពុជា កើនឡើង៣៤ភាគរយ នៅឆ្នាំ២០១៥
ការនាំចេញដំឡូងមីរបស់កម្ពុជា បានកើនឡើងប្រមាណ៣៤ភាគរយនៅឆ្នាំ២០១៥ ដែលមានចំនួននាំចេញសរុបប្រមាណ ៣៩០ ៥៩៩តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃសុក្រនេះ។
ដំឡូងមីស្ងួត ក្នុងមួយតោនគឺមានតម្លៃ ១៦៥ដុល្លារ ដែលតម្លៃនេះ គឺកើនឡើង១៦ភាគរយបើធៀបនឹងឆ្នាំ២០១៤កន្លងទៅ។ ចំពោះទីផ្សារធំរបស់កម្ពុជា ក្នុងការនាំចេញទៅក្រៅប្រទេស រួមមានប្រទេសថៃ វៀតណាម កូរ៉េខាងត្បូង និង ចិន។
សូមបញ្ជាក់ថា ផ្ទៃដីដាំដំឡូងមីរបស់កម្ពុជា មានចំនួនជាង ៤២០ ០០០ហិកតារ ហើយដំណាំប្រភេទនេះ គឺកសិករចាប់ផ្ដើមបង្កបង្កើនផលនៅក្នុងខែ មិនា និង មេសា ហើយការប្រមូលផលគឺផ្ដើមឡើងនៅវិច្ឆិកា ដល់ខែ កុម្ភៈ៕
ដោយ៖ អ៊ុន ភក្តី