​មុន​ពេល​ហាមាត់​​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​ឲ្យ​ច្បាស់​លើ​៣​ចំណុច​នេះ​សិន​​!​



មនុស្ស​ភាគច្រើន​តែង​រិះគន់​គន់​គ្នា​ទៅវិញ​ទៅមក ​​​លើ​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​។ ​ការរិះគន់​​ ​គឺ​ពិត​ជា​សំខាន់​​ដើម្បី​អាច​កែប្រែ​នូវ​អ្វី​ដែល​មិន​ល្អ ​ព្រោះ​មនុស្ស​​មិន​ងាយ​នឹង​មើល​ឃើញ​ពី​ចំណុច​អសកម្ម​របស់​ខ្លួន​ឡើយ ​ដូច្នេះ​ហើយ​ត្រូវ​មាន​អ្នកដទៃ​ដើម្បី​ជា​កញ្ចក់​ឆ្លុះ​។ ​

ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ការ​រិះគន់​ក៏​ផ្តល់​នូវ​ផល​វិបាក​ច្រើន​ផង​ដែរ ​ជា​ពិសេស​ការ​រិះគន់​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ពោល​គឺ​ការ​​រិះគន់​គ្រាន់តែ​ដើម្បី​រិះគន់ ​ដែល​រក​ប្រយោជន៍​មក​បាន​ ​ហើយ​បង្ក​បញ្ហា​ថែម​ទៀត​។ ​ដូច្នេះ​ហើយ ​មុន​ពេល​​និយាយ​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​គិត​លើ​៣​ចំណុច​សំខាន់ៗ​នេះ​សិន​៖​​​​​​

១) ​​ឈរ​លើ​គោលការណ៍​ ​«​រិះគន់​ដើម្បី​ស្ថាបនា​»៖ ​​​មនុស្ស​ភាគច្រើន ​ចូលចិត្ត​រិះគន់​អ្នកដទៃ​ ​ដោយ​ធ្វើ​ឡើង​​ក្នុង​ន័យ​ជាន់ពន្លិច​តែម្តង ​​ដែល​ជា​ហេតុ​នាំ​ឲ្យ​ភាគី​ម្ខាង​ទៀត​​​មិន​អាច​ទ្រាំ​បាន​ ​ហើយ​ក៏​កើត​ជា​ជម្លោះ​ផ្សេងៗ​។ ​ការ​រិះគន់​ដើម្បី​ ​ជាន់ពន្លិច​​​គឺ​ជា​វប្បធម៌​អាក្រក់​មួយ ​ដែល​គួរ​លប់​បំបាត់​ជា​បន្ទាន់​ ​​ព្រោះ​ថា​​ ​វា​មិន​បាន​ផ្តល់​ប្រយោជន៍​អ្វី​សោះឡើយ​ ​ក្រៅ​ពី​បង្ក​ជា​បញ្ហា​​កើត​ឡើង​។ ​ដូច្នេះ​ហើយ ​មុន​នឹង​រិះគន់​នរណា​ម្នាក់ ​អ្នក​ត្រូវ​ប្រាកដ​ថា ​វា​ជា​ការ​រិះគន់​ដើម្បី​ស្ថាបនា​ ​​​ដើម្បី​អាច​កែប្រែ​ពី​អាក្រក់​មក​ល្អ​។

​២) ​យល់​ឲ្យ​ច្បាស់​ពី​សាច់រឿង​សិន​៖ ​​មុន​ពេល​និយាយ​រិះគន់​អ្នកដទៃ ​គឺ​ត្រូវ​ប្រាកដ​ថា ​​អ្នក​បាន​ដឹង​ ​និង ទទួល​បាន​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​អស់​ហើយ ​ដោយ​ដឹង​ច្បាស់ជា ​នរណា​ត្រូវ​នរណា​ខុស​ ​ហើយ​ខុស​ដោយសារ​មូលហេតុ​អ្វី​។ ​​មនុស្ស​​មួយ​ចំនួន ​​មិន​ទាន់​ដឹង​អ្វី​ផង ​ក៏​ចាប់ផ្តើម​ស្តី​ឲ្យ​គេ​ចុះឡើង​​ ​ធ្វើ​ដូច​ខ្លួន​​មាន​ជំនាញ​ខ្លាំង​ណាស់​ ​ប៉ុន្តែ​តាម​ការ​ពិត​មិន​ដឹង​អ្វី​ទាល់តែ​សោះ​ ​ដូច្នេះ​ហើយ​មិន​ត្រឹម​តែ​រិះគន់​​ដោយ​គ្មាន​ប្រសិទ្ធភាព​ទេ ​តែ​ថែម​ទាំង​ត្រូវ​បាន​គេ​សើច​ចំអក​វិញ​ទៀត​។ ​

៣) ​ត្រូវ​ចាំ​ថា ​អ្នក​ក៏​ធ្លាប់​ខុស​ដែរ​៖ ​នរណា​ក៏​ធ្លាប់​ខុស​ដែរ ​​សូម្បី​តែ​ខ្លួន​អ្នក​ផ្ទាល់​។ ដូច្នេះ​ហើយ ​សូម​កុំ​រិះគន់​អ្នកដទៃ​ខ្លាំង​ហួសហេតុ​ពេក​ ​ខណៈ​ខ្លួនឯង​ផ្ទាល់​សាង​កំហុស​ ​និង បញ្ហា​រាប់​មិន​អស់​ដូច​គ្នា​ដែរ​។ ​វា​ជា​រឿង​ដ៏​គួរ​ឲ្យ​អៀនខ្មាស​មួយ ​នៅ​ពេល​ដែល​អ្នក​ធ្វើ​បែបនេះ​ ​ព្រោះ​គ្មាន​នរណា​ស្តាប់​អ្នក​ឡើយ ប្រសិនបើ​គេ​ដឹង​ច្បាស់​ពី​អ្នក​។ ដូច្នេះ​ហើយ​ត្រូវ​ធ្វើ​ខ្លួន​ឲ្យ​ល្អ​ជាង​គេ​សិន ​មុន​ពេល​រិះគន់​។

​ដោយ៖ ​អ៊ុន ​ភក្តី​

X
5s