​វៀតណាម​ជា​ទីផ្សារ​សំខាន់​​​សម្រាប់​រថយន្ត​ធុនធំ​​របស់​ចិន​​



​​រថយន្ត​របស់​ក្រុមហ៊ុន​ចិន​ ថៃ​ និង​កូរ៉េខាងត្បូង​​កំពុង​តែនាំ​មុខ​គេ​នៅ​ក្នុង​ទីផ្សារ​របស់​ប្រទេស​វៀតណាម​ដោយ​សារ​តែ​តម្លៃ​ធូរ​ថ្លៃ​​ជា​ពិសេស​រថយន្ត​របស់​ក្រុមហ៊ុន​ចិន​តែ​ម្ដង។ កត្តា​ធូរ​ថ្លៃ​ គឺ​ដោយ​សារ​តែ​ពន្ធ​នាំ​ចូល​ទាប។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ចិន​ Xinhua។ ​​​​តាម​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ​ពន្ធ​នាំ​ចូល​ទៅ​លើ​រថយន្ត​​ធុនធំ​ប្រភេទ​ trailers និង​ semi-trailers ​គឺ​គ្មាន​តែ​ម្ដង​ ដូច្នេះ​បាន​ជា​រថយន្ត​ធុន​ធំ​របស់​ក្រុមហ៊ុន​ចិន​វាយ​លុយ​ទីផ្សារ​វៀតណាម​បាន​ច្រើន។ ​រថយន្ត​ធុន​ធំ​​ថ្មី​ គឺ​​តម្លៃ​​លក់​ជាង​ ៤៤០០០​ដុល្លារ​អាមេរិក​ ចំណែក​រថយន្ត​មួយ​ទឹក​ គឺ​តម្លៃ​​ជាង​ ៣៥០០០​ដុល្លារ។ ​តាម​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ឆ្នាំ​ទៅ​មុន​ ​វៀតណាម​នាំ​ចូល​រថយន្ត​ដឹក​ទំនិញ​ធុនធំ​​​ប្រភេទ​ trailers ​ប្រមាណ​ ​២០ ០០០​គ្រឿង​ក្នុង​នោះ​ជាង​ ១២ ០០០​​គ្រឿង​​​នាំ​ចូល​ពី​ប្រទេស​ចិន។ ​ដោយ​ឡែក​​ នៅ​ត្រីមាស​ទី​១​ ឆ្នាំ​នេះ​ រថយន្ត​ដឹក​ទំនិញ​ធុនធំ​របស់​ថៃ​នាំ មុខ​ក្រុមហ៊ុន​ចិន​ និង​កូរ៉េខាងត្បូង​​ជា​លើក​ដំបូង​ ពោល​គឺ​នាំ​ចូល​វៀតណាម​ប្រមាណ​ ៧៨០០​គ្រឿង។ សូម​បញ្ជាក់​ថា​ ​តាម​រយៈ​កិច្ច​ព្រមព្រៀង​​​អាស៊ាន​ ​ប្រទេស​​ប្រ៊ុយណេ​ ​​ឥណ្ឌូណេស៊ី​ ​ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ និង​ថៃ​ បាន​សម្រេច​ចិត្ត​លុប​ពន្ធ​​គយ​ក្នុង​តំបន់​ (intra-ASEAN) ក្នុង​កម្រិត​ ៩៩,៦៥%​​​នៃ​​បញ្ជី​ផលិតផល​​ដែល​បាន​កំណត់​ ខណៈ​​ប្រទេស​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ និង​វៀតណាម​​ បាន​បន្ថយ​ពន្ធ​​គយ​​​ឱ្យ​នៅ​សល់​ ០-៥% ​ក្នុង​កម្រិត​​ ​៩៨,៨៦%​នៃ​បញ្ជី​ផលិតផល​ដែល​បាន​កំណត់៕ ដោយ៖ រតនៈវិភូ​​​​