កម្ដៅចេះតែកើនឡើង ខណៈឥណ្ឌូណេស៊ី គ្រោងបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់សមុទ្រចិនខាងត្បូង
ឥណ្ឌូណេស៊ី ប្រកាសបញ្ជូនយន្តហោះចម្បាំង F-16 ទៅកាន់កោះណាតូណា (Natuna) ដែលស្ថិតនៅសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់រាល់ការគំរាមកំហែងផ្សេងៗ ស្របពេលដែលចិនកំពុងពង្រឹងយោធារបស់ខ្លួនយ៉ាងខ្លាំងនៅតំបន់ជម្លោះ។
ការប្រកាសបញ្ជូនយន្តហោះចម្បាំងទៅកាន់តំបន់កោះនៅសមុទ្រចិនខាងត្បូងនេះ គឺធ្វើឡើងបានពីរសប្ដាហ៍បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង នាវាល្បាតរបស់ប្រទេសឥណ្ឌូណេស៊ី និង ចិននាពេលកន្លងទៅ។
លោក Ryamizard Ryacudu រដ្ឋមន្ត្រីការពារជាតិរបស់ឥណ្ឌូណេស៊ីបានប្រាប់អ្នកសារព័ត៌មានថា ការបញ្ជូនយន្តហោះចម្បាំងទៅកាន់កោះណាតូណា (Natuna) គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីការពារ និង ទប់ទល់រាល់បញ្ហាណាមួយដែលអាចកើតឡើង។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូងចេះតែកើនឡើងកម្ដៅជាលំដាប់ ស្របពេលដែលចិនកំពុងព្យាយាមពង្រឹងអំណាចយោធារបស់ខ្លួនយ៉ាងខ្លាំងនៅតំបន់មានជម្លោះ តាមរយៈការពង្រាយកងទ័ព និង ការបង្កើតកោះសិប្បនិមិត្តជាដើម។ ប្រការនេះធ្វើឲ្យប្រទេសតូចៗដែលជាប់ជម្លោះ នៅមិនសុខនោះឡើយ៕
ដោយ៖ អ៊ុន ភក្តី