ហេតុផល៦យ៉ាង ដែលមនុស្សមួយចំនួនមិនចង់មានស្នេហា
យោងតាមក្រុមហ៊ុនស្រាវជ្រាវឈ្មោះ Gallup poll បានបង្ហាញថា៦០ភាគរយនៃ មនុស្សដែលមានអាយុចាប់ពី១៨ដល់២៩ឆ្នាំ គឺនៅ លីវ។ នៅពីក្រោយភាពនៅលីវនេះមនុស្សជាច្រើនយល់ថាការនៅម្នាក់ឯង គឺធ្វើអោយជីវិតមានភាពស្រស់ថ្លាជាងអ្នកដែលមានគូ។ តើនៅមានហេតុផលអ្វីផ្សេងទៀត?
១) ពួកគេសប្បាយចិត្តពេលនៅម្នាក់ឯង៖ មនុស្សជាច្រើនមានអារម្មណ៍ថា ស្រណុកខ្លួននិង មានពេលវេលាសម្រាប់បំពេញចិត្តខ្លួនឯង នៅពេលនៅម្នាក់ឯង។ ពេលខ្លះ មិត្តភាពស្នេហាក៏មិនអាចមានសុភមង្គលទាំងស្រុងនោះដែរ ហេតុនេះទើបការលែងលះតែងតែមាន។
២) ចង់អភិវឌ្ឍខ្លួនឯងអោយបានច្រើនជាង៖ មិនមែនថាអ្នកដែលមានស្នេហាមិនអាចអភិវឌ្ឍខ្លួនឯងបានទេ។ ប៉ុន្តែពេលអ្នកនៅម្នាក់ឯង អត្រាដែលអ្នកអាចមានពេលសម្រាប់ខ្លួនឯងគឺមានច្រើនជាង។
៣) ចង់ផ្ដល់ពេលវេលាសម្រាប់អនាគតខ្លួនឯង៖ ពួកគេចង់យកពេលវេលាសម្រាប់ធ្វើអ្វី ដែលសំខាន់សម្រាប់អនាគត។ ការយកពេលវេលាបច្ចុប្បន្នមកគិតពីរឿងស្នេហាគឺគ្មានប្រយោជន៍សម្រាប់ពួកគេទេ។
៤) មិនចង់មានការតាំងចិត្តខ្ពស់៖ មនុស្សបែបនេះតែងមិនចង់មានការតាំងចិត្តខ្លាំងពេកក្នុងការធ្វើអ្វីមួយ។ ជាការពិតណាស់ស្នេហាពិតប្រាកដគឺទាមទារការតាំងចិត្តខ្ពស់បំផុតដើម្បីសម្រេចបានអ្វីមួយ តែបើអ្នកធ្វើមិនបាន ចូរនៅម្នាក់ឯងទៅល្អជាង។
៥) ពួកគេមានមនុស្សសំខាន់រួចទៅហើយ៖ អាចមានមនុស្សមួយចំនួនដែលស្រលាញ់មិត្តភ័ក្ដិ និងក្រុមគ្រួសារខ្លាំងជាងអ្វីៗ ទាំងអស់។ ហេតុនេះហើយទើបធ្វើអោយគេ គ្មានគំនិតក្នុងការស្វែងរកដៃគូស្នេហាដូចអ្នកដទៃ។
៦) ធ្លាប់បរាជ័យនឹងស្នេហា៖ នេះគឺដោយសារតែការភ័យខ្លាចជួបការបែកបាក់សារជាថ្មីទើបពួកគេសម្រេចចិត្តនៅម្នាក់ឯង។ មនុស្សបែបនេះប្រហែលជាមិនទាន់ត្រៀមចិត្តក្នុងការទទួលយកមនុស្សថ្មីនៅឡើយទេ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.powerofpositivity.com