ក្រុមអ្នកវិភាគ៖ មីស៊ីលថ្មីរបស់ចិនអាចបាញ់ដល់អាមេរិកក្នុងរយៈពេលតែ ៣០នាទី
យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានចិន South China Morning Post បានឱ្យដឹងថា មីស៊ីលរបស់ចិន DF-14 ត្រូវបានពិពណ៌នាថា ជាមីស៊ីលដែលបាញ់បានចម្ងាយឆ្ងាយជាងគេក្នុងលោកដែលអាចបាញ់ដល់ទឹកដីអាមេរិកពីកន្លែងណាក៏បាននៃប្រទេសចិន ហើយមីស៊ីលនេះនឹងផលិតចប់សព្វគ្រប់នៅចុងឆ្នាំ២០១៦នេះ។
លោក Richard Fisher អ្នកវិភាគជាន់ខ្ពស់ប្រចាំនៅមជ្ឈមណ្ឌលវាយតម្លៃអន្តរជាតិ និងយុទ្ធសាស្ត្រប្រចាំនៅទីក្រុង Washington បានថ្លែងថា «ផ្អែកទៅតាមចំនួននៃការបាញ់សាកល្បងពិតប្រាកដ គឺពិតជាសមហេតុផលដែលថា មីស៊ីលថ្មី នេះនឹងដាក់ពង្រាយតាមមូលដ្ឋានកងកម្លាំងបាញ់រ៉ុកកែតយុទ្ធសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ ២០១៦ នេះ»។
ក្រុមអ្នកវិភាគមួយចំនួន ទៀតបានលើកឡើងថ មីស៊ីលនេះអាចបាញ់បង្ហោះកាត់តាមប៉ូលខាងជើង ទៅដល់សហរដ្ឋអាមេរិករយៈពេលតែ ៣០នាទីប៉ុណ្ណោះ។ បើនិយាយពីល្បឿនវិញ គ្រាប់មីស៊ីលថ្មីនេះមានល្បឿនលឿនជាងសំឡេង ឬកម្រិតលើ Mach 5 របស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា គ្រាប់មីស៊ីលថ្មីនេះអាចបាញ់បានចម្ងាយប្រមាណ ១៥០០០គីឡូម៉ែត្រ៕
ដោយ៖ រតនៈវិភូ