បែកធ្លាយឯកសារសម្ងាត់៖ ឈិន ឡុង ពាក់ព័ន្ធនឹងការលាងលុយកខ្វក់
ការបែកធ្លាយឯកសារសម្ងាត់ទ្រង់ទ្រាយធំរបស់ក្រុមមេធារី Panama បានបង្ហាញពីការលាក់លុយរបស់បុគ្គល អ្នកនយោបាយសំខាន់ៗ តារាល្បីៗលំដាប់ថ្នាក់ពិភពលោក ទាំងតារាបូលីវូតរបស់ឥណ្ឌា ទាំងតារាហូលីវូត មាន ឈិន ឡុង និងតារាបាល់ទាត់ Messi ក៏ឋិតក្នុងចំណោមនោះដែរ។
ឯកសារសម្ងាត់ដែលមានប្រមាណជាង១១លានឯកសារ របស់ក្រុមហ៊ុនមេធាវីដ៏ធំមួយនៅប៉ាណាម៉ា Mossack Fonseca បានបង្ហាញពីរបៀបលាក់លុយរបស់មេដឹកនាំពិភពលោក ក្រុមគ្រួសារមេដឹកនាំទាំងនោះ រួមទាំងតារាល្បីៗលំដាប់ថ្នាក់ពិភពលោក ដើម្បីរួចផុតពីការបង់ពន្ធ និងអាចពាក់ព័ន្ធបញ្ហាលាងលុយកខ្វក់ និងអំពើពុករលួយផងដែរ។
នៅក្នុងឯកសារសម្ងាត់នេះ បានបង្ហាញអោយដឹងថា ឈិន ឡុង មានក្រុមហ៊ុនរកស៊ីយ៉ាងហោចណាស់ចំនួន៦ក្រុមហ៊ុន ដែលតំណាងដោយក្រុមហ៊ុន Fonseca ។ ក្រុមហ៊ុន Fonseca ជួយ ជនបរទេសឲ្យបង្កើតក្រុមហ៊ុនដោយមិនបាច់ធ្វើជំនួញ តែមានឈ្មោះក្នុងទីផ្សារភាគហ៊ុន ដើម្បីកាន់កាប់មូលធនហិរញ្ញវត្ថុ តែគេលាក់អត្តសញ្ញាណម្ចាស់មូលធនទាំងនោះ។ តែទោះជាយ៉ាងណា ឈិន ឡុង បានប្រើប្រាស់ក្រុមហ៊ុនទាំងនេះក្នុងផ្លូវស្របច្បាប់ក្នុងគោលបំណងធ្វើជំនួញ ជាជាងការគេចវេះពីការមិនបង់ពន្ធ។
ឯកសារនេះទទួលបានដោយជនអនាមិក និងបានចេញផ្សាយដោយសារព័ត៌មានរបស់អាល្លឺម៉ង់ Sueddeutsche Zeitung ហើយបានផ្សព្វផ្សាយបន្តនៅតាមបណ្ដាញសារព័ត៌មានទូទាំងពិភពលោក។ បច្ចុប្បន្ន ការបែកធ្លាយឯកសារនេះដែលមិនធ្លាប់មានពីមុនមក បានក្លាយជារឿងរសើបមួយសម្រាប់ពិភពលោក៕
ប្រែសម្រួល ៖ សុខា នីកា
ប្រភព ៖ AFP/yt