រឿង​ពិត​ប្លែកៗ​៨​យ៉ាង​​របស់​ប្រទេស​កូរ៉េខាងជើង​ ​​ប្រហែល​ជា​អ្នក​មិន​ទាន់​ដឹង​!​



កូរ៉េខាងជើង​ ជា​ប្រទេស​ឯកោ​មួយ​ក្នុង​លោក​ ​ដោយ​ពុំ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ផ្សេង​ច្រើន​នោះ​ទេ​ ពោល​គឺ​មាន​តែ​ចិន​​ប៉ុណ្ណោះ​។​ ​មេដឹកនាំ​ប្រទេស​នេះ​ ត្រូវ​បាន​គេ​ចាត់ទុក​ថា មាន​ភាព​ផ្តាច់​ការ​បំផុត​​ និង ​មិន​សូវ​គិតគូរ​ពី​ប្រជាជន​នោះ​ឡើយ​ ជាពិសេស​គិតគូរ​ខ្លាំង​តែ​លើ​​កម្មវិធី​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។ ​ជាទូទៅ​គេ​មិន​ងាយ​នឹង​ដឹង​អំពី​ កិច្ចការ​ផ្សេងៗ​ និង ស្ថានភាព​ក្នុង​ប្រទេស​នេះ​ឡើយ​ ព្រោះ​ថា រដ្ឋាភិបាល​កូរ៉េខាងជើង​បាន​បំបិទ​សិទ្ធិ​សេរីភាព​ស្ទើរ​ទាំង​ស្រុង​។ ​​

ខាងក្រោម​នេះ គឺ​ជា​ការ​ពិត​៨​យ៉ាង​យ៉ាង​ដែល​អ្នក​ត្រូវ​ដឹង​ពី​កូរ៉េខាងជើង៖ ​​​​

  1. កូរ៉េខាងជើង​បង្កើត​ល្វែងម៉ោង​ ( time zone) ដោយ​ខ្លួន​ឯង​៖ ​​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ឈប់​ប្រើប្រាស់​ល្វែងម៉ោង​តាម​ស្តង់ដារ​ទូទៅ​ដូច​ប្រទេស​ដទៃ​​​ទៀត​ហើយ​ ដោយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​បង្កើត​ល្វែងម៉ោង​ដោយ​ខ្លួន​ឯង​​ដើម្បី​ប្រើប្រាស់​ ដែល​មាន​ឈ្មោះថា​ «​ល្វែងម៉ោង​ព្យុងយ៉ាង​»។
  2. លោក គីម​ ជុងអ៊ីល​ អតីត​ប្រធានាធិបតី​បាន​​ចំណាយ​លើ​ស្រា​ច្រើន​ជាង​ចំណូល​​ប្រជាជន​ប្រចាំឆ្នាំ​ជាង​៨០០​ដង​៖ លោក គីម​ ជុងអ៊ីល​ ​អតីត​ប្រធានាធិបតី​ និង ជា​ឪពុក​របស់​លោក​គីម ជុង​អ៊ុន​នោះ​បាន​ចំណាយ​ប្រាក់​ប្រមាណ​១,២ លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ស្រា​Hennessy ​ជា​រៀងរាល់​ឆ្នាំ​។ ​ចំនួន​នេះ​ គឺ​ច្រើន​ជាង​ចំណូល​របស់​ប្រជាជន​កូរ៉េខាងជើង​ជាង​៨០០​ដង​​ ព្រោះ​ចំណូល​ពួកគេ​គិត​ជា​មធ្យម​គឺ​ប្រហែល​ពី​១ ០០០ ទៅ​២ ០០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​​ឆ្នាំ​​​​។
  3. ​កូរ៉េខាងជើង​បាន​និយាយ​ថា ​ប្រជាជន​ខ្លួន​ចេះអក្សរ​១០០​ភាគរយ៖ បើ​តាម​របាយការណ៍​របស់​CIA របស់​អាមេរិក​ ​ប្រជាជន​កូរ៉េ​​ខាងជើង​ភាគ​ច្រើន​ដែល​ចេះ​អក្សរ​នោះ​ គឺ​ចាប់ពី​អាយុ​១៥​ឆ្នាំ​ឡើង​ទៅ​​។
  4. ​ទ្រព្យសម្បត្តិ​សរុប​របស់​​លោក​​ Bill Gates ច្រើន​ជាងGDP សរុប​របស់​កូរ៉េខាងជើង​៥​ដង​៖​ ​​​​ទ្រព្យសម្បត្តិ​សរុប​របស់ Bill Gates​មហាសេដ្ឋី​របស់​អាមេរិក​ គឺ​មាន​ចំនួន​សរុប​ប្រមាណ​៧៥,៥ ពាន​លាន​ដុល្លារ​អាមេរិក​។ ដោយឡែក GDP​សរុប​របស់​ប្រទេស​កូរ៉េខាងជើង​ គឺ​មាន​ចំនួន​ត្រឹម​តែ​១៥,៥​ពាន​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ​ដូច្នេះ​ហើយ GDP​កូរ៉េខាងជើង​តិច​ជាង​ទ្រព្យសម្បត្តិ​របស់​លោក​ Bill Gates ​ប្រមាណ​៥​ដង​។
  5. ក្រុមបាល់ទាត់​កូរ៉េខាងជើង​ធ្លាប់​ស៊ុត​ចូល​​ក្រុម​​ខ្លាំង​ប្រេស៊ីល​មួយ​គ្រាប់៖​ កាល​ពី​ប្រកួត​ព្រឹត្តិការណ៍​បាល​ទាត់​ពិភពលោក​World Cup ២០១០​ ​​ក្រុមបាល់ទាត់​កូរ៉េខាងជើង​ធ្លាប់​ស៊ុត​ចូល​ក្រុម​បាល់​ទាត់​ប្រេស៊ីល​​ចំនួន​មួយ​គ្រាប់​។ ប៉ុន្តែ​ចប់​ការ​ប្រកួត​​គឺ​នៅ​តែ​ចាញ់​ក្រុម​ប្រេស៊ីល​ ក្នុង​លទ្ធផល​២​ទល់​១​។
  6. មិន​ដល់​២០​ភាគរយ​ផង​​នៃ​ផ្ទៃ​ដី​សរុប​​ ដែល​អាច​ដាំដុះ​បាន​៖ ​នៅ​ប្រទេស​កូរ៉េខាងជើង​ មាន​ផ្ទៃដី​ដាំដុះ​សរុប​​​ត្រឹម​តែ​១៩,៥​ ភាគរយ​ប៉ុណ្ណោះ។ ប្រការ​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​ប្រជាជន​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។
  7. មាន​​ផ្លូវ​ត្រឹម​តែ​២,៨៣ ភាគរយ​ប៉ុណ្ណោះ​ដែល​សាងសង់​ត្រឹមត្រូវ៖ ​ក្នុង​ប្រទេស​កូរ៉េខាងជើង​ គឺ​មាន​ផ្លូវ​សរុប​ប្រមាណ​២៥ ៥៥៤​គីឡូម៉ែត្រ​ ប៉ុន្តែ​​មាន​ផ្លូវ​ប្រវែង​ត្រឹម​តែ​៧២៤​​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ដែល​គេ​សាងសង់​​ក្រាល​ថ្ម​ ឬ កៅស៊ូ​ត្រឹមត្រូវ​។
  8. កូរ៉េខាងជើង​ជាប់​ជា​ប្រទេស​ពុករលួយ​ជាង​គេ​បំផុត​ក្នុង​លោក​៖ ​​កាល​ពី​ឆ្នាំ​២០១៤​ កូរ៉េខាងជើង​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ពុករលួយ​បំផុត​ ក្នុង​លោក​ ដូច​គ្នា​ទៅ​នឹង​ប្រទេស​សូម៉ាលី​ដែរ​។

ដោយ​៖ រតនា​ វិចិត្រ​
​ប្រភព៖ Business Insider ​

X
5s