ធ្វើម៉េចទើបបានក្លាយជាអ្នកអវកាសនៅអង្គការណាសារបស់អាមេរិកបាន?
ឮថា អង្គការណាសា លោកអ្នកប្រហែលជាជ្រាបខ្លះៗហើយថា មិនមែនជាស្ថាប័នធម្មតានោះទេ ហើយដើម្បីក្លាយជាអ្នកអវកាសទៅទៀតនោះ គឺរឹតតែពិបាកទៅទៀត។ ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនដើម្បីក្លាយជាអ្នកអវកាសនៅអង្គការណាសាបាន?
១) ដំណើរការជ្រើសរើស គឺតឹងតែងបំផុត៖ ដើម្បីបានក្លាយជាអ្នកអវកាសនៅអង្គការណាសា ជាទូទៅត្រូវតែឆ្លងកាត់ដំណើការនៃការជួលរយៈពេល ១៨ខែ ដោយគិតចាប់ពីដំណាក់កាលនៃការដាក់ពាក្យនៅលើគេហទំព័រ USAJOBS។មានលក្ខខណ្ឌបីយ៉ាងធំៗដើម្បីដាក់ពាក្យបាន គឺ ១) ត្រូវតែជាជនជាតិអាមេរិក ២) ត្រូវតែមានបរិញ្ញាបត្រជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា) និងទី៣ មានបទពិសោធន៍យ៉ាងតិចបីឆ្នាំលើជំនាញអាជីពពាក់ព័ន្ធ ឬស្មើនឹង ១០០០ម៉ោងនៃការបំពេញការងារជាអ្នកបើកយន្តហោះ។
២) នៅពេលទទួលបានការយល់ព្រមទទួលយកជាបុគ្គលិកហើយ គឺត្រូវតែឆ្លងកាត់ការហ្វឹកហាត់រយៈពេល ២ឆ្នាំ កន្លះ៖ តាមអ្នកជំនាញដែលធ្លាប់បានក្លាយជាអ្នកអវកាស គឺលោក Lindgren បានថ្លែងថា ពីរបីខែបន្ទាប់ពីត្រូវបានជ្រើសរើសឱ្យបំពេញការងារជាអ្នកបើកយានអវកាសនៅឆ្នាំ២០០៩ ហើយនោះ លោកគឺបានឆ្លងកាត់ការហ្វឹកហាត់ទូទៅរយៈពេល ២ឆ្នាំ កន្លះនៅមជ្ឈមណ្ឌល Johnson Space នៅទីក្រុង Houston រដ្ឋតិចសាស់។
៣) នៅពេលបន្ទាប់ អ្នកត្រូវទទួលបានបេសកកម្ម និងឆ្លងកាត់ការហ្វឹកហាត់ជាក់ស្ដែងពីរឆ្នាំបន្ថែមទៀត៖ មុនពេលបានជិះយានអវកាស លោក Lindgren ត្រូវបានទទួលឱ្យបំពេញបេសកកម្មលើការរៀនសូត្រជាក់ស្ដែងលើជំនាញពាក់ព័ន្ធពីរឆ្នាំទៀត។ វគ្គបណ្ដុះបណ្ដាលដំណាក់កាលទីពីរនេះ គឺត្រូវហ្វឹកហាត់នៅសមុទ្រភាគច្រើន ហើយច្រើនតែធ្វើឡើងនៅអាល្លឺម៉ង់ រុស្ស៊ី និងជប៉ុន។
៤) ការងារនៅអវកាសគឺមានភាគច្រើនជាការងារទម្លាប់ប្រចាំថ្ងៃ និងត្រូវការស្រាវជ្រាវច្រើនបំផុត៖ លោក Lindgren បានរៀបរាប់ថាលោកត្រូវធ្វើការងារប្រចាំថ្ងៃទៀតទាត់ដូចជា ការក្រោកពីដំណេក ញ៉ាំអាហារពេលព្រឹក ពិនិត្យផែនការប្រចាំថ្ងៃ និងធ្វើការងារដែលជាតួនាទីស្នូលជាច្រើន ហើយក៏ត្រូវរាយការណ៍ពីលទ្ធផលការងារប្រចាំថ្ងៃផងដែរ។
៥) ការងារនៅលើយានអវកាសគឺចម្លែក ហើយជួនកាលលំបាកខ្លាំង៖ បន្ទប់គេងនៅលើស្ថានអវកាស គឺតូចចង្អៀត ហើយត្រូវគេងកៀកនឹងជញ្ជាំងខ្លាំង ដើម្បីបន្ថយសម្ពាធពីស្ថានអវកាសធ្វើឱ្យអ្នកអវកាសគេងដូចគេងលើគ្រែនៅលើផែនដី។ ទាំងនេះ គឺជាការលំបាកដែរសម្រាប់អ្នកអវកាស។ ចំណែកនៅក្នុងសារពាង្គកាយវិញ ដោយសារតែគ្មានទំនាញផែនដី ឈាមរបស់មនុស្សរត់ទៅរកទ្រូង និងក្បាលដែលធ្វើក្បាលរបស់អ្នកអវកាសហាក់បីដូចជាពេញ ធ្ងន់ ហើយជើងវិញមើលទៅដូចជាជើងបក្សី។
៦) អ្នកអវកាសត្រូវបានសម្រួលឱ្យទំនាក់ទំនងមកគ្រួសារបានច្រើន៖ អ្នកវិទ្យាសាស្ត្រគឺជាមនុស្សដូច្នេះ រឿងអ្វីដែលថាមិននឹកគ្រួសារ ឬមិត្តភក្ដិ។ អីចឹងហើយ បានជានៅលើយានអវកាស អ្នកអវកាសត្រូវបានអនុញ្ញាតឱ្យទំនាក់ទំនងមកគ្រួសារបានតាមប្រព័ន្ធអ៊ីនធឺណិត។ លោក Lindgren ប្រាប់ថា ជាទូទៅ ៨០%នៃពេលវេលាសរុបនៅលើយានអវកាស លោកអាចប្រើអ៊ីនធឺណិត ដូច្នេះលោកអ្នកទំនាក់ទំនងមកប្រពន្ធ និងកូនបានរាល់យប់ ហើយអាចខលវីដេអូបានម្ដងក្នុងមួយសប្ដាហ៍៕
ដោយ៖ រតនៈវិភូ
www.businessinsider.com