អ្វី​ដែល​ស្វាមី​គួរ​ធ្វើ​ដើម្បី​អោយ​ភរិយា​កាន់​តែ​សប្បាយ​ចិត្ត​



ក្រុម​គ្រួសារ​អាច​មាន​សុភមង្គល​ទៅ​បាន​ក៏​អាស្រ័យ​ទៅ​លើ​ការ​ចេះ​យល់​ចិត្ត​គ្នា​​នឹង​ការ​ដឹង​ពី​អ្វី​ដែល​ម្ខាង​ទៀត​ចង់​បាន។ ​​អ្នក​​ប្រហែល​ជា​មិន​ដឹង​ទេ​ថា​រឿង​តូច​ៗ​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​ក៏​អាច​ធ្វើ​អោយ​ភរិយា​របស់​អ្នក​សប្បាយ​ចិត្ត​ផង​ដែរ។ ក្នុង​នោះ​មាន​៖

១) ត្រូវ​បង្ហាញ​ថា​ស្វាមី​ក៏​អាច​ធ្វើ​កិច្ចការ​របស់​ភរិយា​បាន​ដែរ៖ ប្រាកដ​ណាស់​ថា​ស្វាមី​និង​ភរិយា​គឺ​​មាន​ការ​បែង​ចែក​តួនាទី​ដ៏​សំខាន់​រៀង​ៗ​ខ្លួន​​សម្រាប់​គ្រួសារ។ ប៉ុន្តែ​ក្នុង​ការ​ធ្វើ​អោយ​​ដៃ​គូ​ម្ខាង​ទៀត​​កាន់​តែ​សប្បាយ​ចិត្ត អ្នក​ក៏​អាច​ជួយ​សម្រាល​ការងារ​ខ្លះ​ដែល​មិន​មែន​ជា​តួនាទី​របស់​ខ្លួន​ក៏​បាន​។

២) ត្រូវ​ចេះ​ស្ដាប់​ពី​ការ​ខ្វល់ខ្វាយ​របស់​នាង​៖ វា​អាច​ជា​រឿង​មួយ​ល្អ​ដែល​អ្នក​អាច​ប្រើ​ពេល​ខ្លះ​ក្នុង​ការ​ស្ដាប់​ពី​បញ្ហា​របស់​នាង។ ចូរ​ចំណាយ​ពេល​ខ្លះ​ដើម្បី​ស្ដាប់​នាង ​ព្រោះ​នាង​ពិត​ជា​ត្រូវ​ការ​អ្នក​​អោយ​ដឹង​ពី​ការ​ខ្វល់ខ្វាយ​ដែល​នាង​មាន។​

៣) បង្ហាញ​ការ​អរគុណ​ដែល​នាង​ខិតខំ​ធ្វើ​ជា​ប្រពន្ធ​ល្អ​ម្នាក់​៖ វា​អាច​នឹង​​មិន​ចាំ​បាច់​ខ្លាំង​ក្នុង​ការ​ធ្វើ​បែប​នេះ​ ​តែ​អ្នក​ត្រូវ​ដឹង​ថា​វា​ក៏​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ការ​អរគុណ​របស់​អ្នក​ដល់​រូប​នាង។ នាង​នឹង​មាន​កម្លាំង​ចិត្ត​ ​ហើយ​នឹង​មិន​នឿយ​ហត់​​នោះ​ឡើយ​ពេល​នៅ​ជាមួយ​អ្នក​។​

៤) ព្យាយាម​ធ្វើ​អោយ​ក្ដី​ស្រមៃ​របស់​នាង​ក្លាយ​ជា​ការ​ពិត៖ ការ​ធ្វើ​បែប​នេះ​បង្ហាញ​ថា​អ្នក​ពិត​​ជា​ខ្វាយខ្វល់​លើ​រូប​នាង​ ហើយ អ្នក​​តែង​នៅ​ទី​នោះ​ដើម្បី​បំពេញ​​បំណង​របស់​នាង​ជានិច្ច។​

៥) សរសើរ​និង​អបអរសាទរ​ជោគជ័យ​របស់​នាង៖ វា​ប្រហែល​មិន​ពិបាក​ទេ​ដោយ​គ្រាន់​តែ​សរសើរ​ភរិយា​របស់​ខ្លួន​ពេល​នាង​ទទួល​បាន​ជោគជ័យ​។

៦) ប្រាប់​នាង​ថា​អ្នក​ពិត​ជា​ស្រលាញ់​នាង​ខ្លាំង​ណាស់៖ តួនាទី​ដ៏​សំខាន់​មួយ​ទៀត​គឺ​ថា​អ្នក​គួរ​ប្រាប់​នាង​ថា​អ្នក​នៅ​​តែ​ស្រលាញ់​នាង​រៀងរាល់​ថ្ងៃ។ នាង​មិន​បាន​នៅ​ក្នុង​ចិត្ត​អ្នក​ទេ​ ដូច្នេះ​ដើម្បី​បង្ហាញ​អោយ​ដឹង​កាន់​តែ​ច្បាស់​ អ្នក​គួរ​ឧស្សាហ៍​ប្រាប់​នាង​ពី​ពាក្យ​នេះ​ទៅ។

៧) ​កុំ​ខ្លាច​ក្នុង​ការ​សូមទោស​នាង៖ ពេល​អ្នក​សាង​កំហុស​អ្វី​មួយ​ដែល​អាច​អោយ​នាង​ពិបាក​ចិត្ត​​អ្នក​ត្រូវ​សូមទោស។ ការ​សូមទោស​នេះ​មិន​មែន​បង្ហាញ​ថា​អ្នក​ណា​ឈ្នះ​ឬ​ចាញ់​នោះ​ទេ​​ តែ​វា​បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.lifehack.org

X
5s