សញ្ញា​ទាំង​៥​ដែល​បង្ហាញ​ថា​អ្នក​កំពុង​តែ​បំផ្លាញ​ជីវិត​របស់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន​



មិន​ប្រាកដ​នោះ​ទេ​ដែល​ថា​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នឹង​ជួយ​ឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ឡើង​ឬ​ក៏​ដុនដាប​ជាង​មុន​នោះ​។ យ៉ាង​ណា​មិញ​ប្រសិន​បើ​អ្នក​មាន​ចំណុច​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​នៅ​ជុំវិញ​ខ្លួន​ នោះ​មាន​ន័យ​ថា​អ្នក​កំពុង​តែ​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​យ៉ាប់​ទៅៗ​ដោយ​មិន​ដឹង​ខ្លួន​នោះ​ទេ៖ ១) ចំណាយ​ពេល​ច្រើន​ពេក​ចំពោះ​រឿង​ដែល​មិន​គួរ​ធ្វើ៖ ការ​អង្គុយ​មើល​រឿង​ដដែល​ៗ បើក​ហ្វេសប៊ុក​អូស​ចុះ​អូស​ឡើង ញាំ​គ្មាន​ពេល​ទំនេរ​ ឬ​ក៏​ដេក​ច្រើន​ជ្រុល​អាច​ជា​ចំណែក​ធំ​មួយ​ដែល​អ្នក​ចំណាយ​ពេលច្រើនទៅលើវា។ អ្នក​អាច​សាក​គិត​មើល​ថា​តើ​ការ​ចំណាយ​ពេល​ធ្វើ​រឿង​បែប​នេះ​ជា​រៀង​រាល់​ថ្ងៃ​អាច​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ប្រសើរ​ជាង​មុន​ដែរ​ឬ​ទេ? បើ​ចម្លើយ​គឺ​ទេ អ្នក​គួរ​តែ​ពិចារណា​និង​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​អ្នក​ចេញ​ទៅ។ ២) រអ៊ូ​រទាំ​ច្រើន៖ បើ​អ្នក​កំពុង​តែ​រអ៊ូ​រទាំ​ពី​ចៅហ្វាយនាយ​របស់​អ្នក​ ប្រាក់​ខែ​ដែល​អ្នក​កំពុង​តែ​ទទួល​បាន​ គ្រូបង្រៀន​របស់​អ្នក​ ឬ​ពិន្ទុ​ការ​សិក្សា​របស់​អ្នក អ្នក​គួរ​តែ​កែប្រែ​ទម្លាប់​អាក្រក់​មួយ​នេះ​ចេញ​ទៅ ព្រោះ​ថា​វា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ​ទេ វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​មាន​គំនិត​អវិជ្ជមាន​ជាង​មុន​ទៅ​ទៀត។ ៣) មិន​រៀន​អ្វី​ថ្មី៖ ពាក្យ​ថា​រៀន​មិន​សំដៅ​ទៅ​លើ​ការ​រៀន​នៅ​ក្នុង​សាលារៀន​តែ​មួយ​មុខ​នោះ​ទេ អ្នក​អាច​រៀន​បាន​គ្រប់​ពេល​វេលា​និង​គ្រប់​ទី​កន្លែង​តាម​រយៈ​ការ​អាន​សៀវភៅ ការ​ស្ដាប់​ការ​ណែ​នាំ​ពី​សិស្ស​ច្បង ឬ​ការ​ទទួល​បាន​បទ​ពិសោធន៍​ផ្ទាល់​ជាដើម។ ការ​ទទួល​បាន​ចំណេះដឹង​ថ្មី​នឹង​ធ្វើ​ឲ្យ​អ្នក​ឃើញ​ពិភពលោក​បាន​ធំ​ជាង​មុន។ ៤) មិន​មាន​គម្រោង​អនាគត​ច្បាស់លាស់៖ វា​ជា​ការ​ល្អ​សម្រាប់​ភាព​រីករាយ​ក្នុង​ការ​រស់​នៅ​ជា​មួយ​បច្ចុប្បន្នភាព​ តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​ក៏​មិន​ត្រូវ​សប្បាយ​រហូត​ភ្លេច​ពី​អនាគត​របស់​ខ្លួន​អ្នក​ផ្ទាល់​នោះ​ដែរ។ ៥) ចំណាយ​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ធ្វើ​ឲ្យ​អ្នក​លូត​លាស់៖ នេះ​ជា​រឿង​សំខាន់​មួយ​ ហើយ​វា​ក៏​ចោត​ជា​បញ្ហា​ក្នុង​ការ​ជ្រើសរើស​មិត្តភ័ក្ដិ​ផង​ដែរ។ អ្នក​គួរ​តែ​គិត​ថា​តើ​មិត្តភ័ក្ដិ​ដែល​អ្នក​កំពុង​រាប់​អាន​សព្វ​ថ្ងៃ​មាន​ចំណែក​ក្នុង​ការ​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ប្រសើរ​ជាង​មុន​ដែរ​ឬទេ? ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.lifehack.org