ក្រុម ISIS កាន់តែវេទនា ដោយសារតែបាត់បង់ចំណូល៣០ភាគរយ និង បាត់បង់ទឹកដី២២ភាគរយ
ចំណូលរបស់ក្រុមរដ្ឋឥស្លាម ឬ ពួកISIS បានធ្លាក់ចុះចំនួន៣០ភាគរយ ចាប់តាំងពីឆ្នាំមុន ដោយហេតុថា ទឹកដីដែលពួកគេធ្លាប់បានកាន់កាប់ ត្រូវបានបាត់បង់ទៅវិញ។ នេះបើយោងរបាយការណ៍របស់IHS ដែលជាក្រុមហ៊ុនស្រាវដ៏ធំមួយរបស់សហរដ្ឋអាមេរិក ដែលបង្ហាញនៅថ្ងៃចន្ទ។
របាយការណ៍ខាងលើបានបញ្ជាក់ថា ចំណូលប្រចាំខែរបស់ក្រុមISIS កាលពីពាក់កណ្ដាលឆ្នាំ២០១៥ គឺមានចំនួន៨០លានដុល្លារអាមេរិក ប៉ុន្តែប្រាក់ចំណូលនៅខែមិនាឆ្នាំ២០១៦ គឺមានត្រឹម៥៦លានដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ។
កាលពីមុន ដែនដីដែលពួកISIS កាន់កាប់នោះ គឺជាប្រភពប្រេងដែលអាចទាញយកផលប្រមាណ ៣៣ ០០០បារ៉ែលក្នុងមួយថ្ងៃ ប៉ុន្តែដោយសារតែបាត់បង់ការកាន់កាប់ដែនដីបណ្ដើរៗ នាំឲ្យការប្រមូលផលប្រេងបានត្រឹមតែ ២១ ០០០បារ៉ែលប៉ុណ្ណោះក្នុងមួយថ្ងៃ។
គិតរហូតមកទល់នឹងពេលនេះ ក្រុមឥស្លាមជ្រុលនិយមនេះ បានបាត់បង់ទឹកដីរបស់ខ្លួនប្រមាណ២២ភាគរយ។ សូមបញ្ជាក់ថា ចំណូលភាគច្រើនដែលពួកនេះ ទទួលបានគឺដោយសារតែការលក់ប្រេងទៅកាន់ទីផ្សារងងឹត ពោលគឺស្មើនឹង៤៣ភាគរយនៃចំណូលសរុប។ ក្រៅពីប្រេង ISIS រកចំណូលបានតាមរយៈការចាប់ជំរិត ការជួញដូរមនុស្ស និង ការបរិច្ចាគពីបរទេស។
តាមរយៈការបាត់បង់ចំណូលយ៉ាងច្រើនបែបនេះ វាធ្វើឲ្យប្រតិបត្តិការរបស់ ISISកាន់តែជួបការលំបាក ជាពិសេសប្រសិនបើចំណូលនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់បែបនេះ។
ដោយ៖ អ៊ុន ភក្តី