ប្រយោគទាំង៥ ប្រភេទ អាចកំណត់ពីជោគវាសនានៃជីវិតស្នេហារបស់អ្នក
ពាក្យសម្ដីមួយចំនួនដែលនិយាយចេញមកក៏អាចកំណត់បាន ពីវាសនាស្នេហាដែលអ្នកកំពុងមានផងដែរ ប្រសិនបើអ្នកដឹងថាអ្វីខ្លះដែលអ្នកគួរនិយាយឬមិនគួរនិយាយ អ្នកប្រហែលជាមានសង្ឃឹមច្រើនថាមិនអាចខូចចិត្តដោយសារការបែកបាក់ស្នេហាទេ។ ខាងក្រោមនេះ ជាប្រភេទប្រយោគសំខាន់ៗ ដែលអាចកំណត់ពីជោគវាសនានៃជីវិតស្នេហារបស់អ្នក ដូច្នេះគួរជ្រើសរើសប្រយោគដែលត្រឹមត្រូវ៖
១) «ខ្ញុំមិនចង់និយាយរឿងនេះទេ» និង «ចាំនិយាយគ្នាលើកក្រោយ»៖ អ្នកត្រូវតែគិតពីការនិយាយស្ដីរបស់អ្នកនៅពេលអ្នកកំពុងតែឈ្លោះគ្នា។ អ្នកមិនអាចបញ្ចប់ជម្លោះដោយមិនបានធ្វើការពិភាក្សាគ្នាសិននោះទេ វាហាក់ដូចជាអាត្មានិយមហួសហេតុពេក។ ដូច្នេះ ជម្រើសដ៏ល្អ អ្នកគួរប្រើពាក្យថា «ចាំនិយាយគ្នាលើកក្រោយ» ប្រសិនបើស្ថានភាពតានតឹងពេក ជាជាងគេចវេះមិននិយាយ។
២) «ខ្ញុំមិនខ្វល់ថាអ្នកចង់ធ្វើអ្វីនោះទេ» និង «វាសំខាន់ណាស់ក្នុងការជ្រើសរើសផ្លូវសម្រាប់ដើររួមគ្នា»៖ ប្រសិនបើអ្នកមិនខ្វល់ពីសម្ដីឬក៏គំនិតរបស់ដៃគូស្នេហាអ្នក នោះវាបញ្ជាក់ថាស្នេហានេះនឹងមិនអាចបានយូរតទៅទៀតទេ។ ដូច្នេះហើយ អ្នកគួរតែប្រើពាក្យថា «វាសំខាន់ណាស់ក្នុងការជ្រើសរើសផ្លូវសម្រាប់ដើររួមគ្នា» ដើម្បីឲ្យអ្នកខ្លួនអ្នក និង មនុស្សជាទីស្រលាញ់នឹកឃើញអំពីតម្លៃនៃការដើរផ្លូវរួមគ្នា។
៣) «ខ្ញុំនឹងចាកចេញបើអ្នកធ្វើវា» និង «អ្នកធ្វើបែបនេះខ្ញុំមិនអាចទទួលយកបានទេ»៖ ពេលអ្នកកំពុងតែមានកំហឹងអ្នកមិនគួរនិយាយពាក្យថាចាកចេញ ដោយមិនបានគិតនោះទេ។ អ្នកត្រូវទទួលស្គាល់ថាអ្នកមិនអាចទទួលយកបានទេនូវទង្វើអ្វីមួយ តែហាមដាច់ខាតប្រើប្រាស់ពាក្យចាកចេញ។
៤) «អ្នកមិនដូចសង្សារចាស់ខ្ញុំទេ» និង «ខ្ញុំមិនសូវចូលចិត្តចារិកនេះទេ»៖ គ្មាននរណាម្នាក់ចង់អោយសង្សាររបស់ខ្លួនធ្វើការប្រៀបធៀបទៅនឹងសង្សារចាស់ទេ។ អ្នកមិនចូលចិត្តអ្វីមួយអ្នកគូរប្រាប់ដើម្បីអោយមានការផ្លាស់ប្ដូរ តែហាមដាច់ខាតធ្វើការប្រៀបធៀបទៅនឹងអ្នកដទៃ។
៥) «ខ្ញុំស្រលាញ់អ្នកប្រសិនបើអ្នកធ្វើបែបនេះ» និង «ខ្ញុំស្រលាញ់អ្វីដែលអ្នកមាន»៖ អ្នកមិនអាចស្រលាញ់នរណាម្នាក់ដោយដាក់លក្ខខណ្ឌ ឬក៏ដាក់កម្រិតណាមួយទេ។ អ្នកស្រលាញ់ដោយសារតែគេជាប្រភេទមនុស្សដែលអ្នកចង់បាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www. powerofpositivity.com