​​អ្នក​ជំនាញ​អាមេរិក​ថា ​ពួក​ISIS ​មាន​អង្គភាព​ពិសេស​ដែល​​​មាន​ជំនាញ​រៀបចំ​​ផែនការ​វាយប្រហារ​នៅ​បរទេស​​



​​ក្រុម​រដ្ឋ​ឥស្លាមISIS​ ​មាន​អង្គភាព​ពិសេស​មួយ​ ​ដែល​មាន​តួនាទី​​សម្រាប់​រៀបចំ​ការ​វាយប្រហារ​នៅ​​បរទេស​​ជាពិសេស​នៅ​​អឺរ៉ុប​​ ​និង ​សហរដ្ឋអាមេរិក​។ ​នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជំនាញ​របស់​អាមេរិក​។ ​​លោក​ Richard Clarke​ ​អតីត​​ទីប្រឹក្សា​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​របស់​សេតវិមាន​អាមេរិក​ ​បាន​ឲ្យ​ដឹង​ថា ​ពួកISIS​ ​​ពិត​ជា​មាន​អង្គភាព​ពិសេស​មួយ​ដែល​អាច​រៀបចំផែនការ​​ ​និង ​ចាត់ចែង​រាល់​ការ​វាយ​ប្រហារ​​នៅ​បរទេស​បាន​យ៉ាង​រលូន​​។ ​ ​ការ​លើកឡើង​របស់​មន្ត្រី​ជំនាញ​អាមេរិក​​រូប​នេះ​ ​គឺ​ក្រោយ​ពេល​មាន​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​បណ្តាល​ឲ្យ​មនុស្ស​ជាង​១០០​នាក់​ស្លាប់​​។ ​មុន​ហេតុ​ការណ៍​នៅ​ប៉ារីស​មួយ​ថ្ងៃ​​​ ​ពួក​ISIS ក៏​បាន​វាយប្រហារ​នៅ​ទីក្រុង Beirut​ ​ប្រទេស​លីបង់​​ ​បណ្តាល​​ឲ្យ​មនុស្ស​ប្រមាណ​៤៣​នាក់​ស្លាប់​។ ​​​កាល​ពី​ចុង​ខែ​មុន​នេះ​ ​​ក្រុម​ISIS ក៏​បាន​ប្រកាស​ថា ​ខ្លួន​ជា​អ្នក​បាញ់​ទម្លាក់​​យន្តហោះ​ដឹក​អ្នក​ដំណើរ​របស់​រុស្ស៊ី​​នៅ​ប្រទេស​អេហ្ស៊ីប​ ​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​ជាង​ ​២០០​នាក់​បាន​ស្លាប់​។ ​ ​ហេតុការណ៍​អាក្រក់ៗ​បាន​កើតឡើង​​ជាច្រើន​នេះ​ ​គឺ​​ជា​ការ​សងសឹក​ទៅ​លើ​ប្រទេស​លោក​ខាងលិច​ ​ដែល​បាន​ប្រើ​យន្តហោះ​ចម្បាំង​វាយប្រហារ​មក​លើ​ក្រុម​របស់​ខ្លួន​នៅ​​ប្រទេស​ស៊ីរី​ ​និង​ ​អ៊ីរ៉ាក់​។ ​​​​​​ សូម​បញ្ជាក់​​​​ ​​​មុន​ពេល​មាន​ការវាយប្រហារ​នៅ​ប៉ារីស​ ​​ក៏​មាន​ការ​ចាប់ខ្លួន​ជនសង្ស័យ​ប្រមាណ​១៥​នាក់​​​ ​ក្នុង​ប្រទេស​ចំនួន​៥​នៅ​អឺរ៉ុប​ ​ដែល​​គេ​ជឿជាក់​បាន​កំពុង​រៀបចំ​ផែនការ​វាយប្រហារ​នៅ​អឺរ៉ុប​ផង​ដែរ​៕ ​ដោយ​៖ ​អ៊ុន​ ​ភក្តី​ ​ប្រភព៖ abcnews.go.com
X
5s