រឿងពិតទាំង៦យ៉ាងនេះ អ្នកត្រូវទទួលស្គាល់ដាច់ខាត ដើម្បីកុំឲ្យជីវិតធ្លាក់ក្នុងភាពអន្តរាយ!
ជាទូទៅ មនុស្សភាគច្រើនមិនសូវទទួលស្គាល់ការពិត ឬ ចង់ស្តាប់ពាក្យពិតនោះឡើយ ព្រោះថា រាល់ ការពិតភាគច្រើនធ្វើឲ្យមានអារម្មណ៍មិនសូវសប្បាយចិត្ត។ ប៉ុន្តែយ៉ាងណាក៏ដោយ បើអ្នកទទួលស្គាល់ការពិតនោះ វានឹងជួយឲ្យអ្នករកឃើញផ្លូវដែលអាចដោះស្រាយបញ្ហា និង អាចឈានទៅរកវិថីជោគជ័យ និង សុភមង្គលបានក្នុងជីវិតបាន។ ខាងក្រោមនេះ គឺជាការពិត៦ យ៉ាងដែលអ្នកត្រូវទទួលស្គាល់៖
១) អ្នកគេចមិនផុតពីការបរាជ័យ៖ ក្នុងជីវិតមនុស្សម្នាក់ៗ គ្មាននរណាម្នាក់ចង់បរាជ័យឡើយ ប៉ុន្តែក៏គ្មាននរណាម្នាក់អាចគេចផុតពីការបរាជ័យរហូតនោះដែរ ពោលគឺតិចឬច្រើន ជៀសមិនផុតឡើយ។ ដូច្នេះហើយ នៅពេលអ្នកជួបការបរាជ័យណាមួយ សូមកុំបាក់ទឹកចិត្តព្រោះថា មិនមែនមានតែអ្នកនោះទេក្នុងលោក ដែលបរាជ័យ ពោលគឺមានមនុស្សជាច្រើនទៀតក៏ជួបបញ្ហានេះដែរ។ ប្រការសំខាន់ដែលអ្នកត្រូវធ្វើនោះ គឺត្រូវទទួលស្គាល់ការពិតនេះ ហើយចាត់ទុកវាជាមេរៀនជីវិតដ៏សំខាន់ ដើម្បីដើរកុំឲ្យជាន់ផ្លូវចាស់ទៀត ទើបជាជម្រើសល្អ។
២) អ្នកនឹងបាត់បង់មនុស្សជាទីស្រលាញ់នៅថ្ងៃណាមួយ៖ ក្នុងជីវិតរបស់មនុស្ស គឺមិនអាចរស់នៅជួបជុំជាមួយអ្នកដែលខ្លួនស្រលាញ់ មានដូចជា សង្សារ ប្តីប្រពន្ធ ឪពុកម្ដាយ បងប្អូន និង មិត្តភក្តិជារៀងរហូតឡើយ។ មានន័យថា នៅពេលណាមួយអ្នកនឹងបាត់បង់ ឬ ឃ្លាតពីពួកគេក្រោមហេតុផលផ្សេងៗ។ ដូច្នេះហើយ នៅពេលរឿងនេះមកដល់ក្នុងជីវិតរបស់អ្នក គឺត្រូវតែទទួលស្គាល់ការពិត ហើយហ៊ានប្រឈមមុខ ដើម្បីអាចបន្តដំណើរជីវិតទៅមុខទៀតបាន ជៀសវាងការបាត់បង់ស្មារតីដោយសារមិនអាចទទួលយកបាន។
៣) គ្មាននរណាដែលមិនត្រូវបានគេរិះគន់ឡើយ៖ មិនថា មនុស្សប្រភេទណាទេ គឺជៀសមិនផុតពីពាក្យរិះគន់របស់អ្នកដទៃឡើយ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានការគិត និង ទម្លាប់រស់នៅផ្សេងៗគ្នា។ ដូច្នេះហើយ នៅពេលអ្នកធ្វើអ្វីមួយ ហើយមានមនុស្សផ្សេងទៀតរិះគន់នោះ អ្នកមិនគួរបាក់ទឹកចិត្តឡើយ ព្រោះវាជារឿងធម្មតានៅក្នុងជីវិតប៉ុណ្ណោះ។ បើអ្នកដឹងច្បាស់ថា អ្វីដែលខ្លួនកំពុងធ្វើគឺជារឿងត្រឹមត្រូវនោះ សូមកុំបោះបង់ឲ្យសោះ ហើយមិនបាច់ខ្វល់ជាមួយនឹងពាក្យរិះគន់ទាំងនោះឡើយ ប៉ុន្តែអ្វីដែលត្រូវធ្វើនោះ គឺ ព្យាយាមសម្រេចគោលដៅឲ្យបានដើម្បីបញ្ជាក់ថា ពាក្យរិះគន់ទាំងនោះសុទ្ធតែខុសទាំងអស់។
៤) មានតែខ្លួនអ្នកប៉ុណ្ណោះជាអ្នកសម្រេចជោគវាសនាខ្លួន៖ ជីវិត គឺស្ថិតនៅលើការសម្រេចចិត្ត និង ការចេះដឹកនាំផ្លូវជីវិតរបស់អ្នក ពោលគឺគ្មាននរណាម្នាក់អាចកំណត់ថា អ្នកនឹងជោគជ័យ ឬ បរាជ័យនោះឡើយ។ នេះជាការពិតមួយដែលអ្នកត្រូវទទួលស្គាល់ជា ដាច់ខាត់ ព្រោះបើអ្នកចង់បានជីវិតប្រសើរ តាមរយៈសកម្មភាពរបស់អ្នកដទៃ គឺមិនអាចទៅរួចជាដាច់ខាត។ ដូច្នេះហើយ សូមកុំផ្ញើរវាសនារបស់ខ្លួន ទៅលើឆន្ទៈរបស់អ្នកដទៃ ព្រោះគ្មាននរណាម្នាក់នឹងជួយអ្នកឲ្យសម្រេចក្តីប្រាថ្នា ឬគោលដៅបានឡើយ ក្រៅពីដៃទាំងពីររបស់អ្នក។
៥) សុភមង្គលគ្រួសារសំខាន់ជាងលុយ៖ មានមនុស្សជាច្រើនណាស់ ដែលផ្តល់តម្លៃឲ្យ«លុយ»ហួសហេតុពេក ដល់ថ្នាក់លែងខ្វល់អំពីគ្រួសារ ប៉ុន្តែដល់ដំណាក់កាលចុងក្រោយទើបដឹងថា លុយមិនអាចជំនួសភាពកក់ក្តៅ ក្នុងគ្រួសារបានឡើយ។ ដូច្នេះហើយ អ្នកត្រូវតែទទួលស្គាល់ការពិតនេះ បើទោះបីជាលុយសំខាន់ក្នុងការធ្វើឲ្យជីវភាពគ្រួសារ មានភាពល្អប្រសើរមែនក្តី ប៉ុន្តែទោះមានលុយច្រើនប៉ុណ្ណាក្តី ក៏អ្នកមិនអាចទិញសុភមង្គលគ្រួសារបានដោយងាយឡើយ។
៦) ស្លាប់ទៅមិនអាចយកអ្វីទៅជាមួយបានទេ៖ មនុស្សខ្លះព្យាយាមរកលុយខ្លាំងណាស់ក្នុងជីវិតបើទោះបីជា ពួកគេមានសឹងដល់ចំណុចកំពូលទៅហើយ ជាពិសេសគឺមិនដែលចែករំលែកដល់អ្នកដែលខ្វះខាតឡើយ តែពេលខ្លះមានតែកេងប្រវ័ញ្ចថែមទៀត។ ទោះមានលុយច្រើនមហាសាលក្តី ប៉ុន្តែនៅពេលស្លាប់ទៅ គឺមិនអាចយកអ្វីទៅជាមួយបានឡើយ ដូច្នេះហើយគួរតែចេះចែករំលែក និង សាងអំពើល្អជាមួយអ្នកដទៃ ជាពិសេសអ្នកដែលមានជីវភាពខ្សត់ខ្សោយ៕
ដោយ៖ អ៊ុន ភក្តី ប្រភព៖ truththeory.com, elitedaily.com & cros.land