ប្រធានាធិបតីស៊ីរីលោក អាសាឌ អរគុណដល់រុស្ស៊ីដែលជួយឲ្យកងទ័ពស៊ីរីរឹងមាំជាងមុន
ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាឌ ( Bashar Assad) បានថ្លែងអំណរគុណ ដល់រុស្ស៊ីដែលបាន ជួយឲ្យទ័ពរបស់ស៊ីរីរឹងមាំជាងមុន។
ការលើកឡើងបែបនេះ គឺស្របពេលដែលរុស្ស៊ីបានបើកការវាយប្រហារក្រុមឥស្លាមជ្រុលនិយមISIS ក្នុងប្រទេសស៊ីរីជិត២ខែមកនេះ ដែលធ្វើឲ្យចលនារបស់ក្រុមជ្រុលនិយមមិនអាច មានប្រៀបលើកងទ័ពស៊ីរីបានដោយងាយ។
រដ្ឋាភិបាលស៊ីរី និង រុស្ស៊ីគឺជាមិត្តល្អជាយូរមកហើយ ដែលប្រការនេះត្រូវបានប្រទេសលោកខាងលិចមិនសូវសប្បាយចិត្តឡើយ ព្រោះរុស្ស៊ីតែងតែការពាររដ្ឋាភិបាលរបស់លោក បាសា អាល់អាសាឌ ( Bashar Assad)ជានិច្ច។
នាពេលថ្មីៗនេះ រុស្ស៊ីបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយជាច្រើនគ្រឿង ទៅកាន់ប្រទេសស៊ីរី ដើម្បីកំទេចក្រុម ISIS ដែលកំពុងព្យាយាមកាន់កាប់តំបន់សំខាន់ៗក្នុងប្រទេសស៊ីរី។
សូមបញ្ជាក់ថា កាលពីចុងខែមុននេះ ក្រុមISIS បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររុស្ស៊ីមួយគ្រឿង នៅប្រទេសអេហ្ស៊ីបបណ្តាលឲ្យមនុស្សប្រមាណ២២៤នាក់ បានស្លាប់៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ AFP