ពួកISISមានប្រភពចំណូលធំៗ១០យ៉ាង ជាហេតុនាំឲ្យពួកគេមិនងាយរលាយដោយងាយឡើយ
ក្រុមរដ្ឋឥស្លាមISIS កំពុងបង្កបញ្ហាស្មុគស្មាញយ៉ាងខ្លាំង ក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ព្រោះពួកគេចង់បង្កើតរដ្ឋមួយឲ្យបានឆាប់ៗខាងមុខ។ ថ្វីត្បិតតែសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្តបានវាយប្រហារអស់ជាង១ឆ្នាំក្តី ប៉ុន្តែនៅតែមិនអាចលុបបំបាត់ពួកឥស្លាមជ្រុលនិយមទាំងអស់នោះ ដោយងាយឡើយ។ លើសពីនេះទៀត ពួក ISISក៏បង្កការគំរាមកំហែងដល់សន្តិសុខពិភពលោកផងដែរ ជាក់ស្តែងករណីអំពើភេរវកម្មនៅបារាំងជាឧទាហរណ៍ស្រាប។ ខាងក្រោមនេះ គឺជាប្រភពសំខាន់ៗទាំង១២យ៉ាងដែលជួយឲ្យក្រុមនេះ មានលុយជាច្រើនដើម្បីបន្តពង្រឹងឥទ្ធិពល៖
១) ប្រេង៖ ចាប់តាំងពីក្រុមISIS បានចូលកាន់កាប់ប្រទេសស៊ីរី និង អ៊ីរ៉ាក់មក មានអណ្ដូងប្រេង និង រោងចក្រចម្រាញ់ប្រេងជាច្រើនកន្លែងត្រូវបានពួកជ្រុលនិយមទាំងនោះ រឹបអូសយក ហើយបានលក់ប្រេងខុសច្បាប់ទៅកាន់ទីផ្សារងងឹត បានលុយជាច្រើន។
២) បង្ខំឲ្យប្រជាជនបង់ពន្ធ៖ បើតាមការស្រាវជ្រាវរបស់អ្នកជំនាញឲ្យដឹងថា ក្រុម ISISបានបង្ខំឲ្យប្រជាជននៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន បង់ពន្ធក្នុងតម្លៃខ្ពស់ ដើម្បីយកលុយទាំងនោះទៅបន្តប្រតិបត្តិការរបស់ខ្លួន។ ប្រសិនបើ ប្រជាជនមិនបង់ពន្ធតាមការកំណត់នោះទេ នឹងត្រូវប្រឈមនឹងទណ្ឌកម្មធ្ងន់ធ្ងរមិនខាន។
៣) ចាប់ជំរិត៖ ជាទូទៅក្រុមISIS នេះតែងចាប់ជំរិតមនុស្សជាច្រើន ដើម្បីទារប្រាក់ជាថ្នូរនឹងការដោះលែង ហើយមានចំណាប់ខ្មាំងជាច្រើនក៏ត្រូវបានសម្លាប់ផងដែរ។
៤) កាន់កាប់ធនាគារអ៊ីរ៉ាក់៖ កាលពីឆ្នាំ២០១៤ ក្រុមISIS បានរឹបអូសយកសាខាធនាគារជាតិរបស់អ៊ីរ៉ាក់ជាច្រើនកន្លែង ហើយក្នុងនោះពួកគេក៏ទទួលបានប្រាក់សុទ្ធប្រមាណ ៥០០ លានដុល្លារអាមេរិកផងដែរ។
៥) លក់ទ្រព្យសម្បត្តិផ្សេងៗដែលរឹបអូសបានក្នុងពេលធ្វើសង្គ្រាម៖ ក្នុងពេលវាយប្រយុទ្ធគ្នាម្តងៗ ក្រុមISISតែងប្រមូលយករបស់របរជាច្រើន ជាពិសេសយានយន្ត និង គ្រឿងសព្វាវុធរបស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ និង ស៊ីរី ដើម្បីលក់ក្នុងតម្លៃណាមួយ។ តាមរយៈសកម្មភាពនេះ ក្រុមISISក៏ទទួលបានប្រាក់ជាច្រើនផងដែរ។
៦) ជួល ឬ លក់អចលនទ្រព្យ៖ បើតាមរបាយការណ៍ស្រាវជ្រាវជាច្រើនបង្ហាញថា ក្រុមISISបានកាន់កាប់ ដីធ្លី និង អាគារ និង ផ្ទះជាច្រើននៅតំបន់ដែលពួកគេកាន់កាប់។ ដូច្នេះពួកជ្រុលនិយមទាំងនោះតែងតែជួល ឬ លក់ក្នុងតម្លៃណាមួយ ហើយប្រមូលប្រាក់ទុកដើម្បីចំណាយលើប្រតិបត្តិការរបស់ខ្លួន។
៧) ការឧបត្ថម្ភពីសមាជិកបរទេស៖ មានជនបរទេសជាច្រើនមកពីជុំវិញពិភពលោក បានចូលរួមជាមួយនឹងចលនាបង្កើតរដ្ឋរបស់ក្រុមISIS ហើយពូកគេបាននាំមកជាមួយនូវប្រាក់ជាច្រើនដើម្បីគាំទ្រចលនានេះ។ ចំពោះអ្នកដែលមិនអាចមកចូលរួមក្នុងចលនានេះបាន ពួកគេក៏បានចំណាយប្រាក់ជាច្រើនដើម្បីឧបត្ថម្ភផងដែរ។
៨) កសិកម្ម៖ ក្រុមISIS បានកាន់កាប់ផ្ទៃដីដែលដែលសម្បូរទៅដោយជីជាតិជាច្រើន នៅក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ ដែលសក្ដានុពលក្នុងការផលិតស្រូវសាលី។ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ទិន្នផលភាគច្រើនដែល លក់ក្នុងទីផ្សារងងឹតនោះគឺបញ្ចុះតម្លៃរហូតដល់៥០ភាគរយ ដូច្នេះហើយពួកឈ្មួញតែងប្រមូលទិញយកគ្មានសល់។ ជារៀងរាល់ឆ្នាំក្រុមISISអាចទទួលបានចំណូលប្រហែល២០០លានដុល្លារអាមេរិក។
៩) ការជួញដូរមនុស្ស៖ ពួកជ្រុលនិយមទាំងនោះ បានទិញដូរមនុស្សយ៉ាងសេរីបំផុត នៅតំបន់ដែលពួកគេកាន់កាប់ ជាពិសេសកុមារ និង ស្ត្រី។
១០) លក់វត្ថុបុរាណ៖ ក្រុម ISISបានកាន់កាប់សារមន្ទីរ និង ទីក្រុងបុរាណជាច្រើនកន្លែង ហើយពួកគេតែងតែលក់វត្ថុបុរាណមានតម្លៃទៅកាន់ទីផ្សារងងឹត៕
ដោយ៖ រតនា វិចិត្រ
ប្រភព៖ agenda.weforum.org