ហេតុផល៤យ៉ាង ដែលអ្នកគួរឈប់ពឹងលើលុយឪពុកម្ដាយទាំងស្រុង ហើយរៀនរស់ដោយខ្លួនឯង
មនុស្សភាគច្រើនដែលកើតមកក្នុងត្រកូលធូរធារ គឺមិនសូវស្គាល់ការលំបាកនោះឡើយ ព្រោះថា ឪពុកម្ដាយរបស់ពួកគេមានលុយច្រើន ដែលអាចដោះស្រាយរាល់ការចំណាយផ្សេងៗ។ សម្រាប់មនុស្សដែលកើតមក ជាមួយនឹងជីវភាពលំបាកគឺប្រាកដជា ជួបបញ្ហារស់នៅជាច្រើន ព្រោះគ្រួសាររបស់ពួកគេ ពិតជាត្រូវការកម្លាំងពលកម្មរបស់សមាជិកម្នាក់ៗដើម្បីលើកស្ទួយជីវភាព។
ប៉ុន្តែអ្នកដែលកើតក្នុងត្រកូលអ្នកមានមួយចំនួន ក៏បានបញ្ចេញពលកម្មដោយខ្លួនឯងច្រើន ដោយមិនពឹងលើលុយរបស់ឪពុកម្តាយនោះឡើយ ចំណែកកូនអ្នកក្រមួយចំនួនក៏មិនបានលើកស្ទួយជីវភាពគ្រួសារអ្វីដែរ ហើយអ្នកខ្លះក៏ជួយបំផ្លាញថែមទៀត។ បើទោះបីជា ស្ថិតក្នុងគ្រួសារមានឬក្រក៏ដោយ ក្នុងនាមអ្នកជាមនុស្សម្នាក់ដែលពេញវ័យអាចធ្វើការបាននោះ គឺមិនគួរចាំតែលើកដៃទទួលលុយពីឪពុកម្តាយ ហើយទិញរបស់របរប្រើប្រាស់ថ្លៃៗ សម្ញែងមិត្តភក្ដិនោះទេ ប៉ុន្តែត្រូវបញ្ចេញពលកម្មដោយខ្លួនឯង ដើម្បីរៀនរស់។
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកមិនគួរពឹងលើលុយឪពុកម្តាយទាំងស្រុង៖
១) រៀនស្គាល់ការលំបាក៖
មិនមិនធ្លាប់ក្រ អ្នកក៏មិនអាចដឹងថា ជីវិតរស់នៅក្នុងភាពក្រីក្រលំបាកប៉ុណ្ណាដែរ។ កាលណាអ្នកពឹងលើតែលុយឪពុកម្ដាយ (ជាពិសេសអ្នកមាន) អ្នកពិតជាគ្មានថ្ងៃអាចដឹងច្បាស់អំពីការតស៊ូក្នុងជីវិតបែបណាឡើយ។ ត្រូវចាំថា ឪពុកម្តាយរបស់អ្នកមិនអាចចាំផ្តល់លុយអស់មួយជីវិតនោះឡើយ ហើយទ្រព្យសម្បត្តិក៏មិនអាចចាយមួយជីវិតបានដែរ ដូច្នេះហើយអ្នកត្រូវតែចេះតស៊ូ និង កាន់កាប់ជីវិតដោយខ្លួនឯងទើបជាជម្រើសល្អ។ អ្នកត្រូវតែ បញ្ចេញពលកម្មដោយខ្លួនឯងដើម្បីស្វែងរកកម្រៃ ហើយឆ្លៀតពេលរៀនសូត្រពីមេរៀនជីវិតសំខាន់ៗក្នុងគ្រាលំបាកនោះ។
២) មានឯករាជ្យ
នៅពេលអ្នកមិនពឹងលើលុយរបស់ឪពុកម្តាយច្រើនពេកនោះ អ្នកនឹងក្លាយជាមនុស្សដែលមានស្វ័យភាពក្នុងការធ្វើកិច្ចការអ្វីផ្សេងៗដែលខ្លួនពេញចិត្ត។ មានន័យថា ដរាបណាអ្នកប្រើលុយឪពុកម្តាយដើម្បីចាយវាយ និង សម្ញែងមិត្តភក្ដិនោះ អ្នកគឺប្រាកដជាទទួលនូវសម្ពាធ ឬ លក្ខខណ្ឌផ្សេងៗមិនខាន។ ដូច្នេះហើយ គួរចាប់ផ្តើមរៀនរកលុយដោយខ្លួនឯង និង ឈប់ពឹងលើលុយគ្រួសារតទៅទៀត។
៣) លើកស្ទួយជីវភាពគ្រួសារ
បើទោះបីជា ឪពុកម្តាយរបស់អ្នកមានប្រាក់ខែខ្ពស់ ឬ ចំណូលច្រើនក្តីប៉ុន្តែបើកូនៗទាំងអស់ គិតតែពីចាយមិនចេះរក និង ថែរក្សានោះ គឺប្រាកដជាធ្វើឲ្យជីវភាពគ្រួសារមានលក្ខណៈប្រសើរនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកជាសមាជិកម្នាក់ក្នុងគ្រួសារមិនពឹងលើចំណូលឪពុកម្តាយ ហើយថែមទាំងរកលុយពីខាងក្រៅ ដើម្បីជួយផ្គត់ផ្គង់ទៀតនោះ វាគឺពិតជាល្អមែនទែន។
៤) ធ្វើឲ្យឪពុកម្តាយសប្បាយចិត្ត
គ្មានឪពុកម្តាយណាមួយមិនចង់ឲ្យកូនល្អនោះឡើយ ពោលគឺសុទ្ធតែចង់ឲ្យកូនៗក្លាយជាមនុស្ស ពោរពេញទៅដោយសមត្ថភាព និង អាចពឹងពាក់លើជីវិតខ្លួនឯងបាន។ ក្នុងន័យនេះ ឪពុកម្តាយពិតជាសប្បាយចិត្តរកអ្វីប្រៀបមិនបានទេ ប្រសិនបើកូនៗរបស់ខ្លួនមានសមត្ថភាពរកប្រាក់ចិញ្ចឹមជីវិតដោយខ្លួនឯង ដោយមិនពឹងលើទ្រព្យអ្នកផ្ទះ៕
ដោយ៖ អ៊ុន ភក្តី