មូលហេតុសំខាន់ៗ ជួយឲ្យជនជាតិជប៉ុនមានអាយុវែង
ជប៉ុនជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចជឿនលឿន ហើយជីវភាពរបស់ប្រជាជនក៏ល្អណាស់ដែរ។ អ្វីដែលពិសេសនោះ ប្រជាជនប្រទេសនេះគឺមានអាយុវែង ដោយគិតជាមធ្យមស្ត្រីអាចរស់ដល់អាយុ ៨៧ឆ្នាំ ចំណែកបុរសវិញ អាចរស់ដល់អាយុ៨១ឆ្នាំ។ ខាងក្រោមនេះ ជាមូលហេតុសំខាន់ៗ ដែលនាំឲ្យប្រជាជនជប៉ុន មានសុខភាពល្អ និង អាយុវែង៖
១) ធ្វើលំហាត់ប្រាណជាប្រចាំ៖ ថ្វីត្បិតតែប្រជាជនជប៉ុនភាគច្រើនចូលចិត្តជក់បារី ប៉ុន្តែពួកគេតែងធ្វើលំហាត់ប្រាណជាប្រចាំ ហើយវាបានក្លាយទៅជាវប្បធម៌ដ៏ល្អមួយទៅហើយ ជាពិសេសតាំងពីក្មេងៗមកម្ល៉េះ។ បើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ៩៨ភាគរយនៃកុមារជនជាតិជប៉ុន គឺចូលចិត្តដើរ ឬ ជិះកង់ទៅរៀនជាប្រចាំ ជាហេតុនាំឲ្យពួកគេមានសុខភាពរឹងមាំតាំងពីក្មេងមក។
២) បរិភោគត្រីច្រើន៖ ការបរិភោគត្រី គឺជាវប្បធម៌ដ៏សំខាន់មួយរបស់ជនជាតិជប៉ុន ហើយការស្រាវជ្រាវជាច្រើនបង្ហាញថា ការបរិភោគត្រីពិតជាមានគុណប្រយោជន៍សម្រាប់សុខភាពរបស់មនុស្ស ជាពិសេសមិនបង្កឲ្យមានការធាត់លើសទម្ងន់ដូច ការបរិភោគសាច់ផ្សេងៗដែលមានជាតិខ្លាញ់ច្រើន។
៣) នៅតែសកម្មចំពោះការងារ ទោះចូលនិវត្តន៍៖ បើទោះបីជា ចូលនិវត្តន៍ទៅហើយក្តីប៉ុន្តែប្រជាជនជប៉ុនភាគច្រើនដែលមានវ័យចាស់នោះ មិននៅស្ងៀមនោះឡើយ ពោលគឺពួកគេតែងតែធ្វើកិច្ចការផ្សេងៗជាប្រចាំ។ ការធ្វើការងារផ្សេងៗនេះ មិនមែនដើម្បីលុយនោះទេ ប៉ុន្តែជាទម្លាប់មួយទៅហើយដើម្បីធ្វើកិច្ចការល្អៗ នៃជីវិតចុងក្រោយរបស់ពួកគេ។ ការបញ្ចេញកម្លាំងពលកម្ម (សមស្រប មិនហួសកម្លាំង) ជាប្រចាំនៅវ័យចំណាស់បែបនេះ ក៏ជួយឲ្យពួកគេមានសុខភាពប្រសើរផងដែរ។
៤) មានធានារ៉ាប់រងសុខភាព៖ តាមពិតទៅ ជប៉ុនជាប្រទេសមួយដែលមានវិស័យសុខាភិបាលល្អ សម្រាប់ប្រជាជនរបស់ខ្លួន ប៉ុន្តែប្រជាជនភាគច្រើនក៏ចំណាយលុយទៅលើសេវាធានារ៉ាប់រងសុខភាពបន្ថែមទៀត ដើម្បីធានាថា ពួកគេនឹងមិនប្រឈមបញ្ហាផ្សេងៗដោយហេតុណាមួយ៕
ដោយ៖ រតនា វិចិត្រ ប្រភព៖ www.lifehack.org