រឿងរ៉ាវ​សំខាន់ៗ​​ ​ដែល​មនុស្ស​​ភាគច្រើនតែង​​មាន​វិប្បដិសារី​បំផុត​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​​



ជាទូទៅ​ ​សិស្ស​ភាគ​ច្រើន​ចង់​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​ឲ្យ​បាន​ចប់​ ​​ដើម្បី​អាច​ធ្វើការ​​ដែល​ខ្លួន​ពេញ​ចិត្ត ​និង សន្សំ​ប្រាក់​ឲ្យ​បាន​ច្រើន​។ ​ប៉ុន្តែ​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​ហើយ​នោះ ​​មនុស្ស​ជាច្រើន​តែង​​មាន​វិប្បដិសារី​ទៅ​វិញ​ ​​ព្រោះ​ថា​អ្វីៗ​ខុស​ពី​ការ​រំពឹង​ទុក​របស់​ខ្លួន​។ ខាង​ក្រោម​នេះ​ ​គឺ​ជា​​រឿង​ទាំង​មួយ​ចំនួន​ដែល​មនុស្ស​មាន​វិប្បដិសារី​ ​ក្រោយ​ពេល​រៀន​ចប់​៖​​

១) ​​ជ្រើសរើស​មុខវិជ្ជា ឬ ជំនាញ​ខុស​៖​​ ​មាន​មនុស្ស​មិន​តិច​ទេ​ ​ដែល​ពេល​ចូល​សិក្សា​នៅ​មហាវិទ្យាល័យ​នោះ​ ​​មិន​បាន​ដឹង​ច្បាស់​ថា ​​មុខវិជ្ជា​មួយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត ​និង ត្រូវ​ជាមួយ​​សមត្ថភាព​របស់​ខ្លួន ​ដោយ​រៀន​​ផ្អើល​តាម​គ្នា​ប៉ុណ្ណោះ​​​។​ ​ដូច្នេះ​ហើយ ​​ក្រោយ​ពេល​​បញ្ចប់​ការ​សិក្សា​ ​ ​ពួកគេ​មិន​អាច​ប្រើប្រាស់​ចំណេះដឹង​ដែល​ខ្លួន​រៀន​នោះ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជីវិត​បាន​ដោយ​ងាយ​ឡើយ ​ព្រោះ​​ថា ​មាន​តែ​ក្រដាស​​មួយ​សន្លឹក​​ ​ដែល​បញ្ជាក់​ថា ​បាន​បង់លុយ​រៀន​អស់​៤​ឆ្នាំ​ប៉ុណ្ណោះ​។ ​ដូច្នេះ​ហើយ ​នៅ​ពេល​ចង់​សិក្សា​អ្វី​មួយ ​ត្រូវ​គិត​ឲ្យ​ច្បាស់​​ដើម្បី​កុំ​ឲ្យ​មាន​វិប្បដិសារី​ទៅ​ថ្ងៃ​ក្រោយ។

២) ​ពូកែ​នៅ​សាលា តែ​ខ្វះ​បទពិសោធន៍​ក្នុង​សង្គម​៖ ​មាន​ករណី​ខ្លះ​កើត​ឡើង​ ​ដោយសារតែ​​​មនុស្ស​មួយ​ចំនួន​ ​បាន​ខិតខំ​រៀន​យ៉ាង​ខ្លាំង​នៅ​សាលា​ ​ហើយ​ក៏​មាន​លទ្ធផល​ជាទី​ពេញ​ចិត្ត​ផង​ដែរ​។ ​ប៉ុន្តែ​ពួកគេ​រវល់​តែ​ខិតខំ​រៀន​នៅ​តែ​សាលា ​ជាមួយ​មោទនភាព​ជ្រុល​របស់​ខ្លួន​ ​ដោយ​ភ្លេច​គិត​អំពី​ការ​រៀនសូត្រ​​​ក្នុង​សង្គម​ជាក់​ស្តែង​។ ​ក្នុង​ន័យ​នេះ​ ​មាន​ន័យ​ថា ​​ពួកគេ​មិន​បាន​សន្សំ​បទពិសោធន៍​ ​និង ​​ចូលរួម​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​ច្រើន​នោះ​ទេ​​​​ ​ពោល​គឺ​គិត​តែ​រៀន​ទ្រឹស្ដី​នៅ​សាលា​តែ​មួយ​មុខ​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ត្រូវ​ខក​ចិត្ត​នៅ​ពេល​រៀន​ចប់​ ​​​​ព្រោះ​ថា​​ ​​​​អ្នក​ខ្លះ​មិន​ពូកែ​ខ្លាំង​ណាស់ណា​ទេ​នៅ​សាលា ​ប៉ុន្តែ​ដោយសារ​ធ្លាប់​មាន​បទពិសោធន៍​ច្រើន​ ​ក្នុង​ការ​​ធ្វើការ​ច្រើន​ក្នុង​សង្គម​ជាក់ស្តែង​នោះ ​ធ្វើ​ឲ្យ​ពួកគេ​ហាក់​ទទួល​បាន​ឱកាស​ការងារ​ល្អ​ជាង​អ្នកដទៃ​ទៅវិញ​។

៣) ​មិន​អាច​ធ្វើការ​ដែល​ជា​ក្តី​ស្រមៃ​ខ្លួន៖ ​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ​សម្រាប់​មនុស្ស​គ្រប់គ្នា​ ​​គឺ​នៅ​ពេល​ដែល​ពួកគេ​មិន​អាច​ធ្វើការ​ក្នុង​តំណែង​ ​ឬ ​ផ្នែក​ណា​មួយ​ដែល​ខ្លួន​ចង់បាន​ជា​យូរណាស់​មក​ហើយ។ ​ប្រការ​នេះ​អាច​បណ្តាល​​​មក​ពី​ចំណេះដឹង​ ​និង ជំនាញ​​​នៅ​មាន​កម្រិត​ ​​ហើយ​ពេល​ខ្លះ​ដោយសារតែ​ ​​ទីផ្សារ​​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពេក​ដែល​មិន​ងាយ​នរណា​ម្នាក់​អាច​ធ្វើ​បាន​។

៤) ​បរាជ័យ​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​៖ ​ផែនការ​ជីវិត​ ​គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ហើយ​មិនមែន​មាន​ន័យ​ថា ​រៀន​បាន​សញ្ញាបត្រ​ខ្ពស់​​គឺ​​ចេះ​រៀបចំ​ផែនការ​ជីវិត​ឲ្យ​បាន​ប្រសើរ​នោះ​ឡើយ​។ ​មាន​មនុស្ស​ខ្លះ​មិន​ដឹង​ថា ខ្លួន​គួរ​ធ្វើ​អ្វី​ក្រោយ​ពេល​រៀន​ចប់​ ​​ហើយ​ក៏​មិន​ដឹង​ថា ​​ត្រូវ​ដើរតាម​ផ្លូវ​ណា​ដើម្បី​សម្រេច​តាម​ក្តី​​ប្រាថ្នា​របស់​ខ្លួន​ដែរ​។ បើ​បរាជ័យ​នៅ​សាលា​ ​មិនមែន​មាន​ន័យ​ថា ​អ្នក​បរាជ័យ​ក្នុង​ជីវិត​នោះ​ឡើយ ​ប៉ុន្តែ​បើ​បរាជ័យ​ក្នុង​ការ​រៀបចំ​ផែនការ​ជីវិត​ ​នោះ​នាំ​ឲ្យ​អ្នក​ត្រូវ​ប្រឈម​ការ​លំបាក​ជាច្រើន​៕

ដោយ​៖ រតនា​​​ ​វិចិត្រ​

X
5s