ត្រូវ​ពិចារណា​​ចំណុច​សំខាន់ៗ​ទាំងនេះ​សិន​​ ​មុន​សម្រេច​ចិត្ត​ខ្ចី​​បំណុល​គេ​ ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ថ្ងៃ​ក្រោយ​​



​ការ​ជំពាក់​បំណុល​គេ​ ​គឺ​ជា​រឿង​ជៀស​មិន​ផុត​ ​ជា​ពិសេស​​អ្នក​ដែល​ត្រូវ​ការ​យក​លុយ​ដើម្បី​ដោះស្រាយ​បញ្ហា​ ​បន្ទាន់​ ​និង ​ការ​ពង្រីក​អាជីវកម្ម​ជា​ដើម​។ ​​ប៉ុន្តែ​យ៉ាងណាក៏ដោយ ​ពាក្យ​ថា​បំណុល​នេះ​ ​នឹង​ធ្វើ​ឲ្យ​អ្នក​ជួប​បញ្ហា​ធ្ងន់ធ្ងរ​​​ ​ប្រសិនបើ​​មិន​​ចេះ​ប្រើ​វា​ឲ្យ​បាន​ត្រឹម​ត្រូវ​ ​និង គ្មាន​វិធី​ក្នុង​ការ​​សងបំណុល​គេ​វិញ​។ ​ដូច្នេះ​​ហើយ​ ​​មុន​ពេល​សម្រេច​ចិត្ត​ ​ខ្ចី​បំណុល​គេ​ ​អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​សិន​៖​ ​១) ​គោល​បំណង​​​៖ ​បើ​អ្នក​ពិត​ជា​ត្រូវ​ការ​លុយ​បន្ទាន់​ ​ដើម្បី​យក​ទៅ​ដោះស្រាយ​បញ្ហា​មែន​នោះ​ ​មិន​អី​ទេ​ប៉ុន្តែ​​បើ​ខ្ចី​លុយ​មក​គ្រាន់​តែ​ចាយ​ប្រចាំ​ថ្ងៃ​ ​វា​ជា​​កំហុស​ដ៏​ធ្ងន់​បំផុត​។ ​ ​មនុស្ស​មួយ​ចំនួន​នៅ​តាម​ទី​ជនបទ​ដែល​គ្មាន​ចំណេះដឹង​ ​តែង​តែ​ខ្ចី​បំណុល​ធនាគារ​ ​ឬ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ ​ឬ បុគ្គល​ណាមួយ​​​ដោយ​គ្មាន​គោលដៅ​ច្បាស់លាស់​ ​ពោល​គឺ​គ្រាន់​តែ​ដើម្បី​ទិញ​ម៉ូតូ​ ​ឬ វត្ថុ​ផ្សេងៗ​ដែល​កូន​ចង់​បាន​ប៉ុណ្ណោះ​។​ ​ប្រការ​នេះ​ហើយ​ ​ជា​ហេតុ​នាំ​ឲ្យ​ពួកគេ​បាត់បង់​អចលនទ្រព្យ ​ដូចជា​ ​ដី​ ​ឬ ​ផ្ទះ​ជា​​បន្តបន្ទាប់​។ ២) ​​ពិនិត្យ​មើល​អត្រា​ការប្រាក់​៖ ​មុន​សម្រេច​ចិត្ត​ខ្ចី​លុយ​ពី​កន្លែង​ណា​មួយ ​អ្នក​ត្រូវ​​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ ​​អំពី​អត្រា​ការប្រាក់ ​ព្រោះ​ថា​បើ​អត្រា​ការប្រាក់​ខ្ពស់​ពេក​នោះ​ ​​ប្រៀប​ដូច​ជា​យក​ខ្សែ​មក​រឹតក​ខ្លួន​ឯង​ ​ដោយហេតុ​ថា ​​គ្មាន​​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​សង​ទៅវិញ​។ ដូច្នេះ​ហើយ ​អ្នក​​ត្រូវ​តែ​ថ្លឹងថ្លែង​​ឲ្យ​បាន​ច្បាស់​។ ៣) ​​សង​ដោយ​របៀបណា​៖ ​​មនុស្ស​មួយ​ចំនួន​ ​ភ្លេច​គិត​ថា​ ​ខ្លួន​ត្រូវ​សង​​បំណុល​គេ​ដោយ​របៀប​ណា​ ​ក្រោយ​ពេល​ខ្ចី​លុយ​គេ​រួច​មក​។ ​ក្នុង​ន័យ​​នេះ​ ​អ្នក​ត្រូវ​ប្រាកដ​ថា ​ប្រាក់ខែ​ ​ឬ ចំណូល​អាជីវកម្ម​របស់​អ្នក​គឺ​មាន​សក្ដានុពល​គ្រប់គ្រាន់​ក្នុង​ការ​​សង​បំណុល​​ឲ្យ​គេ​វិញ​ ​ទៅ​តាម​ពេល​កំណត់​។ ៤) ​​ពិនិត្យ​មើល​កិច្ច​សន្យា​ច្បាស់លាស់​៖ ​​​ដើម្បី​ប្រាកដ​ថា ​ការ​ជំពាក់​បំណុល​របស់​អ្នក​នឹង​មិន​បង្ក​បញ្ហា​ស្មុគស្មាញ​ទៅ​ថ្ងៃ​ក្រោយ ​អ្នក​ត្រូវ​តែ​មាន​កិច្ចសន្យា​មួយ​ដែល​ច្បាស់លាស់​ ​ដែល​ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀង​គ្នា​។ ​កិច្ចសន្យា​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​ដើម្បី​ជៀសវាង​ការ​បន្លំ​ ​ឬ បោកប្រាស់​ផ្សេងៗ​ ​ដែល​នាំ​ឲ្យ​ខាតបង់​ធ្ងន់ធ្ងរ​។ ​នៅ​តាម​ទី​ជនបទ​ ​បញ្ហា​ជាច្រើន​បាន​កើត​មាន​ ​ជា​ពិសេស​ការ​ខ្ចី​បំណុល​រវាង​បុគ្គល ​និង បុគ្គល​ ​ដូច្នេះ​ហើយ​គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រការ​នេះ​៕ ​​ដោយ​៖ ​​អ៊ុន ​ភក្តី​ ប្រភព៖ ​www.telegraph.co.uk, www.caab.org & www.moneyhabits.com
X
5s