មហាអំណាចប្រេងធំបំផុតក្នុងលោក ជួបគ្រោះធំនៅ ៥ឆ្នាំទៀត
មហាអំណាចសេដ្ឋកិច្ចធំបំផុតនៅមជ្ឈិមបូព៌ាគឺ អារ៉ាប៊ីសាអ៊ូឌីតនឹងជួបបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរនៅក្នុងរយៈពេល ៥ឆ្នាំខាងមុងទៀតនេះ ដោយសារតែតម្លៃប្រេងបន្តធ្លាក់ចុះ។ នេះបើតាមការព្រមានពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
នៅក្នុងរបាយការណ៍ទស្សនៈសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ាដែលចេញដោយមូលនិធិរូបិយវត្ថុអន្តរជាតិកាលពីពេលថ្មីៗនេះបានឱ្យដឹងថា អារ៉ាប៊ីសាអ៊ូឌីតប្រឈម ឱនភាពថវិកាប្រមាណ ២១,៦% នៅឆ្នាំ២០១៥ និង ១៩,៤%នៅឆ្នាំ២០១៦។
របាយការណ៍ដដែលឱ្យដឹងបន្តទៀតថា បើតម្លៃប្រេងនៅបន្តធ្លាក់ចុះ ហើយរដ្ឋាភិបាលនៅតែរក្សាគោលនយោបាយសេដ្ឋកិច្ចដដែល នោះប្រទេសមហាអំណាចសេដ្ឋកិច្ចប្រេងមួយនេះនឹងអស់ថវិកានៅក្នុងរយៈពេលតិចជាង ៥ឆ្នាំ។
ដោយឡែក បណ្ដាប្រទេសនាំចេញប្រេងផ្សេងទៀតដែលស្ថិតនៅតំបន់នេះដែរដូចជាប្រទេស គុយវ៉ែត កាតារ និងសហភាពអារ៉ាប់រួម មានហិរញ្ញវត្ថុរឹងមាំ គឺអាចទ្រទ្រង់បានប្រមាណ ២០ឆ្នាំទៅមុខទៀត។
អារ៉ាប៊ីសាអ៊ូឌីត គឺកំពុងប្រឈមនឹងឱនភាពថវិកាជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៩ ដែលបង្កឡើងដោយសារតែតម្លៃប្រេងធ្លាក់ចុះខ្លាំង (slump in oil prices)។ ក្នុងឆ្នាំ ២០១៥ នេះវិញ គឺប្រទេសនេះជួបឱនភាពប្រមាណជាង ៣៨ពាន់លានដុល្លារ៕
ដោយ៖ មហាឬទ្ធិ