តើធ្វើយ៉ាងណា ដើម្បីក្លាយជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់?
វិចិត្រករ អ្នករចនាម៉ូដ អ្នកបង្កើតបច្ចេកវិទ្យាទំនើបថ្មីៗ និងសហគ្រិន ដែលសុទ្ធតែជាបុគ្គលតំណាងឲ្យភាពច្នៃប្រឌិត តើបុគ្គលដែលបង្កើតការផ្លាស់ប្ដូរមុខមាត់ថ្មីសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិទាំងនេះ អាចជំរុញឲ្យគំនិតក្រៅប្រអប់ផុសឡើងមកបានយ៉ាងដូចម្ដេច ?
ជាដំបូងបង្អស់ អ្នកត្រូវយល់ឲ្យច្បាស់សិនថា ភាពច្នៃប្រឌិតមិនមែនមានមកពីកំណើតនោះទេ នេះបានន័យថាវាជាសមត្ថភាពដែលមនុស្សទូទៅគ្រប់គ្នាអាចបណ្ដុះបាន។ បើអ្នកយល់ថាមានតែបុគ្គលសំណាងមួយចំនួនប៉ុណ្ណោះ ដែលអាចកើតមកជាមួយភាពច្នៃប្រឌិតពីកំណើត នោះអ្នកកំពុងតែមានការគិតបែបអន់ថយ ដែលរុញសង្កត់ដាក់ព្រំដែនកំណត់សក្ដានុពលរបស់ខ្លួនហើយ។ បើការគិតដែលជាប្រភពនៃដំណើរការណ៍រីកចម្រើនឥតឈប់ឈររបស់ពិភពលោកនេះ គឺជាសមត្ថភាពដែលអាចបណ្ដុះបាន ដូច្នេះតើតាមរបៀបណា ? លោក Alex Osborn ជាអតីតនាយកប្រតិបត្តិផ្នែកផ្សព្វផ្សាយរបស់ក្រុមហ៊ុន Madison Avenue នៅទីក្រុងញូយ៉ក កាលពីអំឡុងពាក់កណ្ដាលសតវត្សទី២០ បានប្រើប្រាស់វិធីសាស្ត្រមួយដើម្បីបំផុសគំនិតច្នៃប្រឌិតរបស់បុគ្គលិក ដោយការនឹករកដំណោះស្រាយទៅកាន់បញ្ហាមួយឲ្យបានកាន់តែច្រើនតាមតែអាចរកនឹកឃើញ ឬbrainstorm។ ក្រោយមកនៅពេលលោកចូលនិវត្តទៅ លោកក៏បានឈ្វេងយល់ឃើញថា វាជាការប្រសើរប្រសិនបើមនុស្សត្រូវបានជំរុញឲ្យមានការគិតច្នៃប្រឌិតតាំងពីអំឡុងពេលនៃការទទួលយកការអប់រំក្នុងសាលា ទើបនាំឲ្យលោកបង្កើតអាគារមួយសម្រាប់ជំរុញនូវភាពច្នៃប្រឌិត ក្នុង Buffalo State College។ បន្ទាប់មកលោក Gerard Puccio បានដកយកឫសគល់នៃគំនិតនេះទៅប្រើប្រាស់ក្នុងការបង្រៀនសិស្សរបស់លោកក្នុង Buffalo State Collegeនេះ ដោយគំនិតច្នៃប្រឌិតកើតចេញពី៤ដំណាក់កាល។
ដំណាក់កាលដំបូងគឺជាភាពប្រាកដប្រជាថាអ្នកកំពុងតែសួរសំណួរដ៏ត្រឹមត្រូវ ដំណាក់កាលបន្ទាប់គឺជាការbrainstorm។ ដំណាក់កាលទី៣គឺជាការអភិវឌ្ឍន៍ឬកែសម្រួលឡើងវិញនូវគំនិតទាំងប៉ុន្មានដែលអ្នកបានរកឃើញនោះ។ ជាចុងក្រោយអ្នកត្រូវជាក់ច្បាស់ថាគំនិតរបស់អ្នកអាចយកមកអនុវត្តបាន ហើយបកស្រាយពន្យល់វាទៅកាន់អ្នកដទៃ។ លក្ខណៈនៃការគិតក្នុងទម្រង់នេះគឺជាការរុញច្រានខួរក្បាលរបស់អ្នកឲ្យនៅក្រៅសភាពនៃការគិតបែបវិភាគ និងផ្ចង់អារម្មណ៍ខ្លាំងទៅលើដំណោះស្រាយតែម្យ៉ាង។ ត្រង់ចំណុចនេះការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រក៏បានយល់ស្របជាមួយនឹងការយល់ឃើញដូច្នេះដែរ។ តួយ៉ាងដូចជា អ្នកស្រាវជ្រាវ Joydeep Bhattacharya របស់ Goldsmith University ក្នុងទីក្រុងឡុងដុង បានរកឃើញថាមនុស្សដែលឋិតក្នុងសភាពអារម្មណ៍សម្រាកធូរស្រាល ងាយនឹងអាចរកឃើញនូវដំណោះស្រាយដ៏ច្នៃប្រឌិតទៅកាន់ការដោះស្រាយបញ្ហា។ នេះក៏ដោយសារតែនៅពេលពួកគេសម្រាកធូរស្រាល នោះការគិតដែលរវើរវាយរបស់ពួកគេនឹងនាំមកនូវគំនិតច្រើន ជាជាងជាប់គាំងក្នុងសភាពផ្ចង់អារម្មណ៍ទៅលើគំនិតតែម្យ៉ាង ដែលមានលក្ខណៈជាការគិតតូចចង្អៀត។ លើសពីនេះទៅទៀត អ្នកចិត្តសាស្ត្រ Charlan Nemeth របស់ University of California នៅ Berkeley បានលើកឡើងថា ការលើកទឹកចិត្តឲ្យមានការជជែកវែកញែកគំនិតគ្នា ជាពិសេសរិះគន់គំនិតគ្នាទៅវិញទៅមកក្នុងពេលស្វែងរកដំណោះស្រាយ នឹងនាំមកនូវគំនិតដ៏មានប្រយោជន៍ច្រើនជាជាងបំបិទមិនឲ្យមានការរិះគន់។ ឆ្លងកាត់ដំណាក់កាលទាំងនេះហើយ គំនិតច្នៃប្រឌិតនឹងលេចឡើងមក ដែលជាចម្លើយឆ្លើយនឹងសំណួរដែលអ្នកច្នៃប្រឌិតវត្ថុថ្មីៗទាំងឡាយអាចបង្កើតការផ្លាស់ប្ដូរក្នុងពិភពលោកយើងនេះបានយ៉ាងដូចម្ដេច៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ bbc