René Descartes «បិតាទស្សនវិជ្ជាសម័យទំនើប»
តើនរណាត្រូវបានគេប្រសិទ្ធិនាមជា "បិតាទស្សនវិជ្ជាសម័យទំនើប" ? ជាពលរដ្ឋបារាំងមួយរូបរស់នៅអំឡុងមជ្ឈិមសម័យ ជារយៈកាលដ៏វែងមួយរបស់អឺរ៉ុប ដែលឥទ្ធិពលរបស់ប្រព័ន្ធសិក្សាអារីស្តូតនិងវិហារសាសនាកាតូលិក គ្របដណ្ដប់ទៅលើគ្រប់ស្ថាប័នអប់រំទាំងអស់នៅទូទាំងអឺរ៉ុប សម្រាប់ René Descartes ជាមនុស្សដែលបានដកខ្លួនចេញពីវិថីនៃការសិក្សាដែលមនុស្សជាច្រើនដើរតាម និងឈរសម្លឹងមើលចេញពីជ្រុងម្ខាងផ្សេង បានមើលឃើញពីចន្លោះប្រហោង និងសង្ស័យទៅលើភាពត្រឹមត្រូវនៃប្រព័ន្ធសិក្សាផ្លូវការរបស់អារីស្តូត។
ជារឿងធម្មតានោះទេ នៅពេលមនុស្ស៩នាក់ធ្លាប់តែគិតនិងជឿដោយភស្តុតាងថាផ្លូវទី១ទើបជាផ្លូវត្រឹមត្រូវនាំទៅកាន់គោលដៅត្រឹមត្រូវបាន ក៏ស្រាប់តែមានមនុស្សម្នាក់ចេញមកអះអាងថាផ្លូវទី១ដែលពួកគេធ្លាប់តែគិតថាត្រឹមត្រូវនោះ តាមពិតវាមិនត្រឹមត្រូវទេ។ មនុស្សម្នាក់នេះប្រាកដជាត្រូវបានគេគិតថាបាត់បង់សតិ ហើយស្របពេលដែលសង្គមកំពុងត្រូវបានគ្របដណ្ដប់ដោយអំណាចរបស់វិហារកាតូលិកដូច្នេះផង ម្នាក់នេះនឹងត្រូវគេចោទប្រកាន់ថាប្រឆាំងនឹងបន្ទូលរបស់ព្រះជាម្ចាស់ រួចដាក់ទោសប្រហារជីវិតគេដោយឥតមានការសង្ស័យឡើយ។ នេះហើយគឺជាមូលហេតុនៃការស្លាប់របស់ទស្សនវិទូសូក្រាត ប៉ុន្តែបើពុំមានការកាត់ទោសនេះក៏អ្នកសិក្សាជំនាន់ក្រោយមិនបានមើលឃើញពីគុណធម៌ដ៏មានតម្លៃរបស់សូក្រាតនោះដែរ រីឯDescartesថ្វីត្បិតតែជួបនឹងការមិនគាំទ្រ ប៉ុន្តែមិនបានឈានដល់ការបាត់បង់ជីវិតអ្វីឡើយ។ ប៉ុន្តែ តើអ្វីជាមូលហេតុនាំឲ្យ លោក Descartes មានការសង្ស័យចំពោះភាពត្រឹមត្រូវរបស់ប្រព័ន្ធសិក្សាអារីស្តូត ? ប្រព័ន្ធសិក្សាអារីស្តូតបានបង្គាប់ថា បើអ្នកចង់ដឹងថាហេតុអ្វីបានជារឿងអ្វីមួយវាទៅជាយ៉ាងនេះ ឬយ៉ាងនោះ ការពិតគ្រប់យ៉ាងមានបកស្រាយនៅក្នុងគម្ពីរប៊ីបទាំងអស់។ លក្ខណៈមួយនេះបង្ហាញពីការបង្អាប់តម្លៃទៅលើសមត្ថភាពប្រើប្រាស់វិចារណញ្ញាណរបស់មនុស្សក្នុងការស្វែងរកការពិត។ ម្យ៉ាងទៀត ប្រព័ន្ធសិក្សាដែលមានមូលដ្ឋានចម្បងលើសាសនាមួយនេះ យល់ឃើញថាមនុស្សកើតមកដោយមានខួរក្បាលទទេស្អាត ហើយចំណេះដឹងអាចបង្កើនបាននៅពេលចម្រើនវ័យតាមរយៈបទពិសោធន៍ដោយញាណប៉ុណ្ណោះ។ ការបកស្រាយនេះក៏បានចង្អុលបង្ហាញថា ប្រព័ន្ធសិក្សាបុរាណនេះពឹងផ្អែកទៅលើញាណដើម្បីបកស្រាយពីការពិតនៃធម្មជាតិនេះ។ René Descartes ដែលជាកម្លាំងជំរុញឲ្យមានបដិវត្តន៍វិទ្យាសាស្ត្រដ៏សំខាន់មួយរូប បានលើកឡើងជាមួយនឹងឧទាហរណ៍ប្រៀបធៀបទៅលើក្រមួនឃ្មុំនៅពេលយកទៅដុតកម្ដៅថា រសជាតិទឹកឃ្មុំដែលធ្លាប់មានមុនពេលត្រូវកម្ដៅក៏បានបាត់បង់ ក្លិនដែលជាប់នឹងផ្កាក៏ភាយចេញបាត់ ពណ៌ក៏ផ្លាស់ប្ដូរ រូបរាងក៏បាត់បង់ ហើយវាក៏ក្លាយជាវត្ថុធាតុរាវហើយក្ដៅ ប៉ុន្តែយើងនៅតែអាចសម្គាល់ដឹងបានថាវាជាក្រមួនឃ្មុំដែលរលាយ។ លោកចង់ឲ្យយើងងាកមកចាប់អារម្មណ៍ថា អ្វីដែលយើងដឹងបានដោយញាណអាចតាមពិតពុំមែនជាអ្វីដែលយើងគិតថាបែបនេះនោះទេ មានន័យថាអ្វីៗក៏អាចបំភ័ន្តញាណយើងដោយឥតមានការដឹងខ្លួនបានដែរ។ លោកបន្តថា យើងអាចដឹងដូចម្ដេចបានថា ពេលណាយើងកំពុងតែសុបិន ឬភ្ញាក់ពីសុបិន ? ដូច្នេះដោយការប្រើញាណ យើងមិនអាចស្វែងរកការពិតដែលអាចជាទីទុកចិត្តបាននោះទេ។ នៅពេលទឡ្ហីករណ៍មានមូលដ្ឋានចេញមកពីញាណ ដែលមានលក្ខណៈមិនប្រាកដប្រជាបែបនេះ នោះសេចក្ដីសន្និដ្ឋានដែលទាញចេញពីទឡ្ហីករណ៍ដែលស្មានៗបែបនេះក៏មានលក្ខណៈមិនប្រាកដប្រជាដូចគ្នាដែរ។ វាទាល់តែអ្វីដែលយកមកធ្វើជាមូលដ្ឋានដើម្បីទាញទៅរកសេចក្ដីសន្និដ្ឋានដែលពិតនោះ វាមានមូលដ្ឋានស្ថិតលើការពិតដោយខ្លួនវាសិន។ បើលោកបដិសេធនូវញាណរបស់មនុស្សក្នុងការស្វែងរកការពិតអំពីធម្មជាតិ តើគឺជាអ្វីវិញដែលអាចស្វែងរកការពិតបាន ? ដើម្បីឆ្លើយនឹងសំណួរនេះ លោកបានអះអាងថា គឺដោយការប្រើប្រាស់វិចារណញ្ញាណរបស់មនុស្ស ដែលត្រង់ចំណុចនេះហើយទើបលោកបានក្លាយជា "បិតានៃអ្នកវិចារណញ្ញាណនិយម" ។ ការពិតនឹងអាចឈោងទៅដល់ នៅពេលអ្វីក៏ដោយដែលទុកចន្លោះឲ្យអាចសង្ស័យបាន ត្រូវតែសង្ស័យ និងជជីកសួរទៅដល់ជម្រៅបាតដែលជាមូលហេតុដំបូងបង្អស់បង្កជាហេតុនៃអ្វីមួយឡើង។ អ្នកសាកស្រមៃពីដើមឈើមួយដើម Descartes បានប្រៀបបរមត្ថវិជ្ជា (metaphysic) ទៅនឹងឫសគល់ ដែលផ្ដល់សុវត្ថិភាពសម្រាប់ទ្រទ្រង់ដើមឈើទាំងមូលឲ្យរស់រាន ដែលវាគឺជាមូលដ្ឋានក្នុងការស្វែងរកការពិត។ រូបវិទ្យាប្រៀបដូចជាដើម ដែលលូតលាស់ចេញមកពីឫស និងបន្តផ្ដល់ជាមូលដ្ឋានសម្រាប់មុខវិជ្ជាវិទ្យាសាស្ត្រដទៃទៀត។ មែកឈើដែលបែកចេញពីដើម គឺជាវិទ្យាសាស្ត្រដូចជា វេជ្ជសាស្ត្រ មេកានិច និងក្រមសីលធម៌។ ចំណែកឯផ្លែផ្កាដែលចេញពីមែកឈើមាននៅក្នុងវិទ្យាសាស្ត្រទាំង៣ផ្នែកនេះ ផ្ដល់ប្រយោជន៍ដល់មនុស្សជាតិ។ ហេតុនេះ ដើម្បីដាំដើមឈើនេះបាន បេសកកម្មបន្ទាប់របស់អ្នកវិចារណញ្ញាណរូបនេះ គឺជាការស្វែងរកថាតើត្រូវដាំដើមឈើនេះយ៉ាងដូចម្ដេច ? នេះមានន័យថា ទឡ្ហីករណ៍ត្រូវតែមានលក្ខណៈពិតជាមូលដ្ឋានដោយខ្លួនវា នោះសេចក្ដីសន្និដ្ឋានដែលទាញចេញពីអ្វីដែលពិតក៏នឹងពិតដូចគ្នាដែរ។ ផ្អែកតាមDescartesអ្វីដែលមានមូលដ្ឋានពិតដោយខ្លួនវា នោះគឺរេខាគណិត ដោយហេតុថា២+៣=៥ ទោះជាអ្នកដែលជឿវា កំពុងគេងលក់ឬភ្ញាក់ក៏ដោយ។ ចាប់ផ្ដើមត្រង់ចំណុចនេះ លោកក៏បានប្រើប្រាស់រេខាគណិតជាមូលដ្ឋានសម្រាប់ជាផ្លូវដើម្បីស្វែងរកការពិតអំពីធម្មជាតិនៃសកលលោកនេះដោយការធ្វើអនុមានញែក។ ជនដែលដុតភ្លើងឲ្យមានការបដិវត្តន៍វិទ្យាសាស្ត្ររូបនេះ ទទួលបានកិត្តិនាមល្បីរន្ទឺក៏ដោយសារតែឃ្លាមួយរបស់លោកថា "I think therefore I am"។ ក្នុងន័យថាអ្វីដែលត្រូវសង្ស័យត្រូវតែសង្ស័យ ដូច្នេះសូម្បីតែសំណួរថា "តើខ្ញុំមានអត្ថិភាពពិតមែនឬអត់? " ព្រោះថាអ្វីៗដែលយើងគិតថាជាការពិត អាចជាការបំភ័ន្តក៏យើងមិនដឹង។ ប៉ុន្តែបើទោះជាខ្ញុំត្រូវបានបំភ័ន្តពីការពិតក៏ដោយ ហើយពិភពលោកដែលខ្ញុំកំពុងរស់នៅពិតមែនឬអត់ក៏ដោយ ខ្ញុំនៅតែមានអត្ថិភាពក៏ព្រោះតែយ៉ាងហោចណាស់ក៏ខ្ញុំអាចរស់នៅមានអត្ថិភាពអាចឲ្យអ្វីៗទាំងនោះមកបំភ័ន្តខ្ញុំបានដែរ។