​កត្តា​៣​សំខាន់ៗ​ ​ដែល​នាំ​​ឲ្យ​​សង្គ្រាម​នៅ​​អាស៊ី​ ​​ពិបាក​ជៀស​ផុត​​នៅ​ពេល​ខាង​មុខ​​!​​



បច្ចុប្បន្ន​ ​នៅ​លើ​ពិភពលោក​មាន​បញ្ហា​​ស្មុគស្មាញ​ជាច្រើន​ដែល​កំពុង​កើត​មាន​។ ចំពោះ​នៅ​តំបន់​អាស៊ី​វិញ ក៏​សម្បូរ​ណាស់​ដែរ ​​ហើយ​មាន​អ្នក​ជំនាញ​មួយ​ចំនួន​យល់​ឃើញ​ថា សង្គ្រាម​ងាយ​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ណាស់ ​ប្រសិនបើ​​ ​គ្មាន​ដំណោះស្រាយ​សមស្រប​នោះ​ទេ​។ ​ខាងក្រោម​នេះ ​ជា​​កត្តា​៣​សំខាន់ៗ​ ​ដែល​នាំ​ឲ្យ​តំបន់​អាស៊ី​ងាយ​នឹង​ផ្ទុះ​សង្គ្រាម​៖​​​

  1. បញ្ហា​ទំនាក់ទំនង​រវាង​ចិន ​និង ជប៉ុន៖ ចិន​ ​និង ជប៉ុន​ជា​ប្រទេស​ដែល​ក្បែរ​ខាង​​គ្នា ​ហើយ​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​យូរ​មក​​ហើយ​តាំង​ពី​សម័យ​ដើម​មក​។ ​បច្ចុប្បន្ន​នេះ ​អ្វី​ដែល​​យើង​អាច​សង្កេត​ឃើញ​ចំណុច​មួយ​ដែល​ធ្វើ​ប្រទេស​ទាំង​ពីរ​អាច​នឹង​ប្រឈមមុខ​ដោយ​ប្រើ​កម្លាំង​បាយ​នោះ ​គឺ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​កើត ។ ​ប្រទេស​ទាំង​ពីរ​សុទ្ធតែ​អះអាង​ថា ​កោះ​សេនកាគូ​ជា​របស់​ខ្លួន ​​ខណៈ​បច្ចុប្បន្ន​កោះ​នេះ​កំពុង​កាន់កាប់​ជា​ផ្លូវ​ការ​ដោយ​ជប៉ុន​។ ​ប៉ុន្តែ​ជា​ញយដង​ ​ចិន​​តែងតែ​បញ្ជូន​នាវាចម្បាំង​ ​និង យន្តហោះ​ចម្បាំង​ក្រវែល​ចុះ​ឡើង​នៅ​តំបន់​កោះ​នោះ ​ធ្វើ​ឲ្យ​ជប៉ុន​ដែល​ធ្លាប់​តែ​មាន​អំណាច​ខ្លាំង​មុន​សម័យ​​សង្គ្រាម​លោក​បញ្ចប់​នោះ ​​តែង​ផ្ទុះ​កំហឹង​ ​ហើយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​ថ្កោលទោស​ចំពោះ​ចិន​។ ​ប៉ុន្តែ​ចិន​​នៅ​តែ​ឆ្មក់​ចូល​ទៅ​តំបន់​នោះ ​ដដែល​។

    ​​បច្ចុប្បន្ន​នេះ ជប៉ុន​មិន​មាន​កម្លាំង​ទ័ព​ខ្លាំងក្លា​ដូច​អតីត​កាល​​ឡើយ​ ​ក្រោយ​ពេល​ខ្លួន​ចាញ់​សង្គ្រាម​អាមេរិក ​គឺ​​រដ្ឋធម្មនុញ្ញ​របស់​ជប៉ុន ​មិន​អនុញ្ញាត​ឲ្យ​ពង្រឹង​កម្លាំង​យោធា​ដូច​ពី​មុន​ឡើយ ​ពោល​គឺ​គ្រាន់​តែ​​អាច​ធ្វើ​ឡើង​ក្នុង​ន័យ​ដើម្បី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ ​ចំពោះ​ការ​ធានា​សន្តិសុខ​ ​នៅ​ពេល​មាន​ការ​ឈ្លានពាន​ពី​បរទេស​ ​គឺ​មាន​អាមេរិក​ជា​អ្នក​ការពារ។ ​ប៉ុន្តែ​​​ចាប់​តាំង​ពី​លោក ​ស៊ីនហ្សូ ​អាបេ ​នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ឡើង​កាន់​អំណាច​​នៅ​ចុង​ឆ្នាំ​២០១២​មក ប្រទេស​ជប៉ុន​បាន​ព្យាយាម​ផ្លាស់​ប្តូរ​មុខ​មាត់​ខ្លាំង​​ ​ដោយ​ព្យាយាម​ពង្រឹង​អំណាច​យោធា​របស់​ខ្លួន​បន្តិច​ម្តងៗ។ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ ​​គណៈរដ្ឋមន្ត្រី​ជប៉ុន​បាន​អនុម័ត​គម្រោង​ថវិកា​ថ្មី​មួយ​ ​ដើម្បី​ពង្រឹង​ដល់​វិស័យ​ការពារ​ជាតិ​​របស់​ខ្លួន​ ​ស្រប​ពេល​ដែល​ចិន​កំពុង​ពង្រឹង​សាច់ដុំ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ ​ដែល​​ប្រការ​នេះ​នាំ​ឲ្យ​ជប៉ុន​មាន​​ការ​មិន​ស្រណុក​ចិត្ត​ឡើយ​។ ​ដូច្នេះ​ហើយ​ ​ក្នុង​ស្ថានភាព​នេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មួយ​ចំនួន​យល់​ឃើញ​ថា ​បើ​ស្ថានការណ៍​នៅ​តែ​មិន​ធូរស្រាល​ទេ ​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ​ពិត​ជា​ងាយ​នឹង​ផ្ទុះ​ឡើង​ខ្លាំង​ណាស់​។
  2. បត្តិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​៖ ​បច្ចុប្បន្ន​នេះ ​​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ​ជា​ប្រធាន​បទ​ដ៏​សែន​ក្តៅ​បំផុត​​ ​ដែល​ពិភពលោក​កំពុង​តាមដាន​ ​និង ពិភាក្សា​។ ​ជម្លោះ​នេះ​កើត​ឡើង​រវាង​ប្រទេស​ចិន ​និង បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​ផ្សេង​ទៀត​ ​ដូចជា​ ​វៀតណាម ​ហ្វីលីពីន ​ម៉ាឡេស៊ី ​​ប្រ៊ុយណេ​ ​និង តៃវ៉ាន់​ផង​ដែរ​។ ​​មួយ​រយៈ​ចុងក្រោយ​នេះ ​មាន​ប្រទេស​ពីរ​ដែល​តែង​ប្រឈម​មុខ​តានតឹង​ខ្លាំង​ជាមួយ​នឹង​ចិន ​គឺ​មាន​ប្រទេស​វៀតណាម ​និង ​ហ្វីលីពីន​។ ​ ​​ដោយសារតែ​ស្ថានភាព​តានតឹង​ខ្លាំង​ ​ជា​ពិសេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​ផង​នោះ ​​ប្រទេស​វៀតណាម ​និង ហ្វីលីពីន​បាន​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​នឹង​អាមេរិក​ ​​ដើម្បី​អាច​យក​ឥទ្ធិពល​អាមេរិក​មក​ទប់ទល់​ជាមួយ​ចិន​។​​ ​ជា​មួយ​គ្នា​នោះ ចិន​បាន​ព្រមាន​ធ្វើ​យ៉ាង​ណា​ឲ្យ​អាមេរិក​នៅ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​ជម្លោះ​នេះ ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ​ ​បញ្ហា​មិន​ងាយ​នឹង​បញ្ចប់​ឡើយ​ ​​ហើយ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​យ៉ាង​ងាយ​បំផុត​។ ​ ​ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន ​ចិន​បាន​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​​ដែល​ធ្វើ​ឲ្យ​ភាគី​ជម្លោះ​ ​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​ ​ប៉ុន្តែ​មិន​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​បញ្ឈប់​ចិន​។ ជា​មួយ​គ្នា​នោះ​ដែរ អាមេរិក​ក៏​បង្ហាញ​ពី​ក្តី​មិន​សប្បាយ​ចិត្ត​ចំពោះ​​សកម្មភាព​របស់​ចិន ​ហើយ​ក៏​បញ្ជូន​យន្តហោះ​ ​និង នាវា​ចម្បាំង​ទៅ​ក្រវែល​តំបន់​កោះ​នោះ​ផង​ដែរ ​ជាហេតុ​នាំ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ​។ ​​ក្នុង​ស្ថានភាព​នេះ ​​​សង្គ្រាម​ពិត​ជា ​ងាយ​នឹង​ផ្ទុះ​ឡើង​ណាស់​ ​បើ​ដំណោះស្រាយ​មិន​អាច​​ធ្វើ​ឡើង​ដោយ​សន្តិវិធី​ទេ​។
  3. បញ្ហា​កូរ៉េខាងជើង​៖ ​កូរ៉េខាងជើង​ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ថា ​ជា​ប្រទេស​ក្រីក្រ និង ផ្ដាច់ការ​បំផុត​ ​ហើយ​ប្រជាជន​រស់នៅ​យ៉ាង​វេទនា។ ​ប៉ុន្តែ​រដ្ឋាភិបាល​គ្រប់​ជំនាន់​ ​គឺ​តាំង​ពី​ជីតា​ដល់​ចៅ​ ​​ផ្តោត​សំខាន់​តែ​លើ​​វិស័យ​ការ​ពារ​ជាតិ​ប៉ុណ្ណោះ ជា​ពិសេស​កម្មវិធី​នុយក្លេអ៊ែរ​។ អង្គការ​សហប្រជាជាតិ ​បាន​ដាក់​ទណ្ឌកម្ម​ជាច្រើន​ដង​ទៅ​ហើយ​ ​លើ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ ​​ប៉ុន្តែ​​មិន​មាន​អ្វី​ផ្លាស់​ប្តូរ​នោះ​ឡើយ​។ ​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​កូរ៉េខាងជើង តែង​បង្អួត​ពី​អនុភាព​របស់​ខ្លួន ​ដោយ​គំរាម​វាយប្រហារ​កូរ៉េខាងត្បូង​ ​និង សហរដ្ឋអាមេរិក​ទៀត​ផង​។ ​ អស់​ពេល​ជា​យូរ​​មក​ហើយ​ ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​​នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​នៅ​ឡើយ ​​​ហើយ​បើ​កម្តៅ​នៅ​តែ​បន្ត​កើន​ឡើង​មែន​នោះ ​សង្គ្រាម​នុយក្លេអ៊ែរ​នឹង​ផ្ទុះ​ឡើង​ ​ត្បិតអី​កូរ៉េខាងជើង​ត្រូវ​និយាយ​គេ​សន្និដ្ឋាន​​ថា ​កំពុង​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ជាច្រើន​៕

    ដោយ​៖ ​អ៊ុន ​ភក្តី​
    ​ប្រភព៖ www.nationalinterest.org & time.com
X
5s