អាចទៅរួចដែរទេ បើអ្វីដែលអ្នកហៅថាការពិតគ្រាន់តែជាការធ្វើពិសោធន៍របស់អ្នកប្រាជ្ញបិសាច ?
ឧទាហរណ៍ថាបទពិសោធន៍ដែលយើងកំពុងរស់នៅរាល់ថ្ងៃដែលយើងចាត់ទុកថាជាការពិត គឺគ្រាន់តែជាការធ្វើពិសោធន៍របស់អ្នកប្រាជ្ញបិសាចម្នាក់ទៅលើខួរក្បាលរបស់យើងនៅក្នុងបន្ទប់ពិសោធន៍ប៉ុណ្ណោះ។ អ្នកប្រាជ្ញបិសាចម្នាក់នេះបានដកយកខួរក្បាលរបស់មនុស្សយើងទាំងអស់គ្នាចេញទៅដាក់នៅក្នុងក្រឡកែវមួយ ហើយចិញ្ចឹមខួរក្បាលនេះជាមួយនឹងអាហារបំប៉នចាំបាច់សម្រាប់ទ្រទ្រង់ខួរក្បាលឲ្យមានជីវិតបាន ហើយអ្នកប្រាជ្ញម្នាក់នេះមានប្រព័ន្ធកុំព្យូទ័រដ៏ទំនើបដែលមានសមត្ថភាពអាចភ្ជាប់ខួរក្បាលរបស់យើងទៅនឹងកុំព្យូទ័រនោះដោយបញ្ចូលទិន្នន័យណាដែលអ្នកប្រាជ្ញនេះចង់បញ្ចូលទៅកាន់ខួរក្បាលយើង ហើយក៏បំភ័ន្តយើងឲ្យយល់ច្រឡំថាអ្វីដែលយើងកំពុងរស់នៅគឺជាការពិតរបស់យើង។
តើអ្នកយល់ឃើញដូចម្ដេចវិញ ? ច្បាស់ណាស់ថាអ្នកប្រាកដជាប្រឆាំងជាមួយនឹងការលើកឡើងដូចនេះហើយ ប៉ុន្តែតើអ្នកមានអ្វីយកមកបញ្ជាក់ថាអ្វីដែលអ្នកកំពុងហៅថាជាការពិតនោះ គឺជាការពិតពិតប្រាកដមែន ? ឬក៏អ្វីៗពិតដូចការលើកឡើងខាងលើនេះបានអះអាងមក ? ការយល់ឃើញអំពីខួរក្បាលនៅក្នុងក្រឡកែវនេះ ត្រូវបានលើកឡើងដោយអ្នកប្រាជ្ញទស្សនវិទូបារាំង René Descartes ក្នុងឆ្នាំ១៦៤១នៅក្នុងស្នាដៃរបស់លោក Meditations on First Philosophy។ លោកគឺជាបិតាទស្សនវិជ្ជាសម័យទំនើបនៅក្នុងបដិវត្តន៍វិទ្យាសាស្ត្រ ហើយក៏ជាអ្នកគិតបែបវិចារណញ្ញាណនិយមមួយរូបផងដែរ។ ជាមួយនឹងការប្រឆាំងនឹងគំនិតដែលមានលើជំនឿថាញាណរបស់មនុស្សគឺជាប្រភពនៃការស្វែងរកការពិតអំពីធម្មជាតិនៃចក្រវាលនេះ លោកជឿថាការពិតនឹងអាចរកឃើញបានដោយការប្រើប្រាស់វិចារណញ្ញាណ។ លោកបានអះអាងដោយគាំទ្រនឹងគំនិតរបស់ខ្លួនថា តើយើងអាចស្វែងរកការពិតដែលគួរជឿទុកចិត្តពីញាណរបស់យើងដែលអាចបំភ័ន្តការពិតអំពីយើងយ៉ាងដូចម្ដេចបាន ? តើយើងអាចវែកញែកឲ្យដាច់ពីគ្នាយ៉ាងដូចម្ដេចថាតើយើងកំពុងតែសុបិន ឬជាការពិត ? លោកលើកឡើងថាមានពេលខ្លះលោកយល់ថាលោកកំពុងរស់នៅក្នុងការពិត ទាល់តែពេលភ្ញាក់ពីសុបិនទើបលោកដឹងថាវាគ្រាន់តែជាការសុបិនប៉ុណ្ណោះ។ ដូច្នេះលោកក៏បន្តសង្ស័យទៅលើអ្វីដែលលោកគិតរាល់ថ្ងៃថាជាការពិត អាចគ្រាន់តែជាសុបិនដែរឬ ? ការសង្ស័យបែបនេះក៏នាំលោកទៅដល់ជំនឿថាអ្វីដែលយើងកំពុងរស់នៅថាជាការពិត តាមពិតគ្រាន់តែជាសុបិនប៉ុណ្ណោះ ឬមានន័យថាការពិតគឺត្រូវបានបង្កើតឡើងដោយយើងខ្លួនឯងនោះទេ ហើយយើងអាចដឹងថាវាគ្រាន់តែជាសុបិន ទាល់តែយើងបានភ្ញាក់ពីការសុបិននោះ។ យ៉ាងណាមិញ បើលោកយល់ថាអ្វីដែលមនុស្សកំពុងរស់នៅក្នុងសុបិន ហើយយល់ច្រឡំថាជាការពិត ដូច្នេះតើលោកអាចដឹងថាយើងកំពុងរស់នៅក្នុងសុបិនម្ដេចបាន បើលោកមិនដែលរស់នៅក្នុងការពិតផង ? ទាល់តែលោកដឹងថាអ្វីទៅទើបមិនមែនជាសុបិន ទើបលោកអាចដឹងថាអ្វីទៅទើបជាការសុបិន។ បើទោះជាអំណះអំណាងរបស់លោកបង្កើតឡើងប្រកបដោយហេតុផល និងហាក់មានទម្ងន់ក៏ដោយ តែនៅក្នុងអំណះអំណាងនេះបានបន្សល់ទុកនូវចន្លោះប្រហោង ដែលជាចង្អុលបង្ហាញពីការសង្ស័យទៅលើភាពត្រឹមត្រូវនៅក្នុងការលើកឡើងនេះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ mortentolboll.weebly.com