ការត្រៀមខ្លួន៣ចំណុចសម្រាប់និស្សិតមុនពេលចាកចេញបន្តការសិក្សាក្រៅប្រទេស
នៅពេលនឹកគិតស្រមៃទៅដល់ការចាកចេញពីទឹកដីកំណើតរបស់ខ្លួនដែលធ្លាប់តែរស់នៅជួបជុំជាមួយគ្រួសារដ៏កក់ក្ដៅតាំងពីតូចមក ហើយក៏ត្រូវផ្លាស់ប្ដូរទទួលយកបទពិសោធន៍ថ្មីបន្តការសិក្សានៅក្រៅប្រទេស អារម្មណ៍ដែលសិស្សនិស្សិតភាគច្រើនតែងជួបប្រទះដូចគ្នាជាលើកដំបូងនោះប្រាកដជាអារម្មណ៍ឯកោហើយ ម្យ៉ាងមិនដឹងថាត្រូវរៀបចំខ្លួនយ៉ាងដូចម្ដេចទើបឲ្យដំណើរការណ៍ចាកចេញប្រព្រឹត្តទៅរលូនដល់អំឡុងពេលសិក្សានៅក្រៅប្រទេស។ បើអ្នកកំពុងតែព្រួយបារម្ភពីបញ្ហានេះ ៣ចំណុចមុនពេលចាកចេញទៅរៀនក្រៅប្រទេសខាងក្រោមនេះអាចជួយបំភ្លឺផ្លូវអ្នកបាន៖
១) ការរៀបចំឯកសារចាកចេញជាចំណុចដ៏សំខាន់បំផុត៖ ការចាកចេញទៅក្រៅប្រទេសតម្រូវឲ្យអ្នកមានលិខិតឆ្លងដែន និងទៅតាមប្រទេសខ្លះទាមទារអ្នកឲ្យមានvisaផងដែរ។ បើអ្នកមិនទាន់មានលិខិតឆ្លងដែនទេ អ្នកត្រូវរហ័សធ្វើវាព្រោះវាអាចចំណាយពេលយូរដល់ទៅ៦ខែ។ យ៉ាងណាមិញ បើអ្នកមានលិខិតឆ្លងដែនហើយ អ្វីដែលអ្នកត្រូវយកចិត្តទុកដាក់បន្ទាប់នោះគឺ ត្រូវត្រួតពិនិត្យមើលលិខិតឆ្លងដែនរបស់អ្នកថាតើផុតកំណត់ឬនៅ បើនៅទេត្រូវពិនិត្យមើលបន្តទៀតថាតើវាមានសុពលភាពដល់មុនពេលអ្នកត្រឡប់មកកាន់ប្រទេសកំណើតវិញរយៈពេល៦ខែឬអត់។ មួយទៀតគឺត្រូវទាក់ទងទៅអ្នកចាំផ្ដល់ដំបូន្មានទាក់ទងនឹងកម្មវិធីសិក្សារបស់អ្នកថាតើត្រូវចម្លងលិខិតឆ្លងដែននិងvisaរបស់អ្នកឬអត់។
២) ទីកន្លែងស្នាក់នៅ៖ អំឡុងសិក្សានៅក្រៅប្រទេស អ្នកនឹងត្រូវបានផ្ដល់នូវជម្រើសចំពោះការស្នាក់នៅ។ អ្នកអាចរស់នៅក្នុងអាគារសិក្សារួមគ្នាជាមួយមិត្តដទៃទៀត ឬស្នាក់នៅជាមួយក្រុមគ្រួសារដែលជាជនជាតិដើមរស់នៅក្នុងប្រទេសដែលអ្នកនឹងសិក្សានោះ។ ការស្នាក់នៅជាមួយក្រុមគ្រួសារជនជាតិដើមក៏ជាជម្រើសដ៏ល្អមួយសម្រាប់ឲ្យអ្នកឆាប់រៀនសូត្រពីទំនៀមទម្លាប់ឬរបៀបរស់នៅរបស់ប្រជាជនប្រទេសនោះ ឯសមត្ថភាពប្រើប្រាស់ភាសារបស់អ្នកក៏ឆាប់អភិវឌ្ឍក៏ព្រោះតែបានអនុវត្តជារៀងរាល់ថ្ងៃ ជាពិសេសភាសាដែលត្រូវប្រើប្រាស់សម្រាប់ការសន្ទនាជាធម្មតាប្រចាំថ្ងៃរបស់អ្នកទាំងនោះ។
៣) ការបន្សាំុខ្លួនទៅនឹងវប្បធម៌ថ្មី៖ ជាធម្មតានៅពេលអ្នករស់នៅក្នុងទីកន្លែងមួយដែលថ្មី ខុសពីអ្វីដែលធ្លាប់តែឃើញសាំុនឹងភ្នែករាល់ថ្ងៃ ដែលធ្វើឲ្យអ្នកទទួលអារម្មណ៍មួយថាដូចមនុស្សចម្លែក បន្ទាប់មកក៏មានអារម្មណ៍ថាឯកោ ហើយចង់ត្រឡប់មកប្រទេសកំណើតវិញមិនខាន។ ប៉ុន្តែបើអ្នកធ្វើឲ្យខ្លួនឯងសាំុជាមួយនឹងរបៀបរស់នៅដែលនឹងក្លាយជាថ្មីសម្រាប់អ្នក ដោយស្វែងរកអត្ថបទណាដែលសរសេររៀបរាប់ពីទំនៀមទម្លាប់ទាំងនោះជាមុន ដល់ពេលអ្នកផ្លាស់ប្ដូរទៅរស់នៅក្នុងទីកន្លែងថ្មី អ្នកនឹងឆាប់យល់ពីពួកគេ ព្រមទាំងអាចបត់បែនសម្របខ្លួនទៅតាមស្ថានភាពថ្មីបានយ៉ាងងាយស្រួល ហើយអ្នកនឹងមានអារម្មណ៍កក់ក្ដៅស្និទ្ធស្នាលដោយយល់ថាជាចំណែកមួយនៃប្រជាជនរបស់ប្រទេសនោះមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ goabroad & studyabroad