ហេតុអ្វីបានជាអាហ្វ្រិកគឺជាទ្វីបមួយដែលក្រីក្រជាងគេបំផុតនៅលើពិភពលោក ?
ប្រធានាធិបតីសាធារណរដ្ឋលីបេរីយ៉ា លោកស្រី Ellen Johnson-Sirleaf បានពោលឡើងដូច្នេះថា៖ "អាហ្វ្រិកមិនមែនក្រីក្រនោះទេ គ្រាន់តែវាត្រូវបានគ្រប់គ្រងយ៉ាងយ៉ាប់យ៉ឺនប៉ុណ្ណោះ។"
អាហ្វ្រិកគឺជាទ្វីបមួយដែលឈរនៅលំដាប់ទី២បន្ទាប់ពីទ្វីបអាសីុ ជាទ្វីបដ៏ធំជាងគេបង្អស់ក្នុងភពផែនដី និងចំនួនប្រជាជនមានច្រើនលើសលប់រហូតដល់ប្រមាណជាង១ពាន់លាននាក់ ធ្វើឲ្យទ្វីបមួយនេះស្ថិតនៅលំដាប់ទី២ជាទ្វីបដែលមានប្រជាជនច្រើនជាងគេបំផុត។ មានតំបន់ភូមិសាស្ត្រដែលភាគខាងជើងជាប់នឹងសមុទ្រមេឌីទែរ៉ាណេ ភាគឦសានជាប់នឹងប្រឡាយស៊ុយអែសនិងសមុទ្រក្រហម ភាគខាងកើតនិងភាគអាគ្នេយ៍ជាប់នឹងសមុទ្រឥណ្ឌា រីឯខាងលិចជាប់នឹងសមុទ្រអាត្លង់ទិច។ ក្រឡេកទៅពិនិត្យមើលធនធានធម្មជាតិដ៏គួរជាទីមោទនភាពរបស់ប្រជាជនអាហ្វ្រិកវិញ មានទន្លេនីលដែលត្រូវបានពិភពលោកចាត់ទុកជាទន្លេដ៏វែងជាងគេនៅលើពិភពលោក និងវាលខ្សាច់ដ៏ធំជាងគេបំផុតដែលមានឈ្មោះថា វាលខ្សាច់សាហារ៉ាផងដែរ។
ជាសម្បុកនៃកំណប់ទ្រព្យធម្មជាតិដ៏ច្រើនមហាសាលមានដូចជា រ៉ែខនិជ ត្បូង មាសពេជ្រ ប្រេងកាត ប្លាទីន រ៉ែដែក ស័ង្កសី ក្រូម ហ្វូស្វ័រ ប៉ូតាស្យូម នីកែល និងដើមឈើធំៗមានប្រយោជន៍ជាច្រើនសម្រាប់ប្រើប្រាស់ក្នុងការសាងសង់ផ្ទះ។ បើទឹកដីមួយនេះមានធនធានធម្មជាតិយ៉ាងអំណោយផលបែបនេះ ចុះហេតុអ្វីបានជាប្រជាជនប្រមាណ២៣៣លាននាក់ពីឆ្នាំ២០១៤ដល់២០១៦នៅក្នុងតំបន់សាហារ៉ាតែមួយប៉ុណ្ណោះ ជួបប្រទះនឹងភាពអត់ឃ្លាន ក្លាយជាតំបន់ទី២នៅលើពិភពលោកបន្ទាប់ពីអាសីុ ដែលមានប្រជាជនច្រើនបំផុតជួបប្រទះនឹងភាពអត់ឃ្លាន ? លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ពីធនាគារពិភពលោក ក្នុងឆ្នាំ២០១២មានប្រជាជនចំនួន៥០១លាននាក់ ដែលស្មើនឹង៤១ភាគរយនៃប្រជាជនរបស់តំបន់សាហារ៉ាទាំងមូល រស់នៅជាមួយកម្រៃត្រឹមតែ១.៩០ដុល្លារក្នុងមួយថ្ងៃ។ ហេតុអ្វី ? ហេតុអ្វីធនធានធម្មជាតិមិនបានជួយផ្ដល់គុណភាពជីវិតប្រជាជនអាហ្វ្រិកដ៏ល្អប្រសើរ តែផ្ទុយទៅវិញបែរជាធ្វើឲ្យជីវភាពពួកគេកាន់តែអាក្រក់ទៅពីមួយឆ្នាំទៅមួយឆ្នាំយ៉ាងដូច្នេះ ?
ឥទ្ធិពលនៃសកលភាវូបនីយកម្ម
អ្នកសារព័ត៌មានមួយរូបរបស់ទស្សនាវដ្ដី Financial Times ដែលសរសេរពាក់ព័ន្ធនឹងតំបន់អាហ្វ្រិកអស់រយៈពេល៦ឆ្នាំកន្លងមកបានលើកឡើងដូច្នេះថា៖ "ពួកយើងម្នាក់ៗគួរតែទទួលខុសត្រូវទៅលើស្ថានភាពដ៏អកុសលមួយនេះ នៅរាល់ពេលដែលយើងចាក់ហ្គាសបញ្ចូលរថយន្តប្រើប្រាស់ ទិញមាសនិងចិញ្ចៀនរៀបការត្បូងពេជ្រ ក្រេបទឹកដែលមានជាតិហ្គាសនៅក្នុងកំប៉ុងអាលុយមីញ៉ូម ឬសូម្បីតែប្រើប្រាស់ទូរស័ព្ទ"។ ប៉ុន្តែរាល់ប្រយោជន៍ស្រាប់ៗទាំងនោះត្រូវបានពួកខាងលិចរួមទាំងចិន និងស្ទើរតែពាសពេញមួយពិភពលោកទៅហើយដែលបានបូមយកប្រយោជន៍នេះពីតំបន់អាហ្វ្រិកទៅ ដើម្បីបង្កើតកុំព្យូទ័រ ម៉ាស៊ីន និងយន្តហោះ ដោយមិនបានបង់ពន្ធត្រឹមត្រូវតាមច្បាប់នោះឡើយ។ មូលហេតុដែលរួមចំណែកដល់ភាពក្រីក្រផងដែរនោះគឺភាពអភិជនាធិបតេយ្យរបស់អ្នកដឹកនាំនៅតាមតំបន់ ដែលប្រមូលលុយទាំងនេះចូលក្នុងហោប៉ៅរបស់ខ្លួនយ៉ាងពុករលួយ ដែលជាលទ្ធផលនៃគម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រីក្រដ៏ច្រើនលើសលប់ដែលស្ទើរតែស្លាប់ដោយអត់អាហារ។
បញ្ហាបរិស្ថាន
ការប្រែប្រួលអាកាសធាតុបានកែប្រែតំបន់អាហ្វ្រិកវិវត្តដំណើរទៅជាវាលរហោស្ថាន និងសកម្មភាពមនុស្សក្នុងការកាប់បំផ្លាញព្រៃឈើ និងរឹតតែជាបញ្ហាធ្ងន់ធ្ងរជាងនេះទៅទៀតគឺជាភាពរាំងស្ងួតនិងកង្វះទឹក ដែលនាំទៅរកភាពមិនអំណោយផលក្នុងការដាំដុះដំណាំ និងផលិតផលកសិកម្ម។ មិនគួរឲ្យភ្ញាក់ផ្អើលឡើយដែលហេតុនេះហើយ ដែលបង្កជាភាពអត់ឃ្លានទៅលើប្រជាជនជាច្រើននាក់ពាសពេញតំបន់អាហ្វ្រិក។
កំណើនប្រជាជន
មិនត្រឹមតែជាទ្វីបដ៏ក្រីក្រជាងគេបង្អស់នៅក្នុងពិភពលោកនោះទេ ទ្វីបអាហ្វ្រិកថែមទាំងមានកំណើនផ្ដល់កំណើតខ្ពស់ជាងគេបង្អស់ប្រៀបទៅនឹងបណ្ដាទ្វីបដទៃទៀតផងដែរ។ ចំនួនប្រជាជនអាហ្វ្រិកបានកើនឡើងក្នុងសម្ទុះមួយដ៏គួរឲ្យកត់សម្គាល់ ពីចំនួន២២១លាននាក់ក្នុងឆ្នាំ១៩៥០រហូតដល់១ពាន់លាននាក់ក្នុងឆ្នាំ២០០៩។ បើយោងតាមរបាយការណ៍របស់Guardianកាលពីឆ្នាំ២០១១ ស្ត្រីក្នុង១នាក់ជាមធ្យមផ្ដល់កំណើតដល់កូនចំនួន៥.២នាក់ពេញមួយជីវិតរបស់គាត់។ ក្រៅពីនោះ ភាពអវិជ្ជាគឺជាឫសគល់ដ៏ចម្បងនិងធ្ងន់ធ្ងរមួយ ដែលបង្កឲ្យមានជម្លោះកើតឡើងឥតឈប់ឈរនិងកាន់តែធ្ងន់ធ្ងរ ហើយស្ថិតនៅក្នុងអត្រាខ្ពស់បំផុតទៀតផង ទៅលើការរំលោភសិទ្ធិមនុស្ស រួមទាំងភាពទន់ខ្សោយនិងផុយស្រួយនៅក្នុងប្រសិទ្ធភាពរបស់រដ្ឋាភិបាលនិងច្បាប់ប្រទេសនិងការគ្រប់គ្រងទៅលើអំពើពុករលួយ៕
ដោយ៖ ស្រីពៅ