ញាណរបស់អ្នកមិនមែនជាអ្វីដែលគួរឲ្យទុកចិត្តបានដូចដែលអ្នកធ្លាប់គិតនោះទេ !​



នៅ​ពេល​អ្នក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ​ព្យាយាម​ជ្រមុជ​ចូល​ឲ្យ​បាន​កាន់​តែ​ជ្រៅ ដើម្បី​ទៅ​បើក​កកាយ​ស្វែងយល់​ពី​ដំណើរការណ៍​ដ៏​អាថ៌កំបាំង​និង​ស្មុគស្មាញ​បំផុត​របស់​មនុស្ស​នៅ​ក្នុង​សរីរាង្គ​ទម្ងន់​៣​ផោន​ដែល​ត្រូវ​បាន​ការពារ​ដោយ​លលាដ៍ក្បាល​នេះ ទើប​យើង​ចាប់ផ្ដើម​យល់​ពី​អ្វី​ដែល​ទស្សនវិទូ​ក្រិក អារីស្តូត​បាន​ពោល​ឡើង​នៅ​ក្នុង​ឆ្នាំ​៣៥០​មុន​គ.ស​ថា៖ "ញាណ​របស់​យើង​អាច​ជាទី​ទុកចិត្ត​បាន ប៉ុន្តែ​វា​ក៏​ងាយ​នឹង​ត្រូវ​បាន​បំភ័ន្ត​ផង​ដែរ។"

ខួរក្បាល​បង្ក​ឡើង​ដោយ​ណឺរ៉ូន​ប្រមាណ​១៦​ពាន់​លាន់ ហើយ​វា​ក៏​មិន​បាន​បញ្ឈប់​បង្ហាញ​ពី​លក្ខណៈ​ស្មុគស្មាញ​របស់​វា​ត្រឹម​នេះ​ដែរ ពុំ​នោះ​ទេ​មនុស្ស​ក៏​មិន​អាច​មាន​សមត្ថភាព​វិភាគ គិត​ស៊ីជម្រៅ ឬ​សម្រេច​ចិត្ត​កិច្ចការ​លំបាក​អ្វីៗ​បាន​ដែរ ព្រោះ​នៅ​ក្នុង​ណឺរ៉ូន​នីមួយៗ​នៅ​បន្ត​បង្កើត​រាប់​ពាន់​ចំណង​ជាមួយ​ណឺរ៉ូន​ផ្សេង​ទៀត ហៅថា​ចំណង​សីុណែប ដែល​នៅ​ក្នុង​សីុណែប​មាន​ម៉ូលេគុល​ប្រូតេអ៊ីន​ជាច្រើន​ធ្វើ​ដំណើរ​ឆ្លងកាត់​វា​ផង​ដែរ។ ដំណើរការណ៍​នៅ​ក្នុង​ខួរក្បាល​មិន​ខុស​គ្នា​ពី​អ្នក​កាសែត​មួយ​ក្រុម​ដែល​ធ្វើការ​ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន​ដើម្បី​ចេញ​ផ្សាយ​អត្ថបទ​ទៅលើ​ប្រធានបទ​មួយ​ឡើង​នោះ​ទេ។

ម្នាក់​ទៅ​ប្រមូល​ព័ត៌មាន​ពី​តំបន់​នេះ ម្នាក់​ទៀត​តំបន់​នោះ ទម្រាំ​តែ​អាច​ចេញ​ផ្សាយ​អត្ថបទ​និយាយ​អំពី​ប្រធានបទ​ណាមួយ​ឲ្យ​អ្នក​ទទួល​ដឹង​ព័ត៌មាន​បាន។ សតិ​សម្បជញ្ញៈ ឬ​សំដៅ​ទៅលើ​អ្នក​នេះ​ឯង គ្រាន់តែ​ជា​អ្នក​ដឹង​ក្រោយ​គេ​ប៉ុណ្ណោះ​ថា​រឿងរ៉ាវ​អ្វី​បាន​កើតឡើង។ អ្នក​មិន​បាន​ដឹង​ខ្លួន​នោះ​ទេ​ថា​នៅ​ពី​ក្រោម​ស្រទាប់​ខាងលើ​នៃ​សតិ​សម្បជញ្ញៈ​ដែល​បំពេញ​មុខងារ​ត្រឹមតែ​១០​ភាគរយ​នៅ​ក្នុង​ថ្ងៃ​នីមួយៗ​ក្នុង​ជីវិត​របស់​អ្នក ក្រៅ​ពី​នោះ​គឺជា​ផ្នែក​ដែល​មើល​មិន​ឃើញ​៩០​ភាគរយ​ទៀត​ដែល​បង្គាប់​បញ្ជា​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​អ្នក ឥរិយាបថ អត្តចរិត និង​ទម្លាប់​ជាដើម។ អ្នក​អាច​អង្គុយ​អាន​ដើម្បី​ទទួល​ដឹង​ព័ត៌មាន​ខាងក្រៅ​យ៉ាង​ងាយស្រួល​បាន​ក៏​ដោយសារ​តែ​គ្រឿង​ម៉ាស៊ីន​ដែល​នៅ​ខាងក្រោម​សតិ​សម្បជញ្ញៈ​របស់​អ្នក កំពុង​ដំណើរការណ៍​យ៉ាង​មមាញឹក​ឥត​ឈប់ឈរ ដោយ​ឥត​មាន​ការ​ទទួល​ដឹង​ពី​សតិ​សម្បជញ្ញៈ​នោះ​ឡើយ។ លក្ខណៈ​ធម្មជាតិ​មួយ​នេះ​របស់​ខួរក្បាល​មនុស្ស គឺជា​ប្រយោជន៍​ល្អ​ទៅវិញ។

វត្តមាន​របស់​សតិ​សម្បជញ្ញៈ​ច្រើន​ក៏​មិន​អាច​ទៅ​ជួយ​អ្វី​ដល់​អនុ​សម្បជញ្ញៈ​របស់​អ្នក​ដែល​កំពុង​បំពេញ​តួនាទី​របស់​វា​ដោយ​ស្វ័យប្រវត្តិ រលូន និង​រហ័ស​បត់បែន​នេះ​បាន​ដែរ។ អ្នក​អាច​ពិសោធន៍​ខ្លួនឯង​ដើម្បី​បញ្ជាក់​បាន ដោយ​គ្រាន់តែ​ងាក​មក​ចាប់​អារម្មណ៍​ទៅលើ​សកម្មភាព​ដែល​តែង​ប្រព្រឹត្ត​ទៅ​ដោយ​ឥត​ដឹង​ខ្លួន និង​ស្វ័យប្រវត្តិ​រហូត​ក្លាយ​ជា​ទម្លាប់​ដូចជា​ការ​ដើរ នោះ​អ្នក​នឹង​ធ្វើ​វា​មិន​បាន​ល្អ​ឡើយ ដំណើរ​របស់​អ្នក​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​ឥរិយាបថ​ខុស​ប្រក្រតី​និង​ចម្លែក​ចិត្ត​ជាមិនខាន។ និយាយ​ពី​ចក្ខុ​របស់​អ្នក​មាន​ចំណែក​ទទួល​យក​ព័ត៌មាន​ឲ្យ​អ្នក​រហូត​ដល់​ទៅ​១​ភាគ​៣​ឯណោះ។

ប៉ុន្តែ​ហេតុអ្វី​អ្នក​មិន​គួរ​ជឿ​ទុកចិត្ត​នូវ​រាល់​ព័ត៌មាន​ដែល​មក​ប៉ះ​នឹង​ភ្នែក​របស់​អ្នក​ផ្ទាល់ ? សាក​ស្រមៃ​ថា​អ្នក​កំពុង​អង្គុយ​អាន​សៀវភៅ​នៅ​ក្នុង​បន្ទប់​មួយ ដែល​នៅ​លើ​តុ​មាន​ថូ​ផ្កា កែវ​ទឹក​និង​សៀវភៅ​ជាច្រើន​ក្បាល​ទៀត។ បើ​មិត្ត​របស់​អ្នក​ម្នាក់​សួរ​ថា សៀវភៅ​ទាំងនេះ​ជា​សៀវភៅ​អ្វី​ខ្លះ នោះ​អ្នក​មិន​ដឹង​សោះ​ឡើយ​ថា​មាន​សៀវភៅ​អ្វីខ្លះ ទើប​សតិ​សម្បជញ្ញៈ​របស់​អ្នក​ចាប់ផ្ដើម​ប្រមូល​យក​ព័ត៌មាន​បន្ថែម​ថា​មាន​សៀវភៅ​អ្វីខ្លះ។ នេះ​ចង់​បញ្ជាក់​ថា​អ្វី​ដែល​អ្នក​ដាក់​ភ្នែក​សម្លឹង​មើល មិន​ប្រាកដ​ថា​អ្នក​នឹង​មើល​ឃើញ​អ្វី​ដូច​ជា​ការ​ពិត​មាន​បង្ហាញ​ទាំងអស់​នោះ​ទេ ដោយសារ​តែ​ផ្លូវ​ដែល​ព័ត៌មាន​ដឹកនាំ​ពី​ចក្ខុ​ទៅ​កាន់​ខួរក្បាល​មាន​ទំហំ​តូច ដូច្នេះ​ខួរក្បាល​ទទួល​យក​តែ​ព័ត៌មាន​ណា​ដែល​ចាំបាច់​សម្រាប់​តែ​សតិ​របស់​អ្នក​ប៉ុណ្ណោះ វា​មិន​ត្រូវការ​ដឹង​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចូល​មក​ភ្នែក​របស់​អ្នក​ឡើយ។

តាំង​ពី​សម័យកាល​របស់​អារីស្តូត​មក​ម្ល៉េះ រូបភាព​បំភ័ន្ត​ភ្នែក​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​ជា​ទ្វារ​បើក​ចំហ​ទៅ​កាន់​ការ​យល់​ដឹង​អំពី​ធម្មជាតិ​ដែល​ព័ត៌មាន​ត្រូវ​បាន​ដឹកនាំ​ពី​ភ្នែក​ទៅ​កាន់​ខួរក្បាល។ អារីស្តូត​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​គាត់​សម្លឹង​មើល​ទឹក​ជ្រោះ​ដែល​កំពុង​ធ្វើ​ចលនា​ធ្លាក់​មក រួច​ងាក​ទៅ​សម្លឹង​មើល​ដុំ​ថ្ម​ដែល​ក្បែរ​ទឹក​ធ្លាក់​នោះ​វិញ ដុំ​ថ្ម​ដែល​មាន​ធម្មជាតិ​នឹង​ថ្កល់​បែប​នេះ ក៏​ធ្វើ​ចលនា​ដែរ តែ​នៅ​ក្នុង​ទិសដៅ​ផ្ទុយ​ពី​ទឹក​ធ្លាក់។ នេះ​ក៏​ដោយសារ​តែ​ណឺរ៉ូន​ជាច្រើន​នៅ​ក្នុង​ខួរក្បាល​ប្រកួតប្រជែង​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​អ្នក ទើប​ធ្វើឲ្យ​មាន​ការ​បកស្រាយ​ខុស​បែប​នេះ។

រីឯរូបភាពបំភ័ន្តភ្នែកខាងលើក៏មិនមានចលនាអ្វីដែរ បើទោះជាភ្នែកយើងមើលឃើញថាវាមានចលនាក៏ដោយ។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​ក៏​មិន​អាច​មើល​ឃើញ​រូបភាព​ពីរ​ឬ​ច្រើន​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ​ជាន់​គ្នា​នោះ​ទេ ឬ​ក៏​រូបភាព​ផ្សេង​គ្នា​លាយ​ចូល​គ្នា​នោះ​ដែរ ដូច​មាន​រូបភាព​ខ្លះ​ដែល​ម្ដង​អ្នក​មើល​ឃើញ​ជា​ស្ត្រី​ចំណាស់​ម្នាក់ ម្ដង​ជា​ក្រមុំ​ម្នាក់​ដូច្នោះ។ អ្នក​អាច​មើល​ឃើញ​ម្ដង​មួយៗ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ ដកស្រង់ចេញពីសៀវភៅ Incognito ដោយ David Eagleman

X
5s