​​ក្នុង​តំបន់​អាស៊ាន កម្ពុជា​តែ​មួយគត់​ ទទួល​បាន​​​ពាន​​​រង្វាន់​ប្រាក់​ពី​ “ពិព័រណ៍​ពិភពលោក​ឆ្នាំ២០១៥”​



ក្នុង​តំបន់​​អាស៊ាន​​មាន​តែ​ប្រទេស​កម្ពុជា​មួយ​គត់​ ដែល​ទទួល​បាន​​ពាន​រង្វាន់​ប្រាក់​មួយ​គ្រឿង​ ​ពី​កម្មវិធី​ ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥ នៅ​ទីក្រុង​មីឡង់ ​ប្រទេស​អ៊ីតាលី​​ដែល​បាន​បញ្ចប់​ទៅ​កាល​ពី​ប៉ុន្មាន​ខែ​មុន។​

​កាល​ពី​ថ្ងៃទី​២៤ ខែ​ធ្នូ ​ឆ្នាំ​២០១៥ ​កន្លង​ទៅ​ នៅ​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម ​ឯកឧត្តម​ ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ “ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០១៥” ​នៅ​ប្រទេស​អ៊ីតាលី​ បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីអំពី​ប្រទេសកម្ពុជា​ទទួល​បាន​ពានរង្វាន់​ប្រាក់​។ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ​ស៊ុន ចាន់ថុល​ បាន​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​ គណៈកម្មការ​អន្តរក្រសួង ​អ្នករៀបចំ​ពិព័ណ៌ ​សិល្បៈករ​សិល្បៈ​ការនី​សម្តែង និងប្រជាជន​កម្ពុជា​រស់នៅអឺរ៉ុប​ ដែល​បាន​ខិតខំប្រឹង​ប្រែង​យ៉ាង​ខ្លាំងក្លា​ និងគាំទ្រ​ដល់ការធ្វើ​ឲ្យកម្ពុជា​បានចូលរួម​ក្នុង​ពិព័រណ៍​ពិភពលោក ​ទទួលបាន​ជោគជ័យ​បែប​នេះ។ ​ ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​ មាន​ការចូល​រួម​ប្រកួតប្រជែង​ជា​មួយ​ ៩១ប្រទេស​ ​ហើយ​​កម្ពុជា​ជា​ប្រទេស​តែមួយ​គត់​ក្នុង​តំបន់​​អាស៊ាន​មានមោទនភាព​ទទួល​បាន​នូវ​ពានរង្វាន់​ប្រាក់​ ០១គ្រឿង(Silver Award) ​ពីគណៈកម្មការ​រៀបចំ​ពិព័រណ៍ពិភពលោក​ និង​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (BIE) ​នៅក្នុង​ការរចនា​ពន្លាជាតិ​សម្រាប់​ការអភិវឌ្ឍ​គំនិត​ច្នៃ​ប្រឌិត​ក្រោម​ប្រធានបទ៖ “ចិញ្ចឹម​ភពផែនដី​ ផ្តល់​ថាមពល​សម្រាប់​ជីវិត”។

សូម​បញ្ជាក់​ថា​​ ​​ពិព័រណ៍​នេះ​ត្រូវ​បាន​រៀប​ចំឡើង​ចាប់​ពីថ្ងៃ​ទី០​១ ខែ​ឧសភា​ ដល់​ថ្ងៃ​ទី៣១ ខែតុលា​ ឆ្នាំ២០១៥។ ​ព្រះពន្លាជាតិ​កម្ពុជា​បាន​ទទួលស្វាគមន៍​អ្នក​ចូលរួម​ទស្សនា​ពិព័រណ៍​ជាង ​២ លាន​នាក់​ សម្រាប់​រយៈពេល​ប្រាំមួយ​ខែ នៅ​ក្នុង​ការតាំងពិព័រណ៍ ​នៅ​ទីក្រុងមីឡង់​ ប្រទេស​អ៊ីតាលី៕​

ដោយ៖ រតនៈ​វិភូ​
X
5s