ប្រវត្តិនៃពានរង្វាន់ណូបែលរូបវិទ្យារបស់The Curiesចំពោះការរកឃើញធាតុគីមីរ៉ាដ្យូម (Ra)
នៅក្នុងឆ្នាំ១៩០៣ អ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញពីររូប លោក Pierre Curie និងប្រពន្ធរបស់លោក Marie Curie ទទួលបាននូវពានរង្វាន់ដ៏កម្រនិងមានកិត្តិយសបំផុតក្នុងជីវិតរបស់មនុស្ស ដែលជាពានរង្វាន់ណូបែលផ្នែករូបវិទ្យា តបស្នងចំពោះរបកគំហើញនូវធាតុគីមីរ៉ាដ្យូម (Ra)។ ងាកត្រឡប់ថយក្រោយអស់រយៈពេលជាង១សតវត្ស តើអ្នកវិទ្យាសាស្ត្រដ៏សំខាន់សម្រាប់វិទ្យាសាស្ត្រសម័យទំនើបនេះរកឃើញធាតុគីមីវិទ្យុសកម្មរ៉ាដ្យូមយ៉ាងដូចម្ដេច ? ម្យ៉ាងទៀតតើរ៉ាដ្យូម ជាធាតុគីមីដែលកម្រយកមកប្រើប្រាស់នេះ មានលក្ខណៈពិសេសអ្វីខ្លះ ?
រ៉ាដ្យូម (Radium) ជាមួយនឹងនិមិត្តសញ្ញាគីមី Ra គឺជាលោហៈពណ៌សភ្លឺថ្លាម្យ៉ាងដែលមានកម្រិតជាតិវិទ្យុសកម្មខ្ពស់។ នៅក្នុងតារាងខួបគីមីជាលោហៈដែលស្ថិតក្នុងក្រុមទី២ និងខួបទី៧ និងមានលេខអាតូម៨៨ ម៉ាស២២៦.០២៥៤។ ចំណុចរលាយនៅត្រង់សីតុណ្ហភាព៧០០អង្សាសេ រីឯចំណុចរំពុះនៅត្រង់១ ៧៣៧អង្សាសេ និងមានដង់ស៊ីតេ៥.៥ក្រាមនៅក្នុង១សង់ទីម៉ែត្រគីប។
Marie Curie ចាប់កំណើតជាពលរដ្ឋរបស់ប៉ូឡូញក្នុងឆ្នាំ១៨៦៧ ស្របពេលដែលស្វាមីជនជាតិបារាំងរបស់គាត់ Pierrie Curie មានអាយុបាន៨ឆ្នាំទៅហើយ។ ចម្រើនលូតលាស់នៅក្នុងត្រកូលគ្រួសារដែលឪពុកម្ដាយទាំងពីរសុទ្ធតែជាគ្រូបង្រៀន និងជាអ្នកឲ្យតម្លៃទៅលើការអប់រំ រួមផ្សំជាមួយនឹងទឹកចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះការសិក្សាអំពីវិទ្យាសាស្ត្រផងនោះ ថ្វីបើអំឡុងពេលនោះសង្គមរបស់ប៉ូឡូញមិនគាំទ្រឲ្យមានការសិក្សាខ្ពង់ខ្ពស់ Marie Curie មិនបានបញ្ឈប់ការចង់ចេះចង់ដឹងរបស់ខ្លួននោះឡើយ រហូតអាចសម្រេចការបន្តការសិក្សាផ្នែករូបវិទ្យានៅសាកលវិទ្យាល័យមួយក្នុងទីក្រុងប៉ារីស ប្រទេសបារាំងក្នុងឆ្នាំ១៨៩១ នៅពេលដែលស្វាមីរបស់គាត់កំពុងទទួលខុសត្រូវលើតំណែងជាប្រធានដឹកនាំការពិសោធន៍របស់ The School of Physics and Chemistry បាន៩ឆ្នាំ។ អ្នកទាំងពីរដែលមានចំណង់ចំណូលចិត្តពុះកញ្ជ្រោលចំពោះការស្រាវជ្រាវវិទ្យាសាស្ត្រដូចគ្នា ក៏បានជួបគ្នានៅទីនោះ និងរៀបការនៅឆ្នាំ១៨៩៥ និងមានកូនពីរនាក់។
[caption id="attachment_40390" align="aligncenter" width="600"] newyorker[/caption]
នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៨៩៨ Marie Curie បានចាប់ផ្ដើមការពិសោធន៍ញែកធាតុអ៊ុយរ៉ាញ៉ូមចេញពីរ៉ែខនិជធម្មជាតិពណ៌ខ្មៅម្យ៉ាងដែលមានផ្ទុកធាតុគីមីអ៊ុយរ៉ាញ៉ូម និងជាសារធាតុវិទ្យុសកម្ម ដែលត្រូវបានរកឃើញនៅឆ្នាំ១៨៩៦ដោយរូបវិទ្យាសញ្ជាតិបារាំង លោក Antoine-Henri Becquerel ដែលគេហៅរ៉ែធម្មជាតិនេះថា pitchblende។ គាត់រកឃើញថានៅក្នុងpitchblendeនេះមានផ្ទុកនូវជាតិអ៊ុយរ៉ាញ៉ូម និងរំភាយជាតិវិទ្យុសកម្មខ្ពស់ដែលមិនអាចមើលឃើញដោយភ្នែកទទេ។
ការរកឃើញដែលបានបើកទ្វារឲ្យមានការស្រាវជ្រាវថ្មីៗនេះ នេះបានអូសទាញការចាប់អារម្មណ៍របស់អ្នកវិទ្យាសាស្ត្រជាច្រើន ហើយMarie ឆ្ងល់ទៅលើតើអ្វីទៅនៅក្នុងរ៉ែនេះដែលបណ្ដាលឲ្យរំភាយជាតិវិទ្យុសកម្ម។ លោកស្រីនិងស្វាមីបានបន្តដំណើរការណ៍យ៉ាងសស្រាក់សស្រាំទៅលើការបន្សុទ្ធរ៉ែធម្មជាតិមួយនេះ ដោយញែកចេញនូវអ៊ុយរ៉ាញ៉ូម រហូតអាចបំបែករកឃើញធាតុគីមីថ្មីមួយមុនរ៉ាដ្យូម ដែលគាត់ឲ្យឈ្មោះថា ប៉ូឡូញ៉ូម (Polonium) ដែលមានកម្រិតវិទ្យុសកម្មខ្ពស់ជាងរ៉ែធម្មជាតិដើមទៅទៀត។ នៅឆ្នាំ១៨៩៨ ពួកគេក៏ជោគជ័យជាថ្មីម្ដងទៀតក្នុងការរកឃើញធាតុគីមីវិទ្យុសកម្មកម្រិតខ្ពស់ជាងមុនទៅទៀត ដែលជារ៉ាដ្យូមនេះឯង ចេញពីការបន្សុទ្ធ ដែលនាំមកនូវកិត្តិយសដ៏ធំធេងពីពានរង្វាន់ណូបែលរូបវិទ្យានៅ៥ឆ្នាំក្រោយមក។
[caption id="attachment_40392" align="aligncenter" width="600"] yurtopic[/caption]
Marie Curie បានក្លាយជាស្ត្រីដំបូងគេបង្អស់ដែលបានឈ្នះពានរង្វាន់ណូបែល ហើយក៏ជាស្ត្រីដំបូងដែលទទួលបានពានរង្វាន់ណូបែលចំនួនពីរក្នុងមួយជីវិតផងដែរ ដែលក្នុងឆ្នាំ១៩១១ លោកស្រីជោគជ័យក្នុងផ្នែកគីមីម្ដង ទៅលើការញែកធាតុគីមីរ៉ាដ្យូមដោយប្រើអគ្គិសនីវិភាគចេញពីរ៉ាដ្យូមក្លរួ ដោយទទួលបានការជួយជ្រោមជ្រែងពី André-Louis Debierne។ គួរឲ្យសោកស្ដាយដែលលោកស្រីត្រូវតបស្នងភាពជោគជ័យក្នុងការរកឃើញធាតុគីមីរ៉ាដ្យូម ជាមួយនឹងជំងឺម្យ៉ាងដែលកើតឡើងដោយសារប៉ះពាល់ជាមួយជាតិវិទ្យុសកម្មច្រើនក្នុងរយៈពេលវែង និងលាចាកលោកនៅឆ្នាំ១៩៣៤។
រ៉ាដ្យូមដែលជាធាតុគីមីដ៏កម្រមួយនៅលើផែនដី និងអាចរកឃើញនៅគ្រប់រ៉ែទាំងឡាយណាដែលមានផ្ទុកអ៊ុយរ៉ាញ៉ូម ដោយសារតែវាកើតឡើងនៅពេលអ៊ុយរ៉ាញ៉ូមរំភាយចេញនូវជាតិវិទ្យុសកម្មរបស់វា និងបំបែកធាតុ ការពិតគឺរ៉ាដ្យូមមានតិចជាង២គីឡូក្រាមប៉ុណ្ណោះត្រូវបានផលិតជារៀងរាល់ឆ្នាំ។ ជាតិវិទ្យុសកម្មដែលរំភាយចេញពីរ៉ាដ្យូមមានសមត្ថភាពសម្លាប់កោសិការស់បាន ហេតុនេះហើយបរិមាណសមល្មមប៉ុណ្ណោះត្រូវបានយកទៅប្រើប្រាស់ក្នុងគោលដៅវេជ្ជសាស្ត្រ ដើម្បីសម្លាប់កោសិកាមហារីក និងព្យាបាលអ្នកជំងឺឲ្យត្រឡប់មកសភាពដើមវិញ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ todayifoundout & encyclopedia & historytoday