ពិតទេដែលព្រះចៅអធិរាជបារាំង​ Napoleon Bonaparte ស្លាប់ដោយសារប៉ះនឹងជាតិអាសេនិច ?​



រយៈកាល​ជិត​២​សតវត្ស​តាំង​ពី​ឆ្នាំ​១៨២១​ដែល​ព្រះ​ចៅ​អធិរាជ​បារាំង Napoleon Bonaparte បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ក្នុង​ជម្រក​ភៀស​ខ្លួន ដែល​ជា​តំបន់​ដាច់​ស្រយាល​មួយ​ស្ថិត​នៅ​ខាងត្បូង​មហាសមុទ្រ​អាត្លង់ទិច ក្រោយ​ការ​ចាញ់​សង្គ្រាម​នៅ​ឯ The Battle of Waterloo ក្នុង​ឆ្នាំ១៨១៥ បន្ទាប់​ពី​បាន​បន្ត​រាជបល្ល័ង្ក​ពី​ព្រះបិតា ជា​ស្ដេច​គ្រប់គ្រង​ចក្រភព​បារាំង​នៅ​ក្នុង​វ័យ​៣៥​ឆ្នាំ។ សម័យកាល​គ្រប់គ្រង​របស់​ព្រះ​ចៅ​អធិរាជ Napoleon គឺជា​សម័យកាល​ដ៏​ល្បីល្បាញ​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ជាមួយ​នឹង​សមត្ថភាព​ដ៏​អង់អាច​របស់​ទ្រង់ ដែល​ទឹកដី​ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំងអស់​របស់​អឺរ៉ុប​ស្ថិត​នៅ​ក្រោម​ចំណុះ​របស់​ទ្រង់។ យ៉ាងណាមិញ ការ​ស្លាប់​របស់​ទ្រង់​បាន​ក្លាយ​ជា​ប្រធានបទ​ដែល​បន្ត​ការ​ជជែក​វែកញែក​ឥត​ឈប់ឈរ និង​សិក្សា​ស្រាវជ្រាវ​រហូត​មក​ទល់​បច្ចុប្បន្ន ថា​តើ​អ្វី​ទៅ​ជា​មូលហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​ការ​ស្លាប់​យ៉ាង​អាថ៌កំបាំង​នេះ ?

Image result for napoleon bonaparte

ក្នុង​នោះ​មាន​ចម្លើយ​មួយ​បាន​ផ្ដល់​ថា Napoleon ស្លាប់​ដោយសារ​ប៉ះពាល់​ជាមួយ​ជាតិ​អាសេនិច​បន្តិច​ម្ដងៗ​ដោយ​មិន​ដឹង​ខ្លួន​ពេញ​មួយ​ជីវិត​របស់​គាត់។ អំឡុង​សតវត្ស​ទី​១៩ អាសេនិច ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា "ស្ដេច​នៃ​ជាតិ​ពុល" អាច​បង្ក​ជា​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​ប្រភេទ ថែម​ទាំង​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​ពេល​ប៉ះពាល់​វា​ក្នុង​បរិមាណ​ច្រើន ត្រូវ​បាន​មនុស្ស​សម័យ​នោះ​យក​មក​ប្រើប្រាស់​ជា​ធម្មតា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ក្នុង​កម្រិត​មួយ​ដែល​សម័យ​បច្ចុប្បន្ន​ចាត់​ទុក​ថា​គ្រោះថ្នាក់​បំផុត។ គេ​ប្រើ​សារធាតុ​អាសេនិច​ទៅ​បង្កើត​ជា​ពណ៌​បៃតង​ភ្លឺ​ថ្លា ប្រើប្រាស់​សម្រាប់​គូរ​ផ្ទាំង​គំនូរ ផលិតផល​ក្រដាស ទៀន សាប៊ូ និង​ក្រណាត់​ជាដើម។ នៅ​ទី​កន្លែង​ចុងក្រោយ​ដែល​ទ្រង់​បាន​ភៀស​ខ្លួន មាន​តាំង​នូវ​ផ្ទាំង​គំនូរ​ក្នុង​បន្ទប់​ដែល​មាន​ជាតិ​អាសេនិច ហើយ​នៅ​ពេល​សីតុណ្ហភាព​ឡើង​ក្ដៅ ជាតិ​អាសេនិច​នឹង​រំភាយ​ចេញ​ពី​ផ្ទាំង​គំនូរ​ដែល​ប្រើប្រាស់​ពណ៌​បៃតង​ដែល​មាន​សារធាតុ​អាសេនិច​នេះ។

Image result for napoleon bonaparte

ដូច្នេះ​ហើយ​ដើម្បី​បកស្រាយ​ចម្ងល់​ជា​សកល​មួយ​នេះ ក្នុង​ឆ្នាំ​២០០៨​អ្នក​សិក្សា​របស់​អ៊ីតាលី​មួយ​ក្រុម​បាន​ធ្វើការ​ពិសោធន៍​លើ​សក់​របស់ Napoleon ក្នុង​៤​ដំណាក់កាល​នៃ​ជីវិត​របស់​ទ្រង់ ចាប់​តាំង​ពី​វ័យ​កុមារភាព អំឡុង​ពេល​រស់នៅ​ទី​ភៀស​ខ្លួន នៅ​ពេល​ស្លាប់ និង​ក្រោយ​ពេល​ស្លាប់។ មិនតែប៉ុណ្ណោះ ពួកគេ​ក៏​បាន​យក​សក់​របស់​បុត្រា Napoleon ដែល​ជា Napoleonទី២ ព្រម​ទាំង​ភរិយា​របស់​បុត្រា​ទ្រង់​មក​ពិសោធន៍​ផង​ដែរ។ ក្រោយ​ការ​ពិសោធន៍ បាន​បង្ហាញ​ថា​សក់​របស់​ពួកគេ​សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិ​អាសេនិច​ក្នុង​កម្រិត​ដ៏​ខ្ពស់​មួយ​ប្រហាក់ប្រហែល​គ្នា​ទាំងអស់។ ប៉ុន្តែ​អ្វី​ដែល​ជា​ភាព​ភ្ញាក់ផ្អើល​នោះ​គឺ កម្រិត​អាសេនិច​ក្នុង​សក់​របស់​ពួកគេ​មាន​១០០​ដង​ច្រើន​ជាង​សក់​របស់​មនុស្ស​រស់នៅ​ធម្មតា​បច្ចុប្បន្ន។

 ការ​ប៉ះពាល់​នឹង​សារធាតុ​ពុល​អាសេនិច​អាច​ជា​មូលហេតុ​សម​ហេតុផល​មួយ ដែល​អាច​ជា​ត្រី​វិស័យ​ចង្អុល​បង្ហាញ​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ព្រះ​ចៅ​អធិរាជ​បារាំង​រូប​នេះ។ យ៉ាងណាមិញ វា​អាច​គ្រាន់តែ​ជា​ចំណែក​រួម​មួយ​ផ្នែក​ប៉ុណ្ណោះ ព្រោះ​បើ​យោង​តាម​ឯកសារ​ដែល​មាន​បន្សល់​ពី​គ្រូពេទ្យ​ប្រចាំ​គ្រួសារ​របស់ Napoleon គឺ Francesco Antommarchi បាន​បកស្រាយ​ថា​នៅ​រយៈពេល​៦​ឆ្នាំ​ចុងក្រោយ​នៃ​ជីវិត​របស់​ទ្រង់ គឺជា​ដំណាក់កាល​ដែល​សុខភាព​របស់​ទ្រង់​ទន់ខ្សោយ​ជា​ខ្លាំង មាន​ការ​ឈឺចាប់​ធ្ងន់ធ្ងរ​ក្នុង​ក្រពះ និង​អាការៈ​ក្អួត​ចង្អោរ បែក​ញើស​ពេល​យប់ និង​ទ្រុឌទ្រោម​បន្តិច​ម្ដងៗ។ វា​ជា​រោគ​សញ្ញា​ជំងឺ​ម្យ៉ាង​ដែល​សូម្បី​តែ​អ្នក​វិទ្យាសាស្ត្រ​បច្ចុប្បន្ន​ក៏​គាំទ្រ​ជាមួយ​គ្រូពេទ្យ Francesco ដែរ​នោះ​គឺជា មហារីក​ក្រពះ។

អ្នក​សិក្សា​ជំនាន់​ក្រោយ​ក៏​ពុំ​មែន​ចេះ​តែ​ជឿ​ដោយ​មិន​មាន​ការ​ពិសោធន៍​ជាក់ស្ដែង​នឹង​ភ្នែក​ផ្ទាល់​ដែរ ដូច្នេះ​ហើយ​នៅ​ក្នុង​សារព័ត៌មាន Nature Gastroenterology and Hepatology បាន​ធ្វើការ​ពិសោធន៍​ពិនិត្យ​មើល​សាកសព​របស់​ទ្រង់ ហើយ​អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​រៀបរាប់​ថា៖ "ក្រពះ​នេះ​ត្រូវ​បាន​ផ្ទុក​ទៅ​ដោយ​វត្ថុ​ពណ៌​ខ្មៅ​ម្យ៉ាង ដែល​ស្រដៀង​នឹង​ម្សៅ​កាហ្វេ ដែល​វា​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​មាន​ទម្ងន់​មួយ​ថា​មាន​ការ​ចេញ​ឈាម​នៅ​ផ្នែក​ខាងលើ​នៃ​ក្រពះ ដែល​អាច​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់"។ ការ​សិក្សា​មួយ​ជ្រុង​ទៀត​ដែល​បាន​បន្ថែម​ភស្តុតាង​ដែល​បញ្ជាក់​ថា​ការ​ស្លាប់​របស់​ទ្រង់​គឺ​មក​ពី​ជំងឺ​មហារីក​ក្រពះ​នេះ គឺ​មាន​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ទៀត​ជឿ​ថា​ខោ​របស់​បុរស​អាច​បញ្ជាក់​ពី​អាថ៌កំបាំង​ជាច្រើន។ ដូច្នេះ​ហើយ​ពួកគេ​ក៏​បាន​ទៅ​សារមន្ទីរ​អឺរ៉ុប​ដើម្បី​ប្រមូល​យក​ភស្តុតាង​នេះ​មក​សិក្សា​ស៊ីជម្រៅ​បន្ត។ ពួកគេ​ទទួល​បាន​ខោ​ចំនួន​១២​ដែល​ជា​របស់ Napoleon ដែល​ក្នុង​នោះ​មាន​៨​ដែល​ទ្រង់​បាន​ស្លៀក​វា​នៅ​អំឡុង​ពេល​រស់នៅ​ភៀស​ខ្លួន។ របាយការណ៍​របស់​អ្នក​ស្រាវជ្រាវ​ទាំងនោះ​បាន​បង្ហាញ​ថា ៦​ខែ​ចុងក្រោយ​នៃ​ជីវិត​របស់​ទ្រង់ សង្កេត​ឃើញ​ចង្កេះ​ខោ​បាន​រួម​ពី៤៣​អ៊ីញ​នៅ​សល់​៣៨​អ៊ីញ និង​ស្រក​អស់​៣០​ផោន​នៅ​អំឡុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ។ ភស្តុតាង​ពី​ការ​សិក្សា​ទាំងនេះ​បង្ហាញ​ពី​ទំនាក់ទំនង​ជាមួយ​ជំងឺ​មហារីក​ក្រពះ ដែល​មិន​ទាក់ទង​អ្វី​ឡើយ​ជាមួយ​រោគសញ្ញា​ពី​ការ​ពុល​ជាតិ​អាសេនិច៕

ដោយ៖ ស្រីពៅ

X
5s