អ៊ុយរ៉ាញ៉ូម ធាតុគីមីដែលនៅពីក្រោយគ្រាប់បែកអាតូមប្រល័យជីវិតប្រជាជនជប៉ុនជាង១សែននាក់
ត្រឡប់ថយក្រោយក្នុងឆ្នាំ១៩៤៥ នៅថ្ងៃទី៦ ខែសីហា គឺជាព្រឹត្តិការណ៍ដ៏សោកសង្រេងបំផុតមួយនៅក្នុងទីក្រុងពីររបស់ប្រទេសជប៉ុនគឺ ហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី ដែលបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១៤០,០០០នាក់ត្រឹមមួយពព្រិចភ្នែក ដោយទទួលរងឥទ្ធិពលដ៏កាចសាហាវពីជាតិវិទ្យុសកម្មរំភាយចេញពីគ្រាប់បែកអាតូម ដែលត្រូវបានទម្លាក់ដោយមហាអំណាចអាមេរិក ក្នុងសង្គ្រាមលោកលើកទី២។ គ្រប់គ្នាសុទ្ធតែមិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍មួយនេះ ប៉ុន្តែតើមានមនុស្សប៉ុន្មាននាក់ដែលដឹងពីអ្វីដែលនៅពីក្រោយគ្រាប់បែកបំផ្ទុះប្រល័យមនុស្សជាតិមួយនេះ ?
លោហៈពណ៌ប្រាក់ និងភ្លឺថ្លាម្យ៉ាង ដែលមានលេខ៩២ជាលេខអាតូមនៅក្នុងតារាងខួបនៃធាតុគីមី ត្រូវបានគីមីវិទូអាល្លឺម៉ង់ Martin Klaproth រកឃើញនៅក្នុងឆ្នាំ១៧៨៩។ នៅក្នុងគ្រប់រ៉ែខនិជទាំងអស់តែងតែមាននូវលោហៈធាតុវិទ្យុសកម្មមួយនេះ ដែលអ្នកវិទ្យាសាស្ត្រកាលនោះយល់ច្រឡំថាដែកនិងស័ង្កសីគឺជាធាតុផ្សំនៅក្នុងរ៉ែខនិជធម្មជាតិ។ យ៉ាងណាមិញ គីមីវិទូដែលត្រូវបានគេផ្ដល់កិត្តិយសក្នុងរបកគំហើញលោហៈធាតុពណ៌ប្រាក់នេះ សង្កេតហើយក៏ឈ្វេងយល់ថា លក្ខណៈគីមីរបស់រ៉ែខនិជមិនដូចទៅនឹងអ្វីដែលទាំងលក្ខណៈគីមីរបស់ដែកនិងស័ង្កសីមាននោះទេ ដែលជាធាតុគីមីផ្សេងទៅវិញ។ ហេតុនេះក៏នាំទៅរកការរកឃើញធាតុគីមីថ្មីមួយទៀត ដែលត្រូវបានលោកឲ្យឈ្មោះទៅតាមឈ្មោះភពអ៊ុយរ៉ានុសដែលទើបនឹងត្រូវបានរកឃើញប៉ុន្មានឆ្នាំមុននោះបន្តិច ដែលត្រូវបានគេស្គាល់ថា អ៊ុយរ៉ាញ៉ូម (Uranium) នេះឯង។
មុននឹងប្រវត្តិសាស្ត្រមនុស្សជាតិបើកភ្នែកធំៗទទួលស្គាល់ពីអានុភាពដ៏ខ្លាំងក្លារបស់អ៊ុយរ៉ាញ៉ូម ដែលជាប្រភពបង្កើតគ្រាប់បែកអាតូម បំផ្លាញជីវិតប្រជាជនជប៉ុនអស់យ៉ាងច្រើនអនេក ជាច្រើនសតវត្សបន្ទាប់ពីការរកឃើញរបស់លោក Martin Klaproth គេគ្រាន់តែប្រើប្រាស់វានៅក្នុងជីវិតសាមញ្ញប្រចាំថ្ងៃ នៅក្នុងការតុបតែងរចនាសំណង់ស្ថាបត្យកម្ម ប្រើប្រាស់ក្នុងអំពូលភ្លើង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដូចជា កែវនិងសេរ៉ាមិចតែប៉ុណ្ណោះ ក៏ដោយសារតែលក្ខណៈគីមីរបស់វាជាលោហៈធាតុដ៏សកម្មមួយ ដែលងាយចងសម្ព័ន្ធគីមីជាមួយធាតុដទៃដូចជា អុកស៊ីហ្សែន ស្ពាន់ធ័រ ក្លរ ភ្លុយអរ ហ្វូស្វ័រ និងប្រូម ដែលបង្កើតបានជាពណ៌លឿង និងបៃតង។ ទទួលរងជាតិវិទ្យុសកម្មដោយមិនដឹងខ្លួនជាច្រើនឆ្នាំរហូតមកដល់ឆ្នាំ១៨៩៦ ទើបជាតិវិទ្យុសកម្មត្រូវបានរកឃើញថាមាននៅក្នុងអ៊ុយរ៉ាញ៉ូម ក្រោយការស្រាវជ្រាវរបស់គីមីវិទូបារាំង ដើមកំណើតប៉ូឡូញ លោកស្រី Marie Curies។
គ្រប់អ៊ីសូតូបទាំងអស់របស់អ៊ុយរ៉ាញ៉ូមសុទ្ធតែជាវិទ្យុសកម្ម ដែលក្នុងនោះអ៊ីសូតូប៣ទម្រង់មានកើតឡើងនៅក្នុងធម្មជាតិ។ អ៊ីសូតូបគឺជាទម្រង់ផ្សេងៗគ្នារវាងអាតូមនីមួយៗនៃធាតុមួយ ហើយវាខុសគ្នាដោយសារចំនួនណឺត្រុង តែដូចគ្នានៅក្នុងចំនួនប្រូតុង។ អ៊ីសូតូបទាំង៣នោះមាន អ៊ុយរ៉ាញ៉ូម-២៣៤ អ៊ុយរ៉ាញ៉ូម-២៣៥ និងអ៊ុយរ៉ាញ៉ូម-២៣៨។ អ៊ុយរ៉ាញ៉ូម-២៣៨មានវត្តមានក្នុងធម្មជាតិច្រើនជាងគេបង្អស់រហូតដល់ទៅ៩៩.២៧៦% ប៉ុន្តែវាជាអ៊ីសូតូបខ្សោយបំផុតដែលមិនអាចបង្កើតឲ្យមានដំណើរការណ៍បំបែកនុយក្លេអ៊ែរ មានតែអ៊ីសូតូបដ៏កម្របំផុតនៅក្នុងធម្មជាតិដែលជា អ៊ុយរ៉ាញ៉ូម-២៣៥។ ដំណើរការណ៍បំបែកនុយក្លែអ៊ែរកើតឡើងនៅពេលណ្វៃយ៉ូរបស់អាតូមធំជាច្រើន បំបែកចេញពីគ្នា។ នៅពេលនោះអាតូមតូចៗជាច្រើន និងបរិមាណថាមពលដ៏ច្រើនត្រូវបានផលិតចេញមក ក្នុងដំណាក់កាលបំបែកនេះ ដែលជាលទ្ធផលនៃការបំផ្ទុះដូចមានក្នុងគ្រាប់បែកអាតូម និងអាវុធនុយក្លេអ៊ែរ។ ដោយឡែកដោយប្រើការគ្រប់គ្រងពីម៉ាស៊ីនប្រតិករ ថាមពលនុយក្លេអ៊ែរក្លាយជាប្រយោជន៍ដ៏សំខាន់មួយដែលមនុស្សជាតិអាចនឹងពិបាករស់នៅបើខ្វះវា នោះគឺការប្រើប្រាស់ផលិតផលនៃថាមពលទាំងនោះដើម្បីយកទៅដាំទឹក នៅពេលមានចំហាយរំភាយចេញមក គេក៏បម្លែងវាទៅជាអគ្គិសនី ដែលជាដំណើរការណ៍នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរជាង៤០០កន្លែងនៅជុំវិញពិភពលោក ដែលមានចំណែក១៧%នៅក្នុងផលិតផលអគ្គិសនីប្រើប្រាស់ទាំងអស់នេះឯង។ ចំណុចសំខាន់មួយទៀត នៅក្នុងទម្រង់ជាម្សៅ អ៊ុយរ៉ាញ៉ូមផ្ដល់នូវហានិភ័យក្នុងកម្រិតដ៏ខ្ពស់បំផុត ពីព្រោះជាមួយភ្លើងវាងាយនឹងមានប្រតិកម្មបំផុត៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ chemistryexplained & teachnuclear