តើអ្នកដឹងទេថា បច្ចុប្បន្នកាលរបស់អ្នកតាមពិតជាអតីតកាលត្រឡប់ថយក្រោយ៨០មីលីវិនាទី ?​



នៅ​ក្នុង​ឧទាហរណ៍​មួយ​ដកស្រង់​ចេញ​ពី​សៀវភៅ Incognito របស់​អ្នក​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ David Eagleman ដែល​បាន​បើក​កកាយ​អាថ៌កំបាំង​របស់​ខួរក្បាល និង​បកស្រាយ​ពី​ការ​ពិត​ដ៏​មិន​គួរ​ឲ្យ​នឹក​ស្មាន​ដល់​ជាច្រើន​អំពី​ម៉ាស៊ីន​ខួរក្បាល បាន​និយាយ​ពី​អ្នក​ដឹកនាំ​ទាហាន​ម៉ុងហ្គោល Kublai Khan (១២១៥​ដល់​១២៩៤) ដែល​បាន​សង្កេត​ឃើញ​ពី​ភាព​រីកចម្រើន​លូតលាស់​ជា​ខ្លាំង​នៅ​ក្នុង​ចក្រភព​របស់​គាត់ រហូត​ធ្វើឲ្យ​គាត់​មិន​ដឹង​ថា​តើ​ដែនដី​ចក្រភព​នេះ​មាន​អ្វីខ្លះ។ ដូច្នេះ​ក៏​បញ្ជា​ឲ្យ​បេសកជន​ជាច្រើន​នាក់ ធ្វើ​ដំណើរ​ទៅ​តាម​ទី​ឆ្ងាយ​ផ្សេងៗ​ពី​គ្នា និង​ប្រមូល​យក​ព័ត៌មាន​ត្រឡប់​មក​វិញ។ ការ​ពិត​ដែល​ថា​ចម្ងាយ​ផ្សេង​ពី​គ្នា ល្បឿន​ក្នុង​ការ​ធ្វើ​ដំណើរ​ក៏​មិន​ដូច​គ្នា ស្ថានភាព​ជួប​ប្រទះ​ជាក់ស្ដែង​ក្នុង​អំឡុង​ពេល​ទៅ​បំពេញ​បេសកកម្ម​របស់​បេសកជន​ម្នាក់ៗ​ក៏​មិន​ដូច​គ្នា​ទៀត ជាហេតុ​នាំឲ្យ​សារ​ទទួល​បាន​មក​វិញ​ត្រូវ​បញ្ជូន​មក​ក្នុង​ពេលវេលា​ខុស​ៗ​គ្នា​ដែរ។

Image result for brain

តើ​អ្នកដឹកនាំ Gublai Khan នឹង​អាច​ដឹង​ដូចម្ដេច​បាន​ថា​ព័ត៌មាន​ណា​នៅ​ក្នុង​លំដាប់​ណា ? ហេតុការណ៍​ណា​កើតឡើង​មុន ហើយ​ណា​ក្រោយ និង​ណា​បន្ទាប់ ? តាម​ពិត​ទៅ​ឧទាហរណ៍​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដែល​គួរ​យក​មក​សិក្សា​ពិចារណា​អ្វី​នោះ​ឡើយ ក៏​ប៉ុន្តែ​បើ​និយាយ​ក្នុង​អត្ថន័យ​ធៀប​ជាមួយ​នឹង​គ្រឿង​ម៉ាស៊ីន​ខួរក្បាល​ដ៏​អស្ចារ្យ​ទម្ងន់​៣​ផោន ដែល​ត្រូវ​បាន​ស្រោប​រុំ​ព័ទ្ធ​ដោយ​លលាដ៍ក្បាល ឧទាហរណ៍​ខាងលើ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ដំណើរការណ៍​ដ៏​ស្មុគស្មាញ និង​ខុស​ស្រឡះ​ពី​ការ​គិត​រំពឹង​ទុក​របស់​មនុស្សជាតិ​កន្លង​មក។

ភ្ញាក់ផ្អើល​ដែល​ទេ ប្រសិន​ជា​អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​ថា មនុស្ស​យើង​រាល់​គ្នា​រស់នៅ​នៅ​ក្នុង​អតីតកាល​របស់​ខ្លួន ប្រមាណ​៨០​មីលីវិនាទី​ក្នុង​អតីតកាល ? វា​ជា​ចំនួន​មួយ​ដ៏​តិចតួច​បំផុត ទើប​បាន​ជា​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​ថា​ទិន្នន័យ​ដែល​អ្នក​ទទួល​បាន​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​តាមរយៈ​ញាណ​ទាំង​៥​នេះ ពុំ​មែន​ជា​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​ផ្សាយ​ផ្ទាល់ ដូច​ដែល​យើង​ជឿ​នោះ​ទេ។ ម្យ៉ាងទៀត ការ​ដែល​អ្នក​ទទួល​ដឹង​ពេលវេលា​គ្រប់​នាទី​នេះ ក៏​មិន​ដូច​គ្នា​ទៅ​នឹង​ការ​ទទួល​ដឹង​ពេលវេលា​របស់​អ្នក​ផ្សេង​ទៀត​នោះ​ដែរ។ អ្វី​ដែល​អ្នក​យល់​ថា​ជា​ការ​ពិត វា​មិន​មែន​ពិត​ដូច​អ្វី​ដែល​អ្នក​គិត​នោះ​ឡើយ។

ហេតុអ្វី​នៅ​ក្នុង​ស្ថានភាព​ធុញទ្រាន់ អ្នក​យល់​ថា​ពេលវេលា​ដើរ​យឺត ផ្ទុយ​ពី​អារម្មណ៍​សប្បាយ​រីករាយ​ដែល​ពេលវេលា​ហាក់​ដូចជា​ដើរ​លឿន​ខុស​ពី​ធម្មតា? ពេលវេលា​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​ប៉ុណ្ណោះ។ ការ​ទទួល​ដឹង​ពេលវេលា​គឺជា​បទពិសោធន៍​ផ្ទាល់ខ្លួន​ផ្សេងៗ​គ្នា​របស់​បុគ្គល​ម្នាក់ៗ និង​ខុស​គ្នា​អាស្រ័យ​ទៅលើ​ស្ថានភាព​ផង​ដែរ។ នៅ​ក្នុង​ខួរក្បាល​យើង​មាន​នាឡិកា​ខាង​ក្នុង ដែល​បកស្រាយ​ថា​ហេតុអ្វី​បាន​ជា​យើង​អាច​ដឹង​ថា​ពេល​ណា​ដល់​ម៉ោង​ចូល​គេង និង​ភ្ញាក់​ពី​គេង​នេះ​ឯង។

ចុះ​តើ​ឧទាហរណ៍​អំពី​បេសកជន​នាំ​សារ​ទៅ​កាន់​អ្នកដឹកនាំ Gublai Khan វា​បកស្រាយ​ពី​ដំណើរការណ៍​ក្នុង​ការ​ទទួល​យក​ទិន្នន័យ​ពី​ខាងក្រៅ​យ៉ាង​ដូចម្ដេច​វិញ ? បេសកជន​នាំ​សារ​ជាច្រើន​នាក់ ប្រៀប​ដូចជា​អ្នក​ប្រមូល​ព័ត៌មាន​ឲ្យ​អ្នក​ដែល​ជា​ញាណ​ទាំង៥ ហើយ​ការ​ដែល​ទិន្នន័យ​ដែល​ទទួល​បាន​មក​ក្នុង​ពេលវេលា​ខុស​គ្នា​ដោយសារ​ស្ថានភាព​និង​ល្បឿន​ខុស​គ្នា​នេះ ក៏​ចង់​បង្ហាញ​ពី​ញាណ​ផ្សេង​ពី​គ្នា នាំ​សារ​មក​កាន់​ប្រព័ន្ធ​បញ្ជូន​ព័ត៌មាន​ទៅ​តាម​ល្បឿន​ខុស​ពី​គ្នា និង​អាស្រ័យ​ទៅ​តាម​រចនាសម្ព័ន្ធ​របស់​ណឺរ៉ូន​ក្នុង​ខួរក្បាល​ផ្សេង​ពី​គ្នា​ដែរ។ នេះ​មានន័យ​ថា អ្វី​ដែល​អ្នក​ទទួល​ដឹង​មុន មិន​ប្រាកដ​ថា​ក្នុង​ព្រឹត្តិការណ៍​ជាក់ស្ដែង​វា​ពិត​ថា​កើតឡើង​មុន​ដែរ​នោះ​ទេ ឬ​ក៏​កើត​ក្នុង​ដំណាក់​ពេល​ដូច​គ្នា​ដូច​ការ​ចាក់​ផ្សាយ​ផ្ទាល់​នោះ​ដែរ។

បន្ថែម​ពី​នេះ​ទៅ​ទៀត នៅ​ពេល​ខួរក្បាល​ទទួល​ទិន្នន័យ​ថ្មី​ពី​ញាណ​ខាងក្រៅ ដំបូង​ឡើយ​វា​ត្រូវ​ការ​ពេល​មួយ​ចំនួន​សម្រាប់​ដំណើរការណ៍​បញ្ចូល​ទិន្នន័យ​ថ្មី​នេះ ដែល​ធ្វើឲ្យ​អ្នក​ទទួល​អារម្មណ៍​ថា​ពេលវេលា​ដើរ​យូរ​នៅ​ពេល​ជួប​នឹង​សកម្មភាព​ថ្មី​មិន​ទាន់​ទម្លាប់​នេះ។ ដោយឡែក បើ​កាលណា​ទិន្នន័យ​មាន​ភាព​ស្រដៀង​គ្នា​នឹង​ទិន្នន័យ​ចាស់​របស់​អ្នក ខួរក្បាល​នឹង​ចំណាយ​ពេលវេលា​កាន់តែ​តិច​សម្រាប់​ដំណើរការណ៍​របស់​វា ដូច្នេះ​ពេលវេលា​នឹង​ហាក់​ដូចជា​ដើរ​លឿន​សម្រាប់​អ្នក។

សូម្បី​តែ​សតិ​ចាប់​អារម្មណ៍​របស់​អ្នក​ក៏​អាច​រួម​ចំណែក​បកស្រាយ​ថា​ពេលវេលា​គ្រាន់តែ​ជា​ផលិតផល​នៃ​ខួរក្បាល​របស់​អ្នក​ដែរ។ ឧទាហរណ៍​ថា មាន​គេ​ដាក់​បញ្ចាំង​រូបភាព​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ក្នុង​រយៈពេល​ដូច​គ្នា រួច​ក៏​ស្រាប់​តែ​មាន​រូបភាព​ថ្មី​មួយ​ចូល​មក​កាត់​ភ្នែក​អ្នក សតិ​ចាប់​អារម្មណ៍​របស់​អ្នក​នឹង​បង្ហាញ​វត្តមាន​មក​ភ្លាម ហើយ​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ថា​រូបភាព​ថ្មី​នេះ​ចំណាយ​ពេល​យូរ​ជាង​រូបភាព​មួយ​ទៀត​ដែល​បញ្ចាំង​ដដែល​ៗ​នោះ បើ​ទោះ​ជា​ការ​ពិត​រយៈពេល​ក្នុង​រូបភាព​នីមួយៗ​ដូច​គ្នា​ទាំងអស់​ក៏​ដោយ។ ពេលវេលា​ពិត​ជាក់ស្ដែង​នៅ​តែ​ស្មើ​គ្នា​មិន​ប្រែប្រួល ប៉ុន្តែ​ហេតុផល​នៅ​ត្រង់​ថា ញាណ​ទាំង​៥​ដែល​ដើរ​តួ​ជា​អ្នក​ប្រមូល​ព័ត៌មាន​យ៉ាង​ច្រើន រញ៉េរញ៉ៃ ឥត​សណ្ដាប់ធ្នាប់​ពី​ខាងក្រៅ​នាំ​ចូល​មក​កាន់​ខួរក្បាល​នេះ​ហើយ ទើប​បាន​ជា​ខួរក្បាល​ត្រូវ​ការ​ពេលវេលា​ដើម្បី​រៀបចំ​ព័ត៌មាន​ឲ្យ​មាន​របៀបរៀបរយ អ្វី​ដែល​គួរ​ទុក ហើយ​អ្វី​ដែល​គួរ​ជម្រុះ​ចោល ហើយ​ចុងក្រោយ​សតិ​សម្បជញ្ញៈ​របស់​អ្នក ដែល​ជា​អ្នក​នេះ​ហើយ ទទួល​ដឹង​តែ​ទិន្នន័យ​ណា​ដែល​សង្ខេប ចាំបាច់​សម្រាប់​សតិ​អ្នក​នេះ​តែ​ប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ eagleman & exactlywhatistime

X
5s